នៅក្នុងសន្និសីទរដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស កម្ពុជាបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ “វិទ្យាសាស្ត្រដែលបើកទូលាយ (Open Science)” និងត្រៀមខ្លួនចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសាកលសំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ និងវិបត្តិសុខភាពសាធារណៈជាដើម។
ក្នុងបទអន្តរាគមន៍សម្រាប់អង្គសន្និសីទនៃមេដឹកនាំ និងអ្នករៀបចំគោលនយោបាយផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើសក្តានុពលបរិវត្តកម្មនៃវិទ្យាសាស្ត្រដែលបើកទូលាយ ដែលជាកាតាលីករជំរុញវឌ្ឍនភាព និងអាចជួយឱ្យប្រទេសនានា ដោះស្រាយបញ្ហាស្មុគស្មាញបានកាន់តែមានប្រសិទ្ធភាព។
វិទ្យាសាស្ត្រដែលបើកទូលាយរួមបញ្ចូលការចែករំលែកដោយទូលំទូលាយនូវការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ទិន្នន័យ និងរបកគំហើញនានា ជាមួយសាធារណៈជន ដែលជំរុញឱ្យមានតម្លាភាព កិច្ចសហប្រតិបត្តិការ និងភាពងាយស្រួលក្នុងការប្រើប្រាស់ធនធានទាំងនោះ នៅក្នុងចំណោមសហគមន៍វិទ្យាសាស្ត្រ។ សារៈសំខាន់នៃវិទ្យាសាស្ត្រដែលបើកទូលាយរួមមានទាំងការពន្លឿននវានុវត្តន៍ ការដោះស្រាយបញ្ហាសាកល ការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការជំរុញការអប់រំនិងអក្ខរកម្ម ការបង្កើនទំនុកចិត្ត និងការចូលរួមរបស់សាធារណៈជន ព្រមទាំងការពង្រីកអត្ថប្រយោជន៍នៃការស្រាវជ្រាវជាដើម។
ថ្លែងទៅកាន់អង្គសន្និសីទ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ភាគីពាក់ព័ន្ធ រួមទាំងអ្នកវិទ្យាសាស្ត្រ អ្នករៀបចំគោលនយោបាយ អ្នកអប់រំ និងប្រជាពលរដ្ឋឱ្យចូលរួមសហការគ្នាក្នុងការជំរុញគំនិតផ្តួចផ្តើមវិទ្យាសាស្ត្រដែលបើកទូលាយនេះ។
ឯកឧត្តមបានលើកឡើងថា៖"សូមឱ្យយើងធ្វើការរួមគ្នាដើម្បីបង្កើតអនាគតមួយដែលវិទ្យាសាស្ត្របម្រើជាប្រយោជន៍សាធារណៈ ដែលអាចប្រើប្រាស់បានសម្រាប់ទាំងអស់គ្នា និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសាកល"។
ឯកឧត្តមបានជម្រាបជូនពីរបៀបវារៈនៃបរិវត្តកម្មបច្ចេកវិទ្យារបស់កម្ពុជា ដោយសង្កត់ធ្ងន់លើដំណើរនៃ ការបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមទាំងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាតាមវិស័យ រាប់ទាំងពីផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ រហូតដល់ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាបៃតង ដើម្បីចាប់យកសក្តានុពលនៃវិស័យនីមួយៗ។
ឯកឧត្តមក៏បានចែករំលែកទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានមូលដ្ឋាននៅក្នុងគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ រួមជាមួយនឹងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបច្ចប្បន្ន ដូចជាការរៀបចំអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ ( R&D) និងសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ក្នុងគោលដៅបង្កើតបរិយាកាសអំណោយផលសម្រាប់នវានុវត្តន៍ និងវឌ្ឍនភាពសង្គម។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍