អនុសាសន៍សម្តេច
  • Home
  • អនុសាសន៍សម្តេច

អនុសាសន៍សម្តេច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ប្រាប់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» គឺមិនមានចរិតបង្ខំឱ្យប្រជាពលរដ្ឋដែលប្រកបអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមចុះបញ្ជីឡើយ ប៉ុន្តែលើកទឹកចិត្តឱ្យពួកគាត់ចូលរួមចុះបញ្ជីដោយស្ម័គ្រចិត្ត ដើម្បីរាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ ហើយផ្ដល់ការគាំពារចំគោលដៅ និងទាន់ពេលវេលាក្នុងពេលជួបការលំបាកផ្សេងៗ។

 

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ការចុះបញ្ជីមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ គឺដើម្បីឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់ ងាយស្រួលក្នុងការដាក់ចេញនូវគោលនយោបាយជួយគាំពារឱ្យបានទាន់ពេលវេលា និងចំគោលដៅ ពិសេសក្នុងគ្រាលំបាក ព្រោះប្រជាពលរដ្ឋកម្ពុជាបានជួបការលំបាកដូចនៅពេលកូវីដ១៩រួចមកហើយ ហើយតទៅមុខទៀតក៏អាចមានអតិផរណាសេដ្ឋកិច្ច និងបញ្ហាផ្សេងៗ ដូច្នេះរាជរដ្ឋាភិបាលនឹងកាន់តែងាយស្រួលក្នុងការជួយគាំពារប្រជាពលរដ្ឋដែលប្រកបអាជីវកម្មនានា។

 

យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានគោលការណ៍លើកទឹកចិត្ត និងអនុគ្រោះធំៗដល់ទៅ៩ចំណុចចំពោះម្ចាស់សហគ្រាសធុនតូច មធ្យម និងមីក្រូ ប្រសិនបើពួកគាត់ស្ម័គ្រចិត្តចុះបញ្ជីក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ក្នុងនោះរួមមាន៖

ទី១. ផ្ដល់ការលើកលែងការផាកពិន័យនិងបំណុលទាំងអស់នៅក្នុងឆ្នាំ២០២៣-២០២៨ ចំពោះសហគ្រាសមីក្រូ ធុនតូចនិងមធ្យម តាមរយៈការមិនបានបំពេញអនុលោមភាពកន្លងមក។

ទី២. ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៣-២០២៨ តាមរយៈលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព។

ទី៣. ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៣-២០២៨ តាមរយៈ៖ ១-ការលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី ២-លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និង៣-ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំក្រោយការចុះបញ្ជី។

ទី៤. ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈ៖ ១-ការលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និង២-លើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំក្រោមការចុះបញ្ជី។

ទី៥. ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល២ឆ្នាំបន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី។

ទី៦. កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្ដល់សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជីកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាសដែលមានកម្មករនិយោជិតតិចជាង៨នាក់។

ទី៧. ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួងនៅថ្នាក់ជាតិ ដើម្បីធានាកាចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងពេលមួយឆ្នាំ (មិនចុះច្រើនលើកឡើយ)។

ទី៨. រៀបចំការត្រួតពិនិត្យនិងការធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ និងតែមួយលើកក្នុងពេលមួយឆ្នាំនៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណឬលិខិតអនុញ្ញាតផ្សេងៗ។

ទី៩. រៀបចំបង្កើតបទដ្ឋានគតិយុត្តក្របខណ្ឌ និងយន្តការដែលផ្ដល់ស្ថានភាពស្របច្បាប់ជាសហគ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានាសម្រាប់រយៈពេល៥ឆ្នាំជាដើម។