រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ត្រូវបាន​សម្ពោធដាក់​ឱ្យប្រើប្រាស់ ដោយបង្កើនសមត្ថភាពផលិត​​ជិត២ដង

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ត្រូវបាន​សម្ពោធដាក់​ឱ្យប្រើប្រាស់ ដោយបង្កើនសមត្ថភាពផលិត​​ជិត២ដង

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នៅថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ២០២៣ ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់​ជិត​២​ដង។

ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម UENO ATSUSHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដែល​បង្ហាញ​ពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងជប៉ុន ដើម្បីដោះស្រាយកំណើននៃ​តម្រូវ​​ការ​ទឹកស្អាតនៅក្នុងខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតជប៉ុនប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ទីភ្នាក់ងារ JICA រដ្ឋបាលក្រុង Kitakyushu រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរ​មូលដ្ឋាន ទីប្រឹក្សា​​បច្ចេកទេស ក្រុមហ៊ុនសំណង់ និងប្រជាពលរដ្ឋ សរុបប្រមាណ៦៥០នាក់។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យទឹកស្អាត។

ឯកឧត្តមបានលើកឡើងថា៖ នេះជារោងចក្រផលិតទឹកស្អាតទី៣ ក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋា​ភិបាល​ជប៉ុនដែលត្រូវបានសម្ពោធ​ដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរោងចក្រផលិតទឹក​ស្អាតថ្មីជ្រាវសៀមរាប និងរោងចក្រផលិតទឹកស្អាតស្ទឹងសែនទី២ ក្នុងខេត្តកំពង់ធំ។ ខណៈ​យើងប្រារព​ខួបលើកទី៧០នៃទំនាក់ទំនងកាទូតដ៏រឹងមាំ និងរស់រវើករវាងកម្ពុជា និងជប៉ុនឆ្នាំ២០២៣ក៏បង្ហាញនូវសមិទ្ធ​ផល​ជាច្រើននៃទំនាក់ទំនងនេះផងដែរ។​”

ទន្ទឹមនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការទឹកស្អាតក្នុងខេត្តពោធិ៍សាត់មានការកើនឡើងជាលំដាប់។ រដ្ឋាករទឹកស្វយ័តពោធិ៍សាត់ ដែល​ជា​​ស្ថាប័នរដ្ឋទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្ត បានឆ្លើយតបទៅនឹង​កំណើន​នៃ​តម្រូវការនេះ ដោយបង្កើន​សមត្ថភាពផលិតទឹកស្អាតរបស់ខ្លួន តាមរយៈ​ការសម្ពោធដាក់ឱ្យប្រើប្រាស់​រោង​ចក្រផលិតទឹកស្អាតថ្មី​នេះ។

ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក្នុងចំនួនទឹកប្រាក់សរុប .៤០៥ លានយ៉េន (ប្រហែល ២២, លានដុល្លារអាមេរិក) គម្រោងនេះប្រើពេលសាងសង់ចំនួន ២៤ ខែ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣ ដោយរួមមានរោងចក្រផលិតទឹកស្អាត និងអគារ​រដ្ឋបាលមួយ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត​ក្នុងខេត្តពោធិ៍សាត់ជារួម។

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ដែលមានសមត្ថភាពផលិត ៦.៦០០ម៉ែត្រគូប/ថ្ងៃ នឹងជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣.៨៦០ម៉ែត្រគូប/ថ្ងៃ។ ជាមួយ​នឹង​បណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយ​ទឹកស្អាត​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០ គ្រួសារ នៅក្នុង​ក្រុង​ពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។

សមិទ្ធផលដ៏សំខាន់នេះមិនត្រឹមតែដោះស្រាយតម្រូវការទឹកស្អាតបន្ទាន់របស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏គាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់កម្ពុជាផងដែរ។ ជាមួយនឹងសមិទ្ធ​ផល​នេះ ខេត្តពោធិ៍សាត់ក៏នឹងមានលក្ខណៈសម្បត្តិកាន់តែប្រសើរក្នុងការទាក់ទាញការវិនិយោគបន្ថែម ដែលរួម​ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។