ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី
សន្ទរកថាទាំងស្រុងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី នៅ
ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
- សូមក្រាបថ្វាយបង្គំ ព្រះមណ្ឌលលានុរក្ខ័ ពេជ្រ សុភ័ក្រ ព្រះបាឡាតគណខេត្ត និងព្រះថេរា នុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
សូមគោរព
- ឯកឧត្តម ម៉ែន ងុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី
- ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី
- ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស តំណាងមកពីស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជន
- លោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី ជាទីនឹករលឹក ស្រឡាញ់រាប់អាន!
• ថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយ ដែលខ្ញុំព្រះករុណាខ្ញុំបានដឹកនាំប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មកបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរីជាថ្មីម្តងទៀត ដើម្បីធ្វើជា អធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាពណាស់ ដោយបានឃើញ ដោយផ្ទាល់នូវការរីកចម្រើន ប្រែប្រួលមុខមាត់ថ្មីរបស់ខេត្ត ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
• ក្នុងឱកាសនៃការជួបជុំក្នុងអង្គពិធីនាពេលនេះ ខ្ញុំព្រះករុណាខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយនិងប្រគេនចំពោះព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីគោរពសក្ការៈ, ផ្ញើជូនចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងបណ្តាអង្គភាពគ្រប់ លំដាប់ថ្នាក់, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ រក្សាការពារបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងជំរុញការ អភិវឌ្ឍ សេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។ ពិសេសថែមទៀត បានចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការពារបានល្អ នូវការឆ្លងរាលដាលនៃ ជំងឺសកលកូវីដ-១៩(COVID-19) ដោយគ្មានការឆ្លងក្នុងសហគមន៍នោះឡើយ។ ការគ្រប់គ្រង ដោះស្រាយសភាពការណ៍បញ្ហាឆ្លងជំងឺកូវីដ-១៩បានល្អដូច្នេះ គឺជាការរួមចំណែកធំណាស់ក្នុងការ បញ្ចៀសបញ្ហាប្រឈម និងផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងជីវភាពសង្គមជាតិ ក៏ដូចជាជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង។
• កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងវិធានការដ៏មុតស្រួចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងធ្វើឱ្យបណ្តាប្រទេសនៅលើសកលលោកចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃ ការគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។
• បញ្ហាប្រឈមនឹងជំងឺឆ្លង កូវីដ-១៩ នៅកម្ពុជា បានឆ្លងកាត់ដំណាក់កាលធំៗ៣ រួចហើយ គឺ (ទី១) ការចាប់ផ្តើមដំបូងមុនចូលឆ្នាំខ្មែរ២០២០ (ទី២)ព្រឹត្តការណ៍ថ្ងៃ៣ វិច្ឆិកា (ទី៣)ព្រឹត្តការណ៍ចាប់ផ្តើម ឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា, ហើយចំពោះមុខនេះ នៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ទប់ស្កាត់និងការគ្រប់គ្រងការពារករណីឆ្លងចូលសហគមន៍ តាមរយៈកម្មករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងពេលដែលប្រទេសថៃក៏កំពុងកើតឡេីងការឆ្លងក្នុងសហគមន៍ខេត្តសាមុតសាខន និងតំបន់ ដទៃទៀត រហូតដល់ក្រុងបាងកកផងដែរ។
• សម្តេចតេជោ បានបញ្ជាដឹកនាំយ៉ាងហ្មត់ចត់ ប្រាកដប្រជា ឈ្លាសវៃ និងគ្រប់គ្រងបានល្អនូវ សភាពការណ៍ទាំងនេះ រហូតដល់ក្លាយជាប្រទេសឈរនៅលំដាប់ខ្ពស់ក្នុងពិភពលោក ដែលអាច គ្រប់គ្រងស្ថានការណ៍ជំងឺឆ្លងសកលកូវីដ-១៩ នេះបានល្អ។ អង្គការសុខភាពពិភពលោក (WHO) ក៏ បានកោតសរសើរចំពោះការដឹកនាំ និងការចាត់ចែងអនុវត្តវិធានការយ៉ាងមានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជាដែរ។ • ខ្ញុំព្រះករុណាខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមទាំងកិច្ចសហការពួតដៃគ្នាជាធ្លុងមហាសាមគ្គីរបស់មន្ទីរ អង្គភាពជំនាញនានា, រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់, កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៃខេត្តមណ្ឌលគិរីទាំងមូល បង្កើតជាកម្លាំងសរុបដ៏មានប្រសិទ្ធភាព សម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យទូទាំងខេត្ត និងបានខិតខំដោះស្រាយបញ្ហានានាឆ្លើយតប ទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ និងការផ្តល់សេវារដ្ឋបាលនានា ដែលត្រូវបានកែទម្រង់ជាបន្តបន្ទាប់ និងរំកិលកាន់តែកៀកជិតទៅដល់ថ្នាក់មូលដ្ឋានឃុំ សង្កាត់ និង ស្រុក ក្រុង។
• ជាមួយនឹងភូមិសាស្ត្រអំណោយផលខាងដំណាំកសិកម្ម និងដោយសារជាខេត្តមួយដែលរាជរដ្ឋាភិបាល បានដាក់បញ្ចូលនៅក្នុង «គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តកែប-មណ្ឌលគិរី» ខ្ញុំព្រះករុណាខ្ញុំ សូមគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ខិតខំពង្រីកសក្តានុពលផលិតផលកសិ-ឧស្សាហកម្ម ដើម្បីអាចនាំទៅកាន់ទីផ្សាររបស់យើងនៅក្រៅប្រទេស រាប់ទាំងទីផ្សារវៀតណាមដែលនៅជិតខាងនេះ និងទីផ្សារធំរបស់យើងនៅប្រទេសចិន ក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីដែលនឹងកើតមានឡើង។
• ក្រៅពីនេះ ត្រូវបន្តខិតខំទាក់ទាញការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស។ ចំពោះការទាក់ទាញការវិនិយោគ ពិតណាស់គឺត្រូវផ្សារភ្ជាប់ទៅនឹងការណ៍ដែលយើងចេះពង្រីកកិច្ចទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានធុរជន, ចេះបង្កលក្ខណៈងាយស្រួលដល់គេ ទាំងសេវាលិខិតស្នាម និងទាំងការ ការពារសន្តិសុខ សុវត្ថិភាព។
• ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ នៅវិមាន សន្តិភាព ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២០, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកកម្ពស់ ការធ្វើឌីជីថលូបនីយកម្ម ទាំង ក្នុងវិស័យផលិតកម្ម, ឧស្សាហកម្ម, សេវាកម្ម និងរដ្ឋាភិបាល ឌីជីថល (Digital Government)។ កម្ពុជានឹងដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល នាពេលឆាប់ៗខាង មុខនេះ។ ក្នុងនោះ មានវិធានការមុតស្រួច (១)ការដាក់ឱ្យអនុវត្តនូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ៨ថ្ងៃប៉ុណ្ណោះ ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម (២) បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានចាប់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ និង(៣)ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។
• ប៉ុន្តែកត្តាសំខាន់បំផុតគឺ សុខសន្តិភាព ដែលបានផ្តល់លទ្ធភាព និងកាលានុវត្តភាពសម្រាប់ជាតិយើង ក៏ដូចជាខេត្តយើង ដែលអាចធ្វើការអភិវឌ្ឍបានលឿន ហើយបានកែប្រែជីវភាពរស់នៅរបស់ប្រជាជន យើងយ៉ាងពិតប្រាកដ។ ដូចនេះ ស្មារតី «អរគុណសន្តិភាព» «អរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន» ដែលជាអ្នកនាំមកនូវសន្តិភាពជូនប្រទេសជាតិ គឺជាស្មារតី អមតៈដែលកំពុងចាក់ជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា។
- ព្រះថេរានុត្ថេរៈ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់!
- គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកានៃអង្គពិធីទាំងមូលជាទីមេត្រី!
• បន្ថែមលើសមិទ្ធផលថ្មីរបស់ខេត្ត, ថ្ងៃនេះ យើងមានក្តីសោមនស្សរីករាយ ដោយបានប្រារព្ធពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តមណ្ឌលគិរី ដែលបានកើតជារូបរាងឡើងថ្មីស្រឡាង ក្រោមគម្រោងថវិការដ្ឋ និងដោយ មានការគាំទ្រពីក្រសួងទាំង២គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លទ្ធផលនេះ ក៏បង្ហាញពីការខិតខំដោយផ្ទាល់របស់លោកប្រធានមន្ទីរ ព្រមទាំងសហការីក្រោមឱវាទ ជាមួយនឹងការគាំទ្រ សម្របសម្រួលយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ទីរជំនាញពាក់ព័ន្ធនៅទីនេះ ដែលញ៉ាំងឱ្យសំណង់អគារបានបញ្ចប់ទៅដោយរលូនល្អ។
• អគាររដ្ឋបាលថ្មីនេះ ពិតជាបានដោះស្រាយការលំបាកកន្លងទៅរបស់មន្ត្រីរាជការយើង ដែលខ្ញុំ ព្រះករុណា ខ្ញុំព្រះករុណាខ្ញុំនៅចាំបានថា ពេលដែលចាប់ផ្តើមបំបែកមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ទៅជា២មន្ទីរ គឺមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីររ៉ែ និងថាមពល កាលពីឆ្នាំ២០១៤ គឺមន្ត្រី របស់យើងបានធ្វើការជាបណ្តោះអាសន្ននៅទីតាំងជួលរបស់ឯកជន។ ប៉ុន្តែមន្ត្រីរបស់យើង នៅតែធានា បានដំណើរការការងារជាធម្មតាហើយសម្រេចលទ្ធផលល្អ មិនចាញ់អ្នកមានអគារធ្វើការធំស្អាតនោះទេ។ ចំណុចនេះបង្ហាញថា ឆន្ទៈទៅវិញទេជាកត្តាកំណត់សម្រេចជោគជ័យ ដោយមិនមែនចំណុះលើកត្តា អគារធ្វើការទំនើបល្អ ឬមិនទំនើបល្អនោះឡើយ។ • អគារធ្វើការថ្មីនេះ គឺជាសក្ខីភាពមួយផងដែរនៃការរីកចម្រើនរបស់ខេត្ត ហើយក៏ជាទីកន្លែងដ៏សមរម្យ សម្រាប់ជួបប្រាស្រ័យទាក់ទង ធ្វើការជាមួយសាធារណជន ធុរជន និងអាជីវករ ផលិតករនានា ដែល ត្រូវការចាំបាច់សេវាសាធារណនៅទីនេះ និងក៏ជាកន្លែងបណ្តុះបណ្តាលបន្ថែមចំណេះដឹង មុខជំនាញ ការផ្សព្វផ្សាយណែនាំអំពីអត្ថបទច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ ដែលអាចធ្វើបាននៅទីនេះ តាមរយៈ កិច្ចប្រជុំ ឬវគ្គសិក្សា សិក្ខាសាលា ជាដើម។ មិនតែប៉ុណ្ណោះ ការដាក់សម្ពោធអគាររដ្ឋបាលថ្មីនេះ គឺ សមស្របណាស់ទៅនឹងដំណាក់កាលដែលមន្ទីរទាំង២៥រាជធានី ខេត្ត ត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធថ្មី របស់ខ្លួន ពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មកជា មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ហើយការិយាល័យថ្មីដែលទទួលបន្ទុកការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ត្រូវ បានបង្កើតបន្ថែមដែរ។ ប៉ុន្តែ បញ្ហាធនធានមនុស្សនៅតែជាចំណោទខ្លាំងនៅឡើយ ទាំងនៅថ្នាក់មន្ទីរ និងថ្នាក់ក្រសួង ដែលយើងនឹងខិតខំជម្នះដោះស្រាយជាបន្តបន្ទាប់ទៀត។
• មុននេះបន្តិច អង្គពិធីរបស់យើងបានស្តាប់រួចហើយនូវរបាយការណ៍សង្ខេបរបស់ លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងការថ្លែងមតិស្វាគមន៍របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមុននេះ, ដែលខ្ញុំព្រះករុណាខ្ញុំជឿថា អ្នកចូលរួមទាំងអស់ បានជ្រាបច្បាស់ហើយពីអ្វីដែលជាលទ្ធផលស្នាដៃរបស់រដ្ឋបាលខេត្តសម្រេចបានកន្លងមក ហើយដែល ក្នុងនោះ ក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់មន្ទីរ និងខេត្ត ក្នុងការរួមចំណែកជំរុញ ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខេត្ត។
• ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះ ធ្វើការណែនាំ និងផ្តាំផ្ញើបន្ថែមដូចខាងក្រោម ៖
ទី១-តាមច្បាប់ស្តីពីការបង្កើតក្រសួង (MISTI) បានចែងថា «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា»។ នៅក្នុងនេះ គឺមានវិស័យចំនួន៦ ជាវិស័យចម្បង។ ហេតុដូចនេះ ជាការចាំបាច់ ដែលមន្ទីរត្រូវកែប្រែរបៀបរបប ធ្វើការ និងពង្រឹងការងារធនធានមនុស្ស ឱ្យស្របទៅនឹងរបត់នៃកំណែទម្រង់ការងារ និងរចនាសម្ព័ន្ធ ថ្មីរបស់ក្រសួង និងរបស់មន្ទីរ ដែលត្រូវបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តរួចហើយ។
ទី២-បន្តជំរុញសកម្មភាពគាំទ្រ និងលើកស្ទួយសមត្ថភាពផ្នែកឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម ក្នុងខេត្តឱ្យមានដំណើរការជាធម្មតា មិនប្រឈមនឹងការបិទទ្វារ ឬផ្អាកដំណើរការ ដោយរដ្ឋបាលខេត្ត រួមទាំងមន្ទីរ អង្គភាពនានាជុំវិញខេត្ត គួរមានវេទិកាជួបប្រាស្រ័យទាក់ទងគ្នាជាមួយផ្នែកឯកជនក្នុងខេត្ត ដើម្បីមានលទ្ធភាពពិភាក្សារួមគ្នា គិតគូរដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលជូនដល់ផ្នែក ឯកជន និងធុរជន។ ករណីនេះ កាន់តែមានភាពចាំបាច់ក្នុងពេលដែលយើងកំពុងទ្រទ្រង់សេដ្ឋកិច្ចយើង ដោយការបង្កើនផលិតកម្មក្នុងស្រុក ជំនួសឱ្យការនាំចូលពីប្រទេសនានា ក្នុងពេលជួបវិបត្តិកូវីដ-១៩។ (ខ្ញុំព្រះករុណាខ្ញុំតែងតែលើកឡើងជានិច្ចថា សេដ្ឋកិច្ចរបស់រដ្ឋត្រូវការណាស់នូវការចូលរួមរបស់ឯកជន ដូច្នេះ នៅគ្រប់កាលៈទេសៈ ត្រូវជួយឱ្យវិស័យឯកជនមានការរស់រាននិងរឹងមាំ ហើយចៀសវាងទង្វើ ប៉ះដៃយកដៃ ប៉ះជើងយកជើង ក្នុងការអនុវត្តច្បាប់)ទី៣- លើកកម្ពស់ និងជួយតម្រង់ទិសដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ព្រមជាមួយនឹងការកែ លម្អបរិស្ថាននិយ័តកម្ម ដើម្បីពង្រីកភាពប្រកួតប្រជែង។ បន្តចូលរួមអនុវត្តវិធានការកំណែទម្រង់ថ្មីៗ ទាក់ទងនឹងការធ្វើប្រតិភូកម្មអំណាចជូនដល់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការគ្រប់គ្រងមូលដ្ឋាន សហគ្រាស រោងចក្រ ឧស្សាហកម្ម សិប្បកម្មគ្រប់ប្រភេទ តាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
(កាលពីដើមខែកក្កដា ឆ្នាំ២០២០កន្លងទៅ អន្តរក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំចំនួន២ គឺ៖ (១)សេចក្តីណែនាំអន្តរក្រសួង ស្តីពីនីតិវិធីនៃការចុះបញ្ជីសិប្បកម្មដែលមានដើមទុនសមមូលលើសពី ៨០លានរៀល ដល់ ២០០លាន រៀល និងគ្មានហានិភ័យ និង(២)សេចក្តីណែនាំអន្តរក្រសួង ស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាល ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ)
ដូច្នេះ មន្ទីរ និងរដ្ឋបាលថ្នាក់ស្រុក ក្រុង ខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត អនុវត្តតាម គោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាព។ទី៤-មន្ទីរ និងបណ្តាច្រកចេញចូលតែមួយនៅក្រុង ស្រុក ខេត្ត ត្រូវរៀនសូត្រ បង្កើនចំណេះដឹងថែមទៀត ក្នុងការចាប់ផ្តើមអនុវត្តទម្រង់បែបបទមួយចំនួន តាមរបៀបប្រព័ន្ធអនឡាញ (Online Networks) រាប់ទាំងពីការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម និងរោងចក្រសហគ្រាស ដើម្បីអាចដើរទន្ទឹមគ្នា នឹងការចុះបញ្ជីពន្ធដារតាមប្រព័ន្ធអនឡាញ ហើយក៏អាចភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃផងដែរ។ទស្សនទានរបស់យើង គឺចង់ឱ្យសហគ្រាសទាំងអស់នោះ ចូលមកនៅក្នុងរង្វង់ច្បាប់ ដើម្បី មិនត្រឹមតែក្នុងគោលដៅគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺការជួយអភិវឌ្ឍន៍សហគ្រាស និង ចូលរួមជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលម្ចាស់សហគ្រាសទាំងនោះជួបប្រទះ តាមរយៈ ការផ្តល់សេវាសាធារណៈប្រកបដោយភាពឆាប់រហ័ស តម្លាភាព និងការជឿទុកចិត្ត។ ជាពិសេស ផ្នែកសិប្បកម្មតូចតាច ត្រូវជួយបង្កលទ្ធភាពឱ្យគេអាចកែលម្អផលិតកម្ម និងត្រូវជួយឱ្យគេរឹងដៃរឹង ជើងសិន, ហើយដើម្បីផ្តើមចេញពីនេះ នឹងជំរុញឱ្យគេអាចប្រែក្លាយខ្លួនទៅជាសហគ្រាសកម្មន្តសាល ខ្នាតតូចនិងមធ្យមនាពេលអនាគត។
ទី៥-ត្រូវពង្រឹងការអនុវត្តស្តង់ដារផលិតផល ដើម្បីភាពរឹងមាំនៃមូលដ្ឋានផលិតកម្ម និងដោះស្រាយការ ប្រឈមជាមួយនឹងទំនិញនាំចូលពីបរទេស។ ពង្រឹងការអនុវត្តការត្រួតពិនិត្យឧបករណ៍មាត្រាសាស្ត្រ ដើម្បីការពារអ្នកប្រើប្រាស់ និងតុល្យភាពផលប្រយោជន៍រវាងធុរជន និងអតិថិជនជាប្រជាពលរដ្ឋ។ទី៦-ក្នុងអាណត្តិទី៦នេះ វិស័យផ្គត់ផ្គង់ទឹកស្អាតគឺជាវិស័យអាទិភាពខ្ពស់របស់ក្រសួង។ ដូចនេះ ត្រូវរួមគ្នា ខិតខំសម្រេចឱ្យបានគោលបំណង «គោលនយោបាយទឹកស្អាត របស់សម្តេចតេជោ» ជាពិសេស ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ អនុវត្តទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់គឺ «ពង្រីកវិសាលភាពនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈ ការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើ បុរេលក្ខខណ្ឌបួនយ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ»។ តាមរយៈការដាក់ចេញគោលនយោបាយនេះ នឹងនាំទៅដល់សុខដុមភាពនៃការរីកលូតលាស់របស់ សង្គម សេដ្ឋកិច្ចជាតិផង។ ក្នុងន័យនេះ ត្រូវបន្តយកចិត្តទុកដាក់ការស្តារ ពង្រីក និងកសាងប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតនៅតាមទីប្រជុំជន និងជនបទបន្ថែមទៀត (ទាំងផ្នែករដ្ឋ និងផ្នែកឯកជន គឺ ត្រូវចូលរួមអភិវឌ្ឍន៍ព្រមគ្នា) ដោយមិនផ្តោតតែលើទីប្រជុំជនសុទ្ធសាធនោះទេ សំដៅពង្រីកផ្ទៃសេវា គ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាត។
ជាមួយគ្នានេះ ខ្ញុំព្រះករុណាខ្ញុំស្នើដល់រដ្ឋបាលខេត្ត និងក្រុង ស្រុក គិតគូរបម្រុងទុកជាអាទិភាព នូវការដោះស្រាយបញ្ហាប្រភពទឹកឆៅ សម្រាប់យកមកប្រើប្រាស់ក្នុងការផលិត និងផ្គង់ផ្គង់ទឹកស្អាត។ ពីព្រោះថា បើសិនគ្មានទឹកស្អាត នោះការអភិវឌ្ឍមូលដ្ឋានរបស់យើង និងការកែលម្អជីវភាពរស់នៅ របស់ប្រជាជន នឹងជួបឧបសគ្គ។
• មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំសូមអរគុណចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ លើកទឹកចិត្ត និងសហការអនុវត្តគ្រប់សកម្មភាព ការងាររបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី ឱ្យសម្រេចបានជោគជ័យ។ ខ្ញុំព្រះករុណាខ្ញុំសូមផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រី្តរាជការមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី សូមប្រើប្រាស់អគារថ្មីនេះ ដោយក្តីស្រឡាញ់ដូចជារបស់ ផ្ទាល់ខ្លួន ហើយយកចិត្តទុកដាក់ថែរក្សា ការពារឱ្យបានហ្មត់ចត់ ជាគុណប្រយោជន៍ក្នុងបុព្វហេតុបម្រើ ជាតិ និងប្រជាជន និងត្រូវបន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ចំណេះដឹង មនសិការទទួលខុសត្រូវ និងឆន្ទៈម្ចាស់ការ ក្នុងការបំពេញការងារ។
• ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២១ ដែលនឹងខិតមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខ្ញុំព្រះករុណាសូមថ្វាយនិងប្រគេនពរចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមមាន ព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់នៃពុទ្ធបរិស័ទជិតឆ្ងាយ និងទ្រទ្រង់ដល់ព្រះពុទ្ធ សាសនា។ ខ្ញុំសូមជូនពរគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសមាជិក សមាជិកានៃអង្គពិធីទាំងមូល សូមមានសុខភាពល្អបរិបូរណ៌ និងសម្រេចជោគជ័យលើ គ្រប់ភារកិច្ច ហើយសូមសមប្រកបតែនឹងពុទ្ធពរ និងពរជ័យប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
• ក្នុងនាមគណៈអធិបតី ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលរបស់មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវានុវត្តន៍ខេត្តមណ្ឌលគិរី ចាប់ពីពេលនេះតទៅ។
សូមអរព្រះគុណ និងអរគុណ!