ពិធីបើកសម្ពោធ ខួបលើកទី៦០ឆ្នាំ នៃការបង្កើតអង្គការផលិតភាពអាស៊ី (APO)
ពិធីបើកសម្ពោធខួបលើកទី៦០ឆ្នាំ នៃការបង្កើតអង្គការផលិតភាពអាស៊ី (APO)
---------------------------------------
អង្គការផលិតភាពអាស៊ី (Asian Productivity Organization - APO) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ នឹងចាប់ផ្តើមធ្វើពិធីសម្ពោធខួប៦០ឆ្នាំរបស់ខ្លួន ដែលមានសមាជិកចូលរួមចំនួន២១ប្រទេស តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤:០០ ម៉ោងនៅប្រទេសជប៉ុន ត្រូវនឹងម៉ោង១២:០០ ថ្ងៃត្រង់នៅប្រទេសកម្ពុជា។
ពិធីសម្ពោធនេះគឺជាការចាប់ផ្តើមនៃការឧទិ្ទសពេញមួយឆ្នាំចំពោះដំណើរឆ្ពោះទៅផលិតភាពដែលមានរយៈពេល ៦០ ឆ្នាំនៅអាស៊ី ដែលបង្ហាញថាផលិតភាពគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ន និងអនាគត។
ប្រទេសកម្ពុជាជាសមាជិករបស់អង្គការ APO បានចូលរួមអបអរក្នុងពិធីបើកសម្ពោធនេះ ដែលដឹកនាំដោយឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ជានាយកអង្គការAPO ប្រចាំប្រទេសកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនោះក៏មានការបង្ហាញសារវីដេអូអបអរសាទររបស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ផងដែរ។
ទេសរដ្ឋមន្រ្តី / រដ្ឋមន្រ្តីមកពីប្រទេសជប៉ុន វៀតណាម ឥណ្ឌូនេស៊ី បង់ក្លាដែស កម្ពុជា និងប៉ាគីស្ថាន ក៏បានផ្ញើសារអបអរសាទរក្នុងពិធីនេះផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រទេសវៀតណាម លោក Le Xuan Dinh ដែលបច្ចុប្បន្នជាប្រធាន APO បានធ្វើគាវរកិច្ច ដោយសង្កត់ធ្ងន់លើអំណាចនៃបច្ចេកវិទ្យាឌីជីថល និងការសិក្សាឌីជីថល។
សុន្ទរកថារបស់ឧបការីរដ្ឋមន្រ្តី Atsushi Ueno ក្រសួងការបរទេសនៃប្រទេសជប៉ុន ដែលជាប្រទេសម្ចាស់ផ្ទះសម្រាប់លេខាធិការដ្ឋាន APO បានទទួលស្គាល់ APO ថាជាចំណងមួយដ៏រឹងមាំបំផុតរវាងប្រទេសជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពិពណ៌នាថាចំណង ទំនាក់ទំនងក្នុងចំណោមសមាជិករបស់អង្គការ APO ជា “ ទ្រព្យសម្បត្តិដ៏មានតម្លៃ” សម្រាប់ប្រទេសជប៉ុន។
ពីធីសម្ពោធនេះក៏មានការបង្ហាញ និងការចងចាំពីម្ចាស់ជើងឯកផលិតភាព។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងឧតុនិយម និងជារដ្ឋមន្រ្តីក្រសួងដែនដី និងធនធានរ៉ែ លោក Jone Usamate ដែលបម្រើការអស់រយៈពេលជាង ១០ ឆ្នាំក្នុងនាមជាអាជ្ញាធរផលិតភាពឈានមុខគេរបស់ប្រទេសប្រទេសហ្វីជី បានពិពណ៌នាអំពីផលប៉ះពាល់យ៉ាងខ្លាំងរបស់ APO ជាពិសេសគំនិតនៃផលិតផលបៃតងរួមផ្សំការបង្កើនផលិតភាពជាមួយ និរន្តរភាពនិងភាពធន់។
ពិធីសម្ភោធនេះបានដាក់ឲ្យដំណើរការជាផ្លូវការនូវ APO Vision 2025 ដែលជាទិសដៅយុទ្ធសាស្ត្រ ប្រាថ្នាសម្រេចបាននូវកំណើនផលិតភាព ដែលដឹកនាំដោយការច្នៃប្រឌិតក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
ឆ្លុះបញ្ចាំងពីឱកាសនោះ អគ្គលេខាធិការ APO លោក AKP Mochtan ថ្លែងថាភាពគង់វង្សយូរអង្វែងគឺជាពរជ័យមួយ ប៉ុន្តែវាមិនត្រូវបញ្ឈប់ត្រឹមនេះទេ។ លោកមានទំនុកចិត្តថាប្រវត្ដិសាស្ដ្រដ៏យូរលុងនឹងផ្តល់ឲ្យអង្គការ APO នូវប្រាជ្ញាស្មារតី និងចក្ខុវិស័យ ដើម្បីឆ្ពោះទៅរកអនាគតដែលមានផលិតភាពកាន់តែប្រសើរ។
-----------------------------------------------------------------------------------------------------------------------------------------------------------
ពិធីបើកសម្ពោធនេះត្រូវបានបើកចំហរជាសាធារណៈតាមរយៈតំណ You Tube ៖ https://youtu.be/2-XYs8sCWLg
-----------------------------------------------------------------------------------------------------------------------------------------------------------
អង្គការ APO ជាអង្គការអន្តររដ្ឋាភិបាលមួយដែលប្តេជ្ញាចិត្តលើកកម្ពស់ផលិតភាពនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ បង្កើតឡើងក្នុងឆ្នាំ ១៩៦១ អង្គការAPO រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពក្នុងតំបន់ តាមរយៈសេវាកម្មប្រឹក្សាគោលនយោបាយ កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការចែករំលែកការអនុវត្តផលិតភាពល្អបំផុត និងការផ្សព្វផ្សាយទិន្នន័យផលិតភាព និងការវិភាគ។