ជំនួបប្រតិភូក្រុមហ៊ុនចំនួនពីរមកពីប្រទេសកូរ៉េ គឺក្រុមហ៊ុន Lutos Engineering Co,Ltd

ជំនួបប្រតិភូក្រុមហ៊ុនចំនួនពីរមកពីប្រទេសកូរ៉េ គឺក្រុមហ៊ុន Lutos Engineering Co,Ltd

នារសៀលថ្ងៃច័ន្ទ ១៥ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០១​ ខែ មីនា​ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបប្រតិភូក្រុមហ៊ុនចំនួនពីរមកពីប្រទេសកូរ៉េ គឺក្រុមហ៊ុន Lutos Engineering Co,Ltd ដឹកនាំដោយលោក Bong -Jae Cho អគ្គនាយករងក្រុមហ៊ុន និងក្រុមហ៊ុន DAE JIN Industrial Co,Ltd.ដឹកនាំ ដោយលោកស្រី Mary Katherine Olsen នៅទីស្តីការក្រសួង ។
លោកស្រីMary Katherine Olsen ក្នុងនាមជាក្រុមហ៊ុនដៃគូជាមួយក្រុមហ៊ុនLutos Engineering Co,Ltd បានប្រសាសន៍ជម្រាបថា៖ក្រុមហ៊ុនរបស់ពួកគាត់ បានធ្វើប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសមួយចំនួន នៅតំបន់អាសុីខាងត្បូង និងអាសុី អាគ្នេយ៍លើកម្មវត្ថុអាជីវកម្មជាច្រើន ទាក់ទង និងវិស័យឧស្សាហកម្ម និងសំណង់ ។ល ។ ជាពិសេសក្នុងជំនួបថ្ងៃនេះ តំណាងក្រុមហ៊ុនទាំងពីរចង់ពិភាក្សាទាក់ទងនិងវិស័យធុនធានទឹក ដូចជា៖ការផ្គត់ទឹកស្អាត ទំនប់ទឹក ផ្លូវទឹក និងប្រព្រឹត្តិកម្មទឹកជាដើម ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរខាងលើ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនពីតួនាទី ភារកិច្ច របស់ក្រសួងសាមុី ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកគ្រប់គ្រងធុនធានទឹក អភិវឌ្ឍន៍ និងការផ្គត់ផ្គង់ទឹក គឺមានក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទទួលបន្ទុកការផ្គត់ផ្គង់ទឹកស្អាតតាមទីក្រុង និងតាមទីប្រជុំជន ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកការផ្គត់ទឹក នៅតាមទីជនបទ តាមមធ្យោបាយផ្សេងៗ ។ រីឯក្រសួងធុនធានទឹក និងឧត្តុនិយម គ្រប់គ្រងធុនធានទឹកជារបស់រដ្ឋទូទាំងប្រទេស ។
ទាក់ទង និងការផ្គត់ទឹកស្អាត ដែលជាភារកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងគាំទ្រក្រុមហ៊ុនវិនិយោគទាំងឡាយណា ដែលមានបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ផ្នែកប្រព្រឹត្តកម្មទឹកស្អាត ពីព្រោះប្រភពទឹកខាងលើក្តី និងខាងក្រោមដីក្តី ជៀសមិនរួចនិងការរងឥទ្ធិពល ជាតិពុល ជាតិកខ្វក់ និងជាតិគីមីក្រោមដីឡើយ ។ ជាពិសេសជាតិគីមីក្រោមដី នៅតំបន់ដែលរងការទម្លាក់គ្រាប់បែក និង បាចម្សៅព័ណ៌លឿងពីសហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាម ដែល មកដល់បច្ចុប្បន្ន ឥទ្ធិពលនេះ នៅមានកើត នៅឡើយ ធ្វើឲ្យប្រជាពលរដ្ឋដែលទទួល ទានទឹកពីប្រភពទឹកផ្សេងៗ ដោយមិនឆ្លង កាត់ការធ្វើប្រព្រឹត្តិកម្មទឹកឲ្យស្អាតដើម្បីសម្លាប់មេរោគ គឺតែងទទួលនូវផលប៉ះពាល់ដល់សុខភាព និងទារកក្នុងផ្ទៃទៀតផង ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យក្រុមហ៊ុនរៀបចំជាផែនការមេ កំណត់កម្មវត្ថុអាជីវកម្មជាក់លាក់ តើការវិនិយោគ របស់ខ្លួនត្រូវនិងសមត្ថកិច្ចរបស់ក្រសួងសាមុីណាមួយ ? ដើម្បីឈានទៅសម្រេចកិច្ចការវិនិយោគនាថ្ងៃមុខ ។
តំណាងក្រុមហ៊ុន បានបង្ហាញនូវជំហរ សហការ និងស្វែងរកឱកាសវិនិយោគ លើវិស័យជាច្រើននៅកម្ពុជា ដោយនឹងខិតខំសិក្សាស្រាវជ្រាវ និងកំណត់មុខសញ្ញាវិនិយោគច្បាស់លាស់នៅកម្ពុជា ។ ក្នុងនោះ ទាក់ទង និងការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ក្រុមហ៊ុនចាត់ទុកជាមុខសញ្ញាអាទិភាព គឺនឹងជម្រុញឲ្យមានការចុះអនុស្សារណៈ យោគយល់គ្នាមួយនាពេលខាងមុខ ។

​