UNIDO សហការជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតង

UNIDO សហការជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតង

អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច

 

កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។

UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។

បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីវាយតម្លៃតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។ ទីប្រឹក្សានឹងសិក្សាតំបន់សេដ្ឋកិច្ចពិសេសពី៦ ទៅ ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈពេលមួយឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតទូទាំងប្រទេសកម្ពុជា។

 

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UNIDO និងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ ដូចជាការត្រៀមសហការក្នុងការចូលរួមផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សេវាទឹកស្អាត និងការអភិវឌ្ឍជំនាញជាដើមឯកឧត្តមបានសង្កត់ធ្ងន់ថា ​ការជ្រើសរើសទីតាំងជាយុទ្ធសាស្រ្តនៃតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គម្រោងសាកល្បងនេះ គួរ​ផ្អែកលើ​ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោង។ លើសពីនេះ ឯកឧត្តមបានស្វាគមន៍ចំពោះវិនិយោគិន និងអ្នកអភិវឌ្ឍន៍សក្តានុពល ក្នុងការរួមចំណែកដល់ជោគជ័យនៃសួនឧស្សាហកម្មបៃតងនេះ

លោក សុខ ណារិន ក៏បានរំលេចពីសារៈសំខាន់នៃការបញ្ចូលការគិតគូរពីបរិស្ថាន និងសង្គមទៅក្នុងការអភិវឌ្ឍឧស្សាហកម្ម ដោយសារនិន្នាការពិភពលោក ដែលអ្នកទិញផ្តល់អាទិភាពកាន់តែខ្លាំងចំពោះនិរន្តរភាព។ លោកបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួនរួមទាំងប្រទេសវៀតណាម និងឥណ្ឌូនេ​​ស៊ី។

 

 

 

ឯកឧត្តមរដ្ឋមន្ត្រីបាន​ស្នើឱ្យគម្រោងប្រើ​វិធីសាស្ត្រ​ជាដំណាក់កាល ​ស្រប​តាម​បរិបទជាក់ស្តែង​របស់​កម្ពុជា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតុល្យភាពរវាងគោលដៅបរិស្ថាន ជាមួយនឹងតថភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចកម្ពុជា

កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងផ្តល់សក្តានុពលដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងពង្រីកមូលដ្ឋានឧស្សាហកម្មប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះដោះស្រាយបញ្ហាបរិស្ថានចំពោះមុខ។ 

​​​​​​​