ក្រសួងបីរួមគ្នាដោះស្រាយបញ្ហាទឹកស្អាត ខណៈភាពរាំងស្ងួតបន្តអូសបន្លាយ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និង ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រជុំពិភាក្សាដោះស្រាយបញ្ហាកង្វះទឹកស្អាត ដែលបានក្លាយជាបញ្ហាប្រឈមនៅតំបន់មួយចំនួន ដោយសារភាពរាំងស្ងួតបន្តអូសបន្លាយ។ កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ និងបានផ្តោតលើអន្តរាគមន៍បន្ទាន់ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកដែលកំពុងញាំញីតំបន់មួយចំនួន ក៏ដូចជាស្វែងរកដំណោះស្រាយរយៈពេលវែង។ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ស្ថានភាពឆ្នាំនេះធ្ងន់ធ្ងរជាងឆ្នាំកន្លងទៅ ដោយសារភាពរាំងស្ងួតបន្តអូសបន្លាយ និងសីតុណ្ហភាពក្តៅហួតហែងខ្លាំង បង្កដោយបាតុភូតអែលនីណូជាសាកល។ ស្ថានភាពនេះ រួមផ្សំនឹងការសម្រុកធ្វើស្រែប្រាំងច្រើនដង និងការអនុវត្តប្រពលវប្បកម្មបានដាក់សម្ពាធមកលើធនធានទឹក។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមចំពោះវិស័យធនធានទឹករបស់កម្ពុជា ដោយលើកឡើងពីគម្រោងសាងសង់ ស្តារ និងពង្រីកអាងស្តុកទឹក និងប្រឡាយទឹកដែលកំពុងអនុវត្ត និងគម្រោងអនាគត រួមមានទាំងអាងស្តុកទឹកខ្នាតធំរហូតដល់ស្រះទឹក ដែលនឹងពង្រឹងវិស័យធនធានទឹក និងសមត្ថភាពការពារទឹកជំនន់របស់កម្ពុជានៅក្នុងឆ្នាំខាងមុខ។កន្លងមក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំនូវវិធានការជាដំណោះស្រាយ ហើយបាននិងកំពុងតាមដាន និងវាយតម្លៃស្ថានភាពប្រឈមរបស់ប្រតិបត្តិករទឹកស្អាតទូទាំងប្រទេស ព្រមទាំងបានផ្តល់បច្ចុប្បន្នភាពសំខាន់ៗដល់ក្រសួងពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហការដោះស្រាយបញ្ហាទឹកស្អាតនៅតំបន់ដែលប្រភពទឹកបានរីងស្ងួត។ ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ពីភាពបន្ទាន់នៃអន្តរាគមន៍ និងបានស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធអនុវត្តអភិក្រម "ជវភាពនៃតួអង្គតែមួយ" ដោយ រួមគិត រួមធ្វើ និងរួមដោះស្រាយ ក្នុងនាមរដ្ឋាភិបាលតែមួយ។ ឯកឧត្តម បានស្នើក្រសួងធនធានទឹក ផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ទឹកឆៅសម្រាប់ការផលិតទឹកស្អាត នៅក្នុងគម្រោងរបស់ក្រសួង ស្របតាមគោលនយោបាយជាតិលើវិស័យធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានស្នើឱ្យមានលើការចែករំលែកទិន្នន័យសំខាន់ៗ ដូចជាទិន្នន័យប្រភពទឹក ប្រឡាយ តំបន់សេវាទឹកស្អាត ទីតាំងអណ្តូងនិងស្រះទឹកជនបទ និងទិន្នន័យនគរូបនីយកម្មជាដើម សម្រាប់ការអនុវត្តអន្តរាគមន៍បានឆាប់រហ័ស និងមានប្រសិទ្ធភាព។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានស្នើក្រសួងទាំងបីចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តកិច្ចសម្របសម្រួលក្នុងការរៀបចំ បែងចែក និងធ្វើផែនការកែលម្អការគ្រប់គ្រងទឹក ដើម្បីបំពេញទាំងតម្រូវការបន្ទាន់ និងរយៈពេលវែង។ក្រសួងទាំងបីបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រើអនុស្សារណៈនៃការយោគយល់គ្នានេះ ជាក្របខ័ណ្ឌរួមសម្រាប់ការអនុវត្តការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព សំដៅការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងពង្រឹងខឿនសេដ្ឋកិច្ចកម្ពុជា។