STS RoboTech ប្តេជ្ញាពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ូបូតនៅកម្ពុជា

STS RoboTech ប្តេជ្ញាពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ូបូតនៅកម្ពុជា

លោក Kim Kihwan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន STS RoboTech បានដឹកនាំគណៈប្រតិ​ភូ​មកពីក្រុមហ៊ុន STS Robotech, វិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត, និងក្រុមហ៊ុន AI FARM Robotics Factory ដើម្បីចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២៤ និងបានលើកឡើងថា ក្រុមហ៊ុន​គ្រោងពង្រីក​ការ​វិនិយោគ និងផលិតកម្មរ៉ូបូតរបស់ខ្លួននៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា បច្ចេកវិទ្យាគឺជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាល និងបានបញ្ជាក់ពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងការធ្វើពិពិតកម្ម​ឧស្សាកម្ម​របស់កម្ពុជា។

លោក Kim Kihwan បានបង្ហាញសុទិដ្ឋិនិយមចំពោះយុវជនកម្ពុជាដែលមានចំណូលចិត្តក្នុងវិស័យរ៉ូបូត។ លោកបានបញ្ជាក់ថាការប្រើប្រាស់រ៉ូបូតនឹងផ្តោតលើការបំពេញបន្ថែមកម្លាំងពលកម្មរបស់មនុស្ស ជាជាង​ការដណ្តើម​ការងារ​ពីមនុស្ស និងបានស្នើឱ្យបង្កើតសមាគមលើកកម្ពស់ឧស្សាហកម្មរ៉ូបូត ដើម្បីបង្កើនការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយសមភាគីកូរ៉េ។

លោកក៏បានបញ្ជាក់ថា STS RoboTech នឹងចូលរួមក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​នៅ​ខែមីនា ឆ្នាំ២០២៤ ខាងមុខ ដើម្បីបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន ដែលអាចគាំទ្រដល់​សហគ្រាស​ធុនតូច និងមធ្យមរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឧស្សាហកម្មមួយចំនួននៅកម្ពុជាបាន និងកំពុងប្រើប្រាស់រ៉ូបូត ហើយតម្រូវការរ៉ូបូតនឹងមានកាន់តែច្រើននាពេលអនាគត។ ឯកឧត្តមបានសង្កត់ធ្ងន់​លើតម្រូវការ​ស្វ័យប្រវត្តិកម្ម​ ដើម្បី​បង្កើន​​ផលិតភាព​នៅក្នុងវិស័យនានា

ឯកឧត្តមក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ជំនាញ តាមរយៈកម្មវិធីអប់រំ និងបណ្តុះ​បណ្តាលវិស័យរ៉ូបូត ព្រមទាំងបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបង្កើតរ៉ូបូតដែលបម្រើសេចក្តីត្រូវការ​របស់​វិស័យនានា ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា រ៉ូបូតនឹងក្លាយទៅជាគោលដៅថ្មីមួយ​ដែល​ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រាថ្នាចង់បាន។

ក្រុមហ៊ុន STS Robotech មានឯកទេសខាងផលិតដៃរ៉ូបូតទម្ងន់ស្រាល ដែលរចនាឡើងដើម្បីបរិវត្តកម្មកិច្ចការប្រចាំថ្ងៃដដែលៗនៅក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម និងសេវាកម្មផ្សេងៗ។ ដោយផ្តោតលើរ៉ូបូតផ្តល់​សេវា​កម្មម្ហូបអាហារ និងភេសជ្ជៈ ការដំណើរការគ្រឿងម៉ាស៊ីន និងរ៉ូបូតសម្រាប់ប្រើប្រាស់ទូទៅ ផលិត​ផលរបស់ក្រុមហ៊ុននេះមានគោលបំណងលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៅកន្លែងធ្វើការ។