ក្រុមហ៊ុនរុស្ស៊ីសម្លឹងរកដៃគូនៅកម្ពុជា

ក្រុមហ៊ុនរុស្ស៊ីសម្លឹងរកដៃគូនៅកម្ពុជា

ក្រុមហ៊ុនរុស្ស៊ីកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីពង្រីក​ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចូលក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ស្ថានតំណាងពាណិជ្ជកម្មរុស្ស៊ីដែលមានមូលដ្ឋាននៅទីក្រុងហាណូយ នឹងដឹកនាំគណៈប្រតិភូ​ធុរកិច្ចរុស្ស៊ី មកកម្ពុជា ដើម្បីស្វែងរកដៃគូអាជីវកម្ម។ ក្រុមហ៊ុនទាំងនេះមានជំនាញក្នុងវិស័យ​ជាច្រើន រាប់បញ្ចូលទាំងបច្ចេកវិទ្យាឆ្លាតវៃ នវានុវត្តន៍ជីវវេជ្ជសាស្ត្រ និងដំណោះស្រាយថាមពលជាដើម។

ក្នុងជំនួបជាមួយគណៈប្រតិភូសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហែម វណ្ណឌី បាន​កោត​សរសើរដល់រដ្ឋាភិបាលរុស្ស៊ី ដែលបានជួយគាំទ្រដល់កម្ពុជានាពេលកន្លងមក ជាពិសេសលើការ​អភិវឌ្ឍ​ធនធានមនុស្ស។ 

ឯកឧត្តម បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចរុស្ស៊ី-កម្ពុជា ដែលស្ថានទូត​រុស្ស៊ី​ក្នុងទីក្រុង​ភ្នំពេញគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៤  ស្របពេលនឹងកិច្ចប្រជុំគណៈកម្ម​ការ​អន្តរ​រដ្ឋាភិបាលកម្ពុជា-រុស្ស៊ីលើកទី២។ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមហ៊ុនរុស្ស៊ី ឱ្យសហការ​ជាមួយ​សមាគម និងសហព័ន្ធ​ធុរកិច្ច​របស់កម្ពុជា ដើម្បីស្វែងរកវិស័យកំណើនថ្មីៗ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនរុស្ស៊ីក៏គួរពិនិត្យលទ្ធភាពក្នុងការវិនិយោគលើ​ការកែច្នៃ​កសិផល និងផលិតវត្ថុធាតុដើមយុទ្ធសាស្ត្រ ដែលនឹងគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើពិពិធកម្មឧស្សាហ​កម្មរបស់កម្ពុជា ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមផងដែរ”។

ឯកឧត្តមបានបន្ថែមទៀតថា វិនិយោគិនរុស្សីអាចមានកម្មសិទ្ធិអាជីវកម្ម១០០ភាគរយ នៅក្នុងប្រទេស កម្ពុជា និងអាចទាញយកអត្ថប្រយោជន៍ពីច្បាប់វិនិយោគថ្មី ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់​កម្ពុជា ​ជាមួយប្រទេសចិន កូរ៉េ អារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយ​ក្នុងតំបន់ (RCEP) ផងដែរ។ 

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំចងក្រង​សៀវភៅ​ណែនាំ​ស្តីពី​ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា សម្រាប់អ្នកវិនិយោគរុស្ស៊ី ហើយបាន​ជម្រាបជូន​ថា​ ​ក្រសួង​ត្រៀមចូលរួមផ្តល់ធាតុចូលទាក់ទងនឹងទិដ្ឋភាពបច្ចេកទេស និងបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់​ការរៀបចំឯកសារ​នេះ។