ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងឧស្សាហកម្ម វនប ជាង២០០នាក់ចូលរួមបរិច្ចាគឈាម

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងឧស្សាហកម្ម វនប ជាង២០០នាក់ចូលរួមបរិច្ចាគឈាម

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន២១៥នាក់ ដែលក្នុងនោះ១០០នាក់មកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចូលរួមបរិច្ចាគឈាម នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ កម្មវិធីនេះមាន​ការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ ដែលបានបង្ហាញ​នូវសាមគ្គីភាព​សម្រាប់បុព្វហេតុដ៏ឧត្ដម​នៃការជួយសង្គ្រោះជីវិតមនុស្ស។

ដោយបង្ហាញជាគំរូ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី បានស្ម័គ្រចិត្តបរិច្ចាគ​ឈាម​មុនគេ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់អ្នកបរិច្ចាគឈាមទាំងអស់ដែលបានចូលរួម ដោយលើកឡើង​ថា៖ “ឈាម​មិន​អាចត្រូវបាន​ផលិតក្នុងរោងចក្រទេ ហើយ​ប្រទេស​ជាតិយើងពឹងផ្អែក​លើ​ការ​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រ​ចិត្ត។”

ឯកឧត្តមបានហៅការបរិច្ចាគឈាមថា ជាការធ្វើទានដ៏ថ្លៃថ្លា ដែលអាចជួយសង្គ្រោះជីវិតមនុស្សទាំងអស់ដែលត្រូវការឈាម ដោយគ្មានការរើសអើង។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីការកកើតឡើងវិញនូវកោសិកាឈាមដោយធម្មជាតិ និងថាការបរិច្ចាគ​ឈាម​មិនត្រឹមតែមានសុវត្ថិភាពទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពទៀតផង។ ឯកឧត្តម​បាន​បន្ថែម​ថា៖ “ខ្ញុំ​សង្ឃឹមថា​ឈាមដែលយើងបានបរិច្ចាគក្នុងថ្ងៃនេះនឹងជួយ​សង្គ្រោះជីវិតមនុស្សជាច្រើន”។

លើសពីបុព្វហេតុមនុស្សធម៌ ការបរិច្ចាកឈាមផ្តល់នូវអត្ថប្រយោជន៍សុខភាពមួយចំនួន ដូចជាការទទួល​បាន​ការពិនិត្យសុខភាព កាត់បន្ថយកម្រិតជាតិដែកក្នុងឈាមដែលអាចកាត់បន្ថយ​ហានិភ័យនៃជំងឺ​បេះ​ដូង ជំរុញការផលិតកោសិកាឈាម លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងបង្កើតវប្បធម៌បរិច្ចាគនិង​ស្មារតី "ខ្មែរជួយខ្មែរ"។

 

បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជាត្រូវការឈាមចន្លោះពី ៣០០ ទៅ ៣៥០ ប្លោក ក្នុងមួយថ្ងៃ។ មជ្ឈមណ្ឌលបន្តអំពាវនាវឱ្យប្រជាពលរដ្ឋកាន់តែច្រើនចូលរួមបរិច្ចាគឈាម និងរួមចំណែក​ដល់កិច្ចខិតខំ​ប្រឹង​ប្រែងសង្គ្រោះជីវិត ដែលបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការគាំទ្រជាបន្តបន្ទាប់។