អង្គការអន្តររដ្ឋាភិបាល OSC ស្វែងរកកិច្ចសហការជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

អង្គការអន្តររដ្ឋាភិបាល OSC ស្វែងរកកិច្ចសហការជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ឯកឧត្តម ហែម វណ្ណឌី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូមកពីអង្គការ អន្តររដ្ឋាភិបាល OSC ដឹកនាំដោយអគ្គលេខាធិការ ឯកឧត្តម Manssour Bin Mussallam និងបាន ពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងចំណោមប្រទេសដែលមានចំណូលទាប។

ដោយកោតសរសើរដល់ OSC ចំពោះគំនិតផ្តួចផ្តើមក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឯកឧត្តម​រដ្ឋ​មន្ត្រី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដោយបញ្ជាក់ថា បច្ចេក​វិទ្យាគឺជាអាទិភាពទី៥នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអគ្គលេខាធិការ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បានជម្រាបជូនពី "កម្មវិធីរួមរបស់ OSC" និងផែនការសម្ពោធដាក់ឱ្យដំណើរការ “វិទ្យាស្ថានសហប្រតិបត្តិការភាគខាងត្បូង” ដើម្បីលើកកម្ពស់​ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់បណ្តា​ប្រទេសដែលមានចំណូលទាប។

ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការជាមួយក្រសួងឧស្សាហកម្ម វបន លើគំនិតផ្តួចផ្តើមមួយចំនួន ដូចជាការដាក់ឱ្យដំណើរការប្រព័ន្ធព័ត៌មានសម្រាប់ប្រទេសចំណូលទាប (Greater South Information System) គម្រោងអភិវឌ្ឍបច្ចេកវិទ្យាដើម និងពិព័រណ៍អន្តរជាតិបច្ចេកវិទ្យាដើមសម្រាប់​ប្រទេសចំណូលទាប នៅខែកញ្ញា ឆ្នាំ២០២៤ ជាដើម។

ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ OSC ក្នុងការកៀរគរធនធាន ដែល​អនុញ្ញាត​ឱ្យ​បណ្តាប្រទេសចំណូលទាបក្លាយជាតួអង្គដឹកនាំបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងការផ្លាស់ប្តូរពី​ឧស្សាហកម្ម​ដែលមានតម្លៃបន្ថែមទាបទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសដែលមានសេដ្ឋកិច្ចតូច ចាំបាច់ត្រូវបង្កើត​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ ដោយបង្កើនលទ្ធភាពទទួលបានចំណេះដឹង ការស្រាវជ្រាវ និងបច្ចេកវិទ្យា ដើម្បីដោះស្រាយ​បញ្ហា​ប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ ឬជំងឺរាតត្បាត។ ឯកឧត្តមបានអញ្ជើញអង្គការ OSC ឱ្យចូលរួមក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងខែមីនា ដោយសង្កត់ធ្ងន់លើកិច្ចសហការ​ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងប្រែក្លាយពីការ “ទទួលបច្ចេកវិទ្យា” ទៅការ “បង្កើតតម្លៃ”។

អង្គការ OSC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដែលមានសមាជិកមកពីបណ្តាប្រទេសនៅអាមេរិក​ឡា​ទីន ការាបៀន អាហ្រ្វិក អាស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ក្រោមគោលបំណងរួម​ចំណែក​ដល់​ការផ្លាស់ប្តូរសង្គមប្រកបដោយសមធម៌ យុត្តិធម៌ និងវិបុលភាព។ បច្ចុប្បន្ន OSC មានសមាជិកចំនួន២៨ប្រទេស រួមទាំងកម្ពុជា។