មជ្ឈមណ្ឌលថ្មីមួយត្រូវបានសម្ពោធដាក់ឱ្យដំណើរការដើម្បីលើកកម្ពស់នវានុវត្តន៍ និងការផ្លាស់ប្តូរវប្បធម៌

មជ្ឈមណ្ឌលថ្មីមួយត្រូវបានសម្ពោធដាក់ឱ្យដំណើរការដើម្បីលើកកម្ពស់នវានុវត្តន៍ និងការផ្លាស់ប្តូរវប្បធម៌

មជ្ឈមណ្ឌលវប្បធម៌ ចូណាថាន ខេ.អេស ឆយ និងនវានុវត្តន៍ សាន់វ៉ា (Jonathan K.S. Choi Cultural and Sunwah Innovation Center) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្នុងគោលដៅចូលរួមលើកកម្ពស់នវានុវត្តន៍ ឧត្តមភាពនៃការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​​កម្ពុជា និង​ប្រទេសជាដៃគូ។

ពិធីសម្ពោធនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន​នៃរាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន សាន់វ៉ា តំណាងវិស័យឯកជន និងវិស័យសិក្សាធិការ ប្រមាណ១០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ ក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ឯកឧត្តមបានកោតសរសើរ​ចំពោះការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន សាន់វ៉ា ក្នុង​ការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖ “នវានុវត្តន៍ជំរុញកំណើនការងារ លើកកម្ពស់ភាពប្រកួតប្រជែង និង​ផលិត​ភាព ដោះស្រាយបញ្ហាសង្គម បង្កើនគុណភាពជីវិត និងកិច្ចសហការជាសកល ហើយវាក្លាយ​ជាមូលដ្ឋានគ្រឹះមួយសម្រាប់សង្គមដែលរីកចម្រើន និងមានភាពធន់។”

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា មជ្ឈមណ្ឌលនេះគឺជាកន្លែងប្រមូលផ្តុំដ៏រស់រវើកសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការស្រាវជ្រាវ និងនវានុវត្តន៍ ហើយវានឹងរួមចំណែកក្នុងការកំណត់ទិដ្ឋភាពនៃការអប់រំ និងជួយសិស្សនិស្សិតកម្ពុជាឱ្យ​ទទួលបាន​ជោគ​ជ័យ​នាពេលអនាគត។

បន្ថែមលើសារៈសំខាន់ចំពោះការសិក្សាអប់រំ ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យា​ល័យ​ជាតិគ្រប់គ្រង បានបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងរួមចំណែកដល់ការលើកកម្ពស់​ស្តង់ដារ​អប់រំ និង​ការ​ស្រាវជ្រាវ។

មានទីតាំង​នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង មជ្ឈមណ្ឌលវប្បធម៌ ចូណាថាន ខេ.អេស ឆយ និង​នវានុវត្តន៍ សាន់វ៉ា គឺជាជំហានថ្មីមួយរបស់កម្ពុជាឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចដែលផ្អែកលើ​ចំណេះដឹង ដូចដែលបានចង្អុលបង្ហាញនៅក្នុងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​កម្ពុជា ឆ្នាំ២០៣០។ ផែនទីបង្ហាញផ្លូវនេះផ្តោតលើកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ហើយគោល​ការណ៍នៃកិច្ចសហប្រតិបត្តិការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Sunwah Group ។

ការសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះក៏ស្របទៅនឹងបរិបទទូលំទូលាយនៃទំនាក់ទំនងកម្ពុជា-ចិន ដោយផ្តោត​លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាព​រួមនៃប្រទេសទាំងពីរ។

ឯកឧត្តម ហែម វណ្ណឌី បានបង្ហាញក្តីរំពឹងថា មជ្ឈមណ្ឌលនេះនឹងជួយ​ពង្រឹង​ទំនាក់ទំនងរវាងប្រជាជន និង​ប្រជា​ជន និងបង្កើតសហគមន៍មួយ ដែលគ្រប់ភាគីរួបរួមគ្នាលើកកម្ពស់នវានុវត្តន៍​បច្ចេកវិទ្យា និងភាពចម្រុះនៃ​វប្បធម៌​។