ក្រសួងឧស្សាហកម្ម វបន និងអង្គការយូណេស្កូ អនុវត្តកិច្ចសហប្រតិបត្តិការថ្មី ដើម្បីលើកកម្ពស់ផលិតភាពសហគ្រាសធុនតូច និងមធ្យម

ក្រសួងឧស្សាហកម្ម វបន និងអង្គការយូណេស្កូ អនុវត្តកិច្ចសហប្រតិបត្តិការថ្មី ដើម្បីលើកកម្ពស់ផលិតភាពសហគ្រាសធុនតូច និងមធ្យម

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ដើម្បីអនុវត្តកិច្ចសហប្រតិ​បត្តិការថ្មីមួយ ក្នុងគោលដៅលើកកម្ពស់ផលិតភាពនៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការអភិវឌ្ឍជំនាញសម្រាប់បុគ្គលិករបស់សហគ្រាសទាំងនោះ។

កិច្ចសហប្រតិបត្តិការថ្មីនេះនឹងពង្រីកអត្ថប្រយោជន៍នៃកម្មវិធីសមមូលការអប់រំមូលដ្ឋាន (BEEP) ដល់​បុគ្គលិកនៃសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់លទ្ធភាពឱ្យពួកគេទទួលបានការសិក្សា រៀនជំនាញថ្មី និងពង្រឹងជំនាញ នៅលើថ្នាលសិក្សាចល័តតាមអ៊ីនធឺណិត។ ភាពបត់បែននៃកម្មវិធី BEEP អនុញ្ញាតឱ្យបុគ្គលិកនៃសហគ្រាសធុនតូច និងមធ្យមចុះឈ្មោះ និងចូលសិក្សាបានតាមពេលវេលាផ្ទាល់​ខ្លួន ដោយមិនប៉ះពាល់ដល់ម៉ោងបំពេញការងារប្រចាំថ្ងៃរបស់ពួកគេ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការរបស់អង្គការយូណេស្កូ ដែលបានឈានដល់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម វបន និងសហគ្រាសធុនតូច និងមធ្យមចំនួន២០។

នៅក្នុងជំនួបមុនពិធីចុះអនុស្សារណៈនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអំពី ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។

ឯកឧត្តមបានលើកឡើងថា កម្មវិធីនេះមានគោលបំណងបំផុសចលនាវិស័យឯកជន និងសាធារណៈជន ឱ្យយល់ដឹងពីតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបាន​អញ្ជើញអង្គការយូណេស្កូឱ្យចូលរួមគាំទ្រកម្មវិធីនេះផងដែរ។

លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានលើកឡើងថា នៅក្នុងភាពជាដៃគូថ្មីនេះ យូណេស្កូនឹងរៀបចំកែសម្រួលមេរៀននៃកម្មវិធី BEEP បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម និងបុគ្គលិករបស់ពួកគេ។ លោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការជាមួយក្រសួង ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ រួមទាំងលទ្ធភាពអញ្ជើញវាគ្មិនអន្តរជាតិឱ្យចូលរួមកម្មវិធីនេះផងដែរ។

ថ្លែងស្វាគមន៍ចំពោះចំណាប់អារម្មណ៍ចូលរួមគាំទ្ររបស់អង្គការយូណេស្កូ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម​ថា៖ “ខ្ញុំសង្ឃឹមថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងក្លាយទៅជាកត្តាលីករនៃបរិវត្តកម្ម ដែលមិនត្រឹមតែផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យមអាចតាមទាន់និន្នាការពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលោតផ្លោះ នៅក្នុងស្ថានភាពមួយចំនួន។"