ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ នៅថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៤
សេចក្តីប្រកាសព័ត៌មាន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ
នៅថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៤
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ខ្លួន នៅថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ។
សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាលើប្រធានបទធំចំនួនបួនដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា៖ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ របៀបវារៈអាទិភាពនៃវិស័យទឹកស្អាត កំណែទម្រង់សេវាសាធារណៈ និងការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធ្វើជាអធិបតីក្នុងពិធីបើកសន្និបាត នៅថ្ងៃទី២០ ខែកុម្ភៈ។ ពិធីបិទសន្និបាតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ តំណាងព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសំខាន់ៗ ក៏នឹងចូលរួមក្នុងសន្និបាទប្រចាំឆ្នាំនេះដែរ។
តាមរយៈសន្និបាតដែលនឹងប្រមូលផ្តុំភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបំណងសម្របសម្រួលកិច្ចសន្ទនា ផ្លាស់ប្តូរការយល់ដឹង និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
សន្និបាតប្រចាំឆ្នាំនេះមិនត្រឹមតែផ្តល់ជាវេទិកា ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលនៃឆ្នាំកន្លងទៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយក្នុងការរៀបចំមាគ៌ានៃអាទិភាពការងារអនាគតរបស់ក្រសួងផងដែរ។ កិច្ចពិភាក្សាជាយុទ្ធសាស្ត្រក្នុងអំឡុងពេលនៃសន្និបាតនេះនឹងកំណត់ទិសដៅសម្រាប់គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងឆ្នាំ២០២៤ និងឆ្នាំជាបន្តបន្ទាប់។