ក្រសួងឧស្សាហកម្ម វបន បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការរីកចម្រើនវិស័យកម្មសិទ្ធិបញ្ញា

ក្រសួងឧស្សាហកម្ម វបន បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការរីកចម្រើនវិស័យកម្មសិទ្ធិបញ្ញា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ក្រសួងប្តេជ្ញា​សហការគាំទ្រដល់ការរីកចម្រើននៃវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

នៅក្នុងជំនួបសម្តែងការគួរសម ជាមួយតំណាងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម​បានលើកឡើងពីតួនាទីដ៏សំខាន់របស់កម្មសិទ្ធិបញ្ញាក្នុងការលើកកម្ពស់នវានុវត្តន៍ និងទាក់ទាញការវិនិយោគ។

ក្នុងជំនួបនោះ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា លោក កង តារាវុធ បានថ្លែងអំណរគុណដល់ក្រសួង ដែលតែងតែ​ផ្តល់​កិច្ចសហការ ជាពិសេសផ្តល់ការណែនាំ និងការបណ្តុះបណ្តាល ដែលបានជួយដល់បុគ្គល និងស្ថានប័ននានា​ក្នុងការ​ការពារ និងអនុវត្តកម្មសិទ្ធិបញ្ញារបស់ខ្លួន។

លោកបានស្នើឱ្យក្រសួងបន្តកិច្ចសហការ ដោយចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការកែលម្អការ​អនុវត្ត និងការយល់ដឹងអំពីកម្មសិទ្ធិបញ្ញានៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ ដោយបញ្ជាក់ថា កិច្ចសហការថ្មីនេះ នឹងសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង និង​ជំនាញ​កាន់តែប្រសើរ ដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជន។

តំណាងសមាគមក៏បានស្នើសុំក្រសួងឱ្យគាំទ្រគំនិតផ្តួចផ្តើមក្នុងការសិក្សាពីលទ្ធភាពនៃការបង្កើតកម្មវិធីប្រឡងភ្នាក់ងារតក្កកម្ម (Patent Agent Examination) ដែលអាចបង្កើនអ្នកជំនាញដែលមានលក្ខណៈសម្បត្តិ ក្នុងការជួយដល់បុគ្គល និង វិស័យឯកជនឱ្យអនុវត្តការស្នើសុំ និងការការពារតក្កកម្មបានកាន់តែប្រសើរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សមាគមឱ្យសហការជាមួយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងភាគី​ពាក់ព័ន្ធ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការបង្កើតកម្មវិធីប្រឡងនេះ។