ក្រសួងឧស្សាហកម្ម វបន បន្តជំហានថ្មីក្នុងការលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ សេវាសាធារណៈ

ក្រសួងឧស្សាហកម្ម វបន បន្តជំហានថ្មីក្នុងការលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ សេវាសាធារណៈ

ខេត្តព្រះសីហនុ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ - ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ ស្តីពី "នីតិវិធីនៃការអនុវត្តថវិកាសមិទ្ធកម្ម" ដែលជាជំហានថ្មីមួយក្នុងការលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់សេវាសាធារណៈរបស់ខ្លួន។

សិក្ខាសាលា ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២- ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ មានការគាំទ្រហិរញ្ញវត្ថុ និងផ្តល់គ្រូឧទ្ទេសដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានអ្នកចូលរួមចំនួន១៦០នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងថវិកាសមិទ្ធកម្ម និងការអនុវត្តថវិកាកម្មវិធីរបស់ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមគោលការណ៍ណែនាំស្តីពីការអនុវត្តថវិកាសមិទ្ធកម្ម និងនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុជាធរមាន។

នៅក្នុងសុន្ទរកថាបិទសិក្ខាសាលា ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ក្រសួងកំពុងរៀបចំស្ថាប័នចំនួន បន្ថែមទៀត ឱ្យក្លាយជាអង្គភាពថវិកានៅឆ្នាំ២០២៤ ដែលធ្វើឱ្យអង្គភាពថវិកាសរុបរបស់ក្រសួង រួមទាំង​មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត កើនឡើងដល់៣៤អង្គភាព កំណែទម្រង់នេះបង្ហាញពីការប្តេជ្ញាចិត្តចំពោះស្វ័យភាព និងការទទួលខុសត្រូវរបស់ស្ថាប័ន។ គោលដៅចម្បងគឺផ្តល់សិទ្ធិអំណាចដល់ស្ថាប័នទាំងនេះឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅត្រឹមដំណាច់ឆ្នាំ ២០២៤ ឬដើមឆ្នាំ២០២៥។

ឯកឧត្តមបានបន្ថែមថា មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងប្រែក្លាយទៅជាស្ថាប័នរដ្ឋបាលសាធារណៈផងដែរ ដើម្បីធានាបាននូវប្រតិបត្តិការឯករាជ្យ និងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ភាពប្រកួតប្រជែង និងគុណភាព។
ឯកឧត្តម រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ស្វ័យភាពត្រូវតែផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ ដែលក្នុងនោះក្រសួង​នឹងរៀបចំកិច្ចសន្យាសមិទ្ធកម្មជាមួយអង្គភាពថវិកា ដែលមានសូចនាករសំខាន់សម្រាប់វាស់វែងការងាររបស់​អង្គភាពថវិកាទាំងនេះ