ក្រសួងឧស្សាហកម្ម វបន និងឧស្សាហកម្មផលិតទឹកកកពិភាក្សាស្វែងរកវិធីកែលម្អផលិតកម្ម និងលើកកម្ពស់ស្តង់ដារគុណភាពទឹកកក
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាលើកដំបូង បានអញ្ជើញសហគ្រាសផលិតទឹកកកទាំង៦៦មូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ដើម្បីសំណេះសំណាល ស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន និងស្វែងរកវិធីកែលម្អគុណភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃផលិតកម្មទឹកកក។
ថ្លែងទៅកាន់ម្ចាស់សហគ្រាសផលិតទឹកកកនៅក្នុងជំនួបកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ទឹកកកដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់ការពិសាប៉ុណ្ណោះទេ ប៉ុន្តែជាធាតុចូលសេដ្ឋកិច្ចគន្លឹះមួយ ដែលត្រូវបានប្រើដូចជាសម្រាប់ក្លាសេសាច់ បន្លែ និងផ្លែឈើជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អឧស្សាហកម្មនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា៖ “រោងចក្រផលិតទឹកកកមួយចំនួនត្រូវតែកែលម្អហើយ ដើម្បីធានាថាទឹកកកដែលផលិតបានត្រូវតាមស្តង់ដារគុណភាព និងអាចទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។ ការងារនេះរួមបញ្ចូលទាំងការគិតគូរលើទិដ្ឋភាពជាច្រើន រួមទាំងការផលិត ការវេចខ្ចប់ និងការដឹកជញ្ជូនទឹកកកជាដើម។”
ក្នុងជំនួបនោះ ម្ចាស់សហគ្រាសផលិតទឹកកកក៏បានជម្រាបជូនពីកង្វល់ទាក់ទងនឹងការប្រកួតប្រជែងនៅលើទីផ្សារ។ ពួកគាត់បានស្នើឱ្យក្រសួងរឹតបន្តឹងការផ្តល់អាជ្ញាប័ណ្ណបង្កើតរោងចក្រផលិតទឹកកក ដោយព្រួយបារម្ភពីការប្រកួតប្រជែងតម្លៃ ដែលចុងក្រោយនឹងធ្វើឱ្យខាតបង់ទាំងអស់គ្នា។
ពួកគាត់ក៏បានស្នើសុំឱ្យមានការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសអ្នកបច្ចេកទេស អ្នកគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម និងជាងជួសជុលម៉ាស៊ីន។
ឯកឧត្តមរដ្ឋមន្ត្រី បានទទួលសំណើរបស់សហគ្រាសផលិតទឹកកក និងបានលើកឡើងថា ក្រសួងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្តល់ការគាំទ្រឱ្យបានកាន់តែប្រសើរ និងកំពុងពិនិត្យលទ្ធភាពបង្កើតតំបន់ប្រមូលផ្តុំឧស្សាហកម្ម ដើម្បីសហគ្រាសអាចផ្លាស់ប្តូរទីតាំង និងពង្រីកប្រតិបត្តិការរបស់ខ្លួន។ ឯកឧត្តមបានបន្តជំរុញសហគ្រាសផលិតទឹកកកឱ្យប្រកាន់ខ្ជាប់នូវស្តង់ដារឧស្សាហកម្ម និងខិតខំពង្រឹងគុណភាព។
បច្ចុប្បន្ន រាជធានីភ្នំពេញមានរោងចក្រផលិតទឹកកកចំនួន៦៦មូលដ្ឋាន ដែលអាចផលិតទឹកកកបានប្រមាណ ១២២.៣៣៥ តោនក្នុងមួយខែ។