ក្រសួងឧស្សាហកម្ម វបន និងសហភាពអឺរ៉ុប ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រឧស្សាហកម្មលើការអនុវត្តប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍបៃតង

ក្រសួងឧស្សាហកម្ម វបន និងសហភាពអឺរ៉ុប ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រឧស្សាហកម្មលើការអនុវត្តប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍបៃតង

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប និងពិភាក្សាអំពីការពង្រឹងកិច្ច សហប្រតិ​បត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីគាំទ្រឧស្សាហកម្មលើការអនុវត្ត​ប្រកបដោយនិរន្តរ​ភាព និងការអភិវឌ្ឍបៃតង។

ឯកឧត្តមបានជម្រាបជូនអំពីរបៀបវារៈជាអាទិភាពដ៏ទូលំទូលាយរបស់ក្រសួង នៅក្នុងយុទ្ធសាស្ត្រ​បញ្ជកោណ ដោយសង្កត់ធ្ងន់លើអាណត្តិកិច្ចសំខាន់ៗ ដូចជាឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម សិប្បកម្ម ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធគុណភាព ដែលរួមមាន​ស្តង់ដារជាដើម។

កន្លងមក ក្រសួងឧស្សាហកម្ម វបននិងសហភាពអឺរ៉ុបបានសហការគ្នាលើការងារមួយចំនួនដូចជាវិញ្ញាបនបត្រកម្មតក្កកម្ម និងហេដ្ឋារចនាសម្ព័ន្ធគុណភាព។  ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈ​សំខាន់​នៃ​ការប្រកាន់ខ្ជាប់នូវស្តង់ដារ​ ដើម្បីឱ្យផលិតផលកម្ពុជាអាចឈានចូលទៅក្នុងទីផ្សារពិភពលោក។

ដឹកនាំគណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងជំនួបសំដែងការគួរសមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Igor Driesmans បានកោតសរសើរ​ចំពោះ​ការខិតខំរបស់ក្រសួង ក្នុងការលើកម្ពស់ការអនុវត្តប្រកបដោយ​និរន្តរភាព និងបរិវត្តកម្មឧស្សាហកម្ម​បៃតង។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មគាំទ្រ នៅពេលចុះកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​​ខាង​មុខ និងលើកទឹកចិត្តដល់វិស័យឯកជន រួម​ទាំង​​វិស័យ​កាត់ដេរឱ្យចាប់យកការប្រើប្រាស់ថាមពល​កកើត​ឡើងវិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការជំរុញលើកទឹកចិត្តដល់ឧស្សា​ហកម្ម​ឱ្យអនុវត្តរបៀបវារៈអភិវឌ្ឍន៍បៃតង។ ឯកឧត្តមក៏បានស្នើឱ្យសហភាពអឺរ៉ុបគាំទ្រដល់សហគ្រាស​ធុន​តូច និងមធ្យមក្នុងស្រុក ដើម្បីឱ្យពួកគេមានលទ្ធភាពចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃគម្រោងវិនិយោគផ្ទាល់ពី​បរទេស និងស្វែង​រក​ឱកាស​ជំនួសការនាំចូលលើធាតុចូលមួយចំនួន ក្នុងគោលដៅបង្កើនភាពប្រកួត​ប្រជែង និង​ការធ្វើពាណិជ្ជកម្ម​របស់​កម្ពុជា។