ក្រសួងឧស្សាហកម្ម វ.ប.ន ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ដោយផ្តោតលើការផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងវិស័យឌីជីថល

ក្រសួងឧស្សាហកម្ម វ.ប.ន ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ដោយផ្តោតលើការផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងវិស័យឌីជីថល

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រារព្ធខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី, ព្រមទាំងមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបប្រមាណ ៦០០ នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបានជម្រាបជូនថា នៅក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជី​ថល​កម្ពុជា ឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាល​កំពុងផ្តោតលើការកសាងសសរស្តម្ភចំនួន ៣ សំខាន់ៗ គឺ៖ ពលរដ្ឋ​ឌីជី​ថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។

ឯកឧត្តមបានលើកឡើងថា៖ "ការលើកកម្ពស់ការចូលរួម​ដោយស្មើ​ភាព ដោយ​គ្មានការរើសអើងយេនឌ័រ នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និង​មានសារៈសំខាន់នៅ​ក្នុង​ការពន្លឿន​កិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាបន្ន។"

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមជាច្រើន រួមទាំងគោលនយោ​បាយ​រ​ដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០២៤ ដែលបានកំណត់អំពីការអភិវឌ្ឍធនធានមនុស្ស ដោយជំរុញការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំឌីជីថល ជាពិសេស ដល់ស្ត្រីនៅតាមក្រសួង-ស្ថាប័ន និង​ការរៀបចំកម្មវិធីតម្រង់ទិស ជំរុញ និងលើកទឹកចិត្តដល់យុវជន ជាពិសេសយុវនារី ដើម្បីឈានទៅកាត់​បន្ថយ​គម្លាតយេនឌ័រពាក់ព័ន្ធនឹងជំនាញឌីជីថល។ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​កម្ពុជា ឆ្នាំ២០៣០ ក៏បានកំណត់អំពីការអភិវឌ្ឍធនធានមនុស្ស ដោយ​និសិ្សត​សាកល​វិទ្យា​ល័យ ៥០% ត្រូវ​បញ្ចប់ការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ហើយក្នុង​នោះ​ ៤០%​ ជាស្ត្រី។ 

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឱ្យបង្កើតបរិយាកាស​អំណោយផលសម្រាប់ការ​កសាងសមត្ថភាព​របស់ស្ត្រី និងបណ្តុះ​វប្បធម៌សាមគ្គីឯកភាពផ្ទៃក្នុង ដែលលើកកម្ពស់ការមិនរើសអើងយេនឌ័រ។ ឯកឧត្តម​ក៏បាន​ជំរុញ​ឱ្យ​បន្ត​ការ​គាំទ្រ​ដល់​សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ ដោយ​​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ដោះស្រាយការលំបាករបស់មន្ត្រី និង​បុគ្គលិក​កិច្ច​សន្យា ដែលជាស្រី្ត។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមន្ត្រីរាជការជាស្ត្រីទាំងអស់បន្តអភិវឌ្ឍខ្លួនឯងជាប្រចាំ បង្កើនសមត្ថភាព​ផ្ទាល់ខ្លួន និងមានសាមគ្គីភាពខ្ពស់ក្នុងចំណោមនារីគ្នាឯងផង និងជាមួយមន្ត្រីរាជការបុរសផង ដើម្បី​ប្រសិទ្ធ​ភាពការងារ និងជោគជ័យរួមរបស់ក្រសួងទាំងមូល។