ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានប្តេជ្ញាបង្កើនកិច្ចសហការដើម្បីអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក្នុងជំនួបសម្តែងការគួរសម កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣ បានប្តេជ្ញាបង្កើនកិច្ចសហការដើម្បីអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា។
នៅក្នុងជំនួបនោះ តំណាងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានថ្លែងអំណរគុណដល់ក្រសួងចំពោះការគាំទ្រនាពេលកន្លងមក ជាពិសេសទាក់ទងនឹងស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេសយានយន្ត។ ភាគីសហព័ន្ធបានស្នើសុំឱ្យក្រសួងបន្តគាំទ្រ និងជួយសម្របសម្រួលការប្រកួតប្រជែងដោយស្មើភាពសម្រាប់ទីផ្សាររថយន្តប្រណិត និងលក្ខខណ្ឌតម្រូវអនុលោមភាព ជាពិសេសស្តង់ដារបំភាយឧស្ម័ន EURO 4 ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់សហព័ន្ធចំពោះការរួមចំណែកដល់ការអភិវឌ្ឍ និងកំណើននៃវិស័យយានយន្តនៅកម្ពុជា និងលើកទឹកចិត្តឱ្យសហព័ន្ធសិក្សាលម្អិតពីផលចំណេញផ្នែកសេដ្ឋកិច្ច និងសក្ដានុពលរយៈពេលវែងនៃការផលិតយានយន្តក្នុងស្រុក ធៀបនឹងការនាំចូល។ ឯកឧត្តមក៏បានជម្រាមជូនដែរថាក្រសួងកំពុងខិតខំប្រឹងប្រែងពង្រីកស្តង់ដារកម្ពុជាទៅកាន់វិស័យផ្សេងទៀត ដើម្បីគាំទ្រដល់កំណើននៃការនាំចេញ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីសហព័ន្ធ និងមន្ត្រីជំនាញរបស់ក្រសួងបង្កើនកិច្ចទំនាក់ទំនងដោយបើកចំហ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជាក់លាក់ចំពោះរាល់បញ្ហារបស់វិស័យយានយន្ត។
យោងតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ទីផ្សាររថយន្តថ្មីរបស់កម្ពុជាបច្ចុប្បន្នមានចំណែក៣០ភាគរយ ដែលកាលពីប្រហែលជាមួយទសវត្សរ៍មុនមានតែ១០ភាគរយប៉ុណ្ណោះ។