ក្រសួងឧស្សាហកម្ម វបន និងភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិភាក្សាផែនការពង្រីកសេវាទឹកស្អាត

ក្រសួងឧស្សាហកម្ម វបន និងភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិភាក្សាផែនការពង្រីកសេវាទឹកស្អាត

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំ​ដោយ​នាយិកាប្រចាំប្រទេស លោកស្រី Sandrine Boucher ព្រមទាំងបានពិភាក្សាអំពីលទ្ធភាព​ពង្រីក​សមត្ថភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងការគាំទ្រដល់ប្រតិបត្តិករទឹកស្អាតផ្សេងទៀត​ក្នុងប្រទេស។

បន្ថែមលើគោលដៅដែលមានស្រាប់ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីអាទិភាពរបស់ក្រសួងក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការអភិ​វឌ្ឍសេដ្ឋកិច្ចជនបទ និងផ្តោតលើការផ្គត់ផ្គង់សម្រាប់​តំបន់​ទីក្រុង ច្រករបៀងសេដ្ឋកិច្ច តំបន់​ឧស្សា​ហកម្ម និងតំបន់កែច្នៃកសិផលជាដើម។

ទីភ្នាក់ងារ AFD បានសហការជាមួយរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញតាំងពីឆ្នាំ២០០២ ហើយ​ថ្មីៗ​នេះ​​បាន​​ផ្តល់ហិរញ្ញប្បទានចំនួន២០០លានអឺរ៉ូដល់កម្ពុជា សម្រាប់​ការអភិវឌ្ឍវិស័យ​ទឹក​ស្អាត។ លោកស្រីនាយិកាបានលើកឡើងថា ការវិនិយោគនេះបង្ហាញ​ពីការបន្ស៊ីបេសកកម្មរបស់ AFD ជាមួយនឹងរបៀបវារៈអភិវឌ្ឍន៍វិស័យទឹកស្អាតប្រកបដោយមហិច្ឆតារបស់ក្រសួង

AFD បានផ្តល់អ្នកជំនាញអន្តរជាតិ លោក Jacques Bertrand ដើម្បីគាំទ្រដល់ការបង្កើតផែនទី​បង្ហាញ​ផ្លូវមួយសម្រាប់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បី​សម្រេច​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីទឹក និងអនាម័យ (SDG6)

នៅក្នុងជំនួបនោះ លោក Bertrand បានសង្កត់ធ្ងន់ថា គោលដៅអនាម័យអាចសម្រេចទៅបាន លុះត្រាតែកម្ពុជាអាចសម្រេចគោលដៅទឹកស្អាត​ជាមុន។ លោកបានផ្តល់អនុសាសន៍ឱ្យពង្រឹង​សមត្ថភាព​របស់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាពិសេសការគ្រប់គ្រងធនធានមនុស្ស និងបច្ចេកទេស ព្រមទាំង​ពង្រឹងសមត្ថភាពសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីលើកកម្ពស់​ស្តង់​ដារ និងឧត្តមានុវត្តន៍ក្នុងវិស័យទឹក​ស្អាត​។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះសមិទ្ធផលរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញក្នុង​រយៈ​ពេល១៥ឆ្នាំកន្លង​មក​នេះ ពិសេសការពង្រីកបណ្តាញចែកចាយ និងបង្កើនការតភ្ជាប់​។ ឯកឧត្តម​បានជម្រាបជូនពីផែនការរបស់ក្រសួងក្នុងការគ្រប់គ្រងទឹកស្អាត​ប្រកប​យុទ្ធសាស្រ្ត រួមទាំងការសាង​​សង់អាងស្តុកទឹក រោងចក្រប្រព្រឹត្តកម្ម បណ្តាញចែកចាយ និងការ​លក់​ទឹកដុំ​សម្រាប់​ប្រតិបត្តិករ​ឯកជន។

បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វបន កំពុងរៀបចំធ្វើការវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាត​នៅ​ទូ​ទាំង​​​ប្រទេស និងប្រើប្រាស់សមត្ថភាពរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញដើម្បីជាប្រយោជន៍​ដល់​រដ្ឋាករ​ទឹកសាធារណៈផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីអាណត្តិកិច្ចរបស់ក្រសួងក្នុងការបង្កើតនិយតករទឹកស្អាត និងបាន​អញ្ជើញ AFD ឱ្យចូលរួមសហការជាមួយក្រសួងលើការងារបង្កើតផែនការមេ និងផែនការ​វិនិយោគ​​វិស័យទឹកស្អាត។