ឯកឧត្តម ហែម វណ្ណឌី ជំរុញការលើកកម្ពស់ស្តង់ដារផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ឯកឧត្តម ហែម វណ្ណឌី ជំរុញការលើកកម្ពស់ស្តង់ដារផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូសមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និងត្បូងមាន​តម្លៃ​កម្ពុជា ដឹកនាំដោយលោក ឆាយ ស៊ីណាត និងបានពិភាក្សាពីតួនាទី​សំខាន់​នៃ​ស្តង់ដារ និងការកសាងទំនុកចិត្ត ដើម្បីឱ្យផលិតផលគ្រឿងអលង្ការ និងត្បូងមាន​តម្លៃរបស់​កម្ពុជាអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

ភាគីសមាគមបានរាយការណ៍ពីការរីកចម្រើនរបស់ខ្លួន ចាប់តាំងពីការបង្កើតសមាគមក្នុងឆ្នាំ២០១៥ ដែល​​បច្ចុប្បន្នមានសមាជិកចំនួន៥៣ និងមានទំនាក់ទំនងដៃគូអន្តរជាតិដ៏រឹងមាំ។ សមាគមបានស្នើសុំ​ការ​គាំទ្រពីក្រសួងលើសកម្មភាពរបស់ខ្លួន ពិសេសការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ដែល​គ្រោង​ធ្វើក្នុងខែមីនា ឆ្នាំ២០២៣។ លោក ឆាយ ស៊ីណាត បានលើកឡើងថា ពិព័រណ៍នេះមានគោល​បំណង​ផ្សព្វផ្សាយ​មិនត្រឹមតែផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្ហាញពី​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យនេះផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះជាវិស័យដែលមាន​សក្តានុពលខ្លាំងក្នុងការបង្កើតបន្ថែមតម្លៃ។ ឯកឧត្តមបានសង្កត់ធ្ងន់​លើភាពចាំបាច់ក្នុងការរៀប​ចំ​វិស័យ​នេះ​ឱ្យមានលក្ខណៈជាផ្លូវការ និងប្រកាន់ខ្ជាប់នូវស្តង់ដារ ដើម្បីបង្កើនភាពប្រកួតប្រជែងជាសកល។ ឯកឧត្តមបានលើកទឹកចិត្តដល់សមាគមឱ្យសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា  និងមជ្ឈមណ្ឌល​មាត្រាសាស្ត្រជាតិ ដើម្បីទទួលបានការវាយតម្លៃទទួលស្គាល់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ​ដើម្បីពង្រីកការនាំចេញ។

 

ឯកឧត្តម​បានគូសបញ្ជាក់ថា ភាពសុទ្ធ គុណភាព និងរង្វាស់រង្វាល់ត្រឹមត្រូវមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្តអតិថិជនក្នុងវិស័យនេះ ហើយសមាគមអាចទទួលបានការ​គាំទ្រ​ពី​អ្នក​ជំនាញ​បច្ចេកទេសរបស់ក្រសួងលើការងារទាំងនេះ។

 

ឯកឧត្តមបានជំរុញការលើកកម្ពស់សេដ្ឋកិច្ចច្នៃប្រឌិត (creative economy) នៅក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ និងបានស្នើឱ្យសមាគមសហការជាមួយកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញជាងទង និងអ្នករចនាគ្រឿងអលង្ការ និងត្បូងមានតម្លៃ។

 

ឯកឧត្តមក៏បានណែនាំសមាគមឱ្យពង្រឹងទំនាក់ទំនងជាមួយសមភាគីឥណ្ឌា ដើម្បីទាញយក​អត្ថប្រយោជន៍​ពី​ឧត្តមភាព​របស់ឥណ្ឌាក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ​។