ឯកឧត្តម ហែម វណ្ណឌី ជំរុញការលើកកម្ពស់គុណភាព និងស្តង់ដារ សម្រាប់ផលិតកម្មអំបិល នៅខេត្តកំពត និងកែប

ឯកឧត្តម ហែម វណ្ណឌី ជំរុញការលើកកម្ពស់គុណភាព និងស្តង់ដារ សម្រាប់ផលិតកម្មអំបិល នៅខេត្តកំពត និងកែប

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពស្រែអំបិលក្នុងខេត្តកំពត ហើយបានជួប​សំណេះ​សំណាលជាមួយអ្នកផលិតអំបិលមកពីខេត្តកំពត និងខេត្តកែប ដើម្បីពិភាក្សាអំពីការលើកកម្ពស់គុណ​ភាព និង​ស្តង់ដារ​សម្រាប់ផលិតកម្ម​អំបិល​។

 

លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានរាយការណ៍ថា ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣.៤៨៩ ហិកតា មាន​ឃ្លាំង​ស្តុកអំបិលចំនួន៥៦០កន្លែង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១.៤៧៤ នាក់ ហើយ​កសិដ្ឋាន​ផលិតអំបិលក្នុងខេត្តដំណើរការបានរយៈពេល ៤ ទៅ ៦ ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាស​ធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងសេចក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយមន្ត្រី និងអ្នកផលិត​អំបិលក្នុងខេត្តទាំងពីរ ព្រមទាំងបានជម្រាបជូនពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋា​ភិបាល ដោយគូសរំលេចពីអាទិភាពនៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ ឯកឧត្តម​បាន​​បន្ត​ថា អាទិភាព​មួយរបស់រាជរដ្ឋាភិបាល​គឺ​ការ​ចលនា ដើម្បីលើកកម្ពស់ការ​ផលិតក្នុង​ស្រុក ដោយ​ផ្តោតលើ​គុណភាព ផលិតភាព និង​ភាពប្រកួត​ប្រជែង​លើទីផ្សារ។

ឆ្លៀតក្នុងឱកាសនៃការជួបសំណេះសំណាលនោះ ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកផលិតអំបិល និង​​អាជីវ​កម្ម​ដែលមានសក្តានុពលក្នុងខេត្តទាំងពីរ ដូចជាអាជីវ​កម្ម​ផលិតទឹកត្រី និងម្រេច ឱ្យ​សហ​ការ​ជាមួយ​ក្រសួង ​សម្រាប់ការគាំទ្រទាក់ទងនឹងគុណភាព និងស្តង់ដារផលិតផល។

ឯកឧត្តមបានគូសបញ្ជាក់ថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និង​សម្រាប់ការកែច្នៃផលិតផលផ្សេងៗ។ ឯកឧត្តមបានលើកឡើងអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ​២០២២​-២០២៦ និងបានជំរុញឱ្យអ្នកផលិតអំបិលឱ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែន​ជាទីផ្សារ​ប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រដើម្បីប្រព្រឹត្តកម្មទឹកស្អាតជាដើម។

ឆ្លើយតបនឹងសំណើសុំការគាំទ្រលើសេវាសាធារណៈ និងការលើកទឹកចិត្តនានារបស់អ្នកផលិតអំបិល ឯកឧត្តមបានលើកឡើងថា ក្រសួងកំពុងអនុវត្តកំណែទម្រង់មួយចំនួន រួមទាំងការកែ​សម្រួល​ថ្លៃ រយៈពេល និងសុពលភាពនៃសេវាសាធារណៈរបស់ខ្លួន និងកំពុងប្រែក្លាយមន្ទីរ​ពិសោធន៍ជាតិទៅជា​គ្រឹះស្ថានរដ្ឋបាលសាធារណៈ ក្នុងគោលបំណងផ្តល់សេវាប្រកបដោយ​វិជ្ជាជីវៈជូនដល់វិស័យ​ឯកជន។