ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្ត SentoSaSilk ឱ្យធ្វើជាអាជីវកម្មគំរូក្នុងអាជីវកម្មសូត្រនៅកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្ត SentoSaSilk ឱ្យធ្វើជាអាជីវកម្មគំរូក្នុងអាជីវកម្មសូត្រនៅកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប​តំណាង​ក្រុមហ៊ុន SentoSaSilk នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងបាន​លើក​ទឹកចិត្តក្រុមហ៊ុនឱ្យធ្វើ​ជា​អាជីវកម្មគំរូក្នុងអាជីវកម្មសូត្រនៅក្នុងប្រទេស។

ឯកឧត្តមបានលើកឡើងថា សូត្រគឺជាផលិតផលមរតកដូនតា និងមានគុណតម្លៃផ្នែក​វប្បធម៌​សម្រាប់​កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកំពុងផ្តោតការយកចិត្តទុកដាក់​លើវិស័យសិប្បកម្ម ដែលអាចរួម​ចំណែក​ដល់ការអភិរក្សសម្បត្តិវប្បធម៌ និងពង្រឹងសេដ្ឋកិច្ចច្នៃប្រឌិត ដែលរួមមានវិស័យ​សូត្រ។

នៅក្នុងជំនួបនោះ លោកស្រីសេង តក្កនារី នាយកគ្រប់គ្រងក្រុមហ៊ុន SentoSaSilk បានបង្ហាញពីការ​ប្តេជ្ញា​​ចិត្តរបស់ក្រុមហ៊ុនក្នុងការនាំយកបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប​របស់កម្ពុជាទៅកាន់ពិភពលោក។ លោក​ស្រីបានលើកឡើងថា ក្រុមហ៊ុនបានដំណើរការ​ជិតពីរទសវត្សរ៍មកហើយ និងត្រូវបានទទួលស្គាល់​ជា​អន្តរជាតិ ហើយក៏បានឈានជើង​ចូល​ក្នុងទីផ្សារអន្តរជាតិផងដែរ។

សហការជាមួយ Sota Cambodia Silk ក្រុមហ៊ុន SentoSaSilk បាននាំយកផលិត​ផល​សូត្រខ្មែរ​ដល់​អ្នក​ប្រើប្រាស់ក្នុងទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ ដោយបានបញ្ចូលវប្បធម៌ និងសិល្បៈហត្ថកម្ម​ដ៏ប៉ិន​ប្រសប់​ទៅ​ក្នុងស្នាដៃ​នៃ​ផលិតផលនីមួយៗ។

ទោះបីមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ ការបញ្ចូលវប្បធម៌ និងឧត្តមភាពសិល្បៈគឺ​ជា​ចំណុច​ពិសេស​សម្រាប់ភាពជោគជ័យរបស់ SentoSaSilk ។

លោកស្រីបានទទួលស្គាល់ពីតួនាទីដែលមិនអាចខ្វះបាននៃការចុះបញ្ជីផលិតផល និងបានអរគុណ​ចំពោះ​ការគាំទ្ររបស់ក្រសួងឧស្សាហកម្ម វបន ក្នុងការចុះបញ្ជីផលិតផល ដោយលើកឡើងថា៖ "ផលិតដែល​យើង​ខំ​​ផលិត​បាន បើមិនចុះបញ្ជី ប្រៀបបាននឹងកូនរបស់យើងដែលគ្មានបញ្ជីកំណើតអញ្ចឹងដែរ។" លោក​ស្រី​បានបន្តថា៖ការការពារដែលទទួលបានពីការចុះបញ្ជីផលិតផលមិនត្រឹមតែជួយសម្រួលដល់ការធ្វើ​ពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនុកចិត្តអតិថិជន និងភាពជឿជាក់លើផលិតផល​នៅលើឆាកអន្តរជាតិ​ផងដែរ។"

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាក្រសួងកំពុងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី​វិស័យសូត្រ​កម្ពុជា និងសូមលើកទឹកចិត្ត ​ SentoSaSilk ឱ្យសហការជាមួយមជ្ឍមណ្ឌលសូត្រខ្មែរ ដើម្បីពង្រីកមុខផលិតផលថ្មីៗ ចាប់យកបច្ចេកវិទ្យា និងអភិក្រមប្រកបដោយ​នវានុវត្តន៍ ដើម្បីបង្កើនភាពប្រកួតប្រជែង និងតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យ SentoSaSilk សហការជាមួយក្រសួងដើម្បីបង្កើតស្តង់ដារសម្រាប់​ផលិតផលសូត្រកម្ពុជា ដើម្បីបើក​ឱកាស​ថ្មី​សម្រាប់បង្កើនការនាំចេញ និងការទទួលស្គាល់ជាសកល។