ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តជ័យលាភីអាហារូបករណ៍នូវែលសេឡង់ឱ្យប្រកាន់យកមនសិការបន្តវេន

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តជ័យលាភីអាហារូបករណ៍នូវែលសេឡង់ឱ្យប្រកាន់យកមនសិការបន្តវេន

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍នូវែលសេឡង់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ហើយបានលើកទឹកចិត្តពួកគេឱ្យប្រកាន់យកមនសិការបន្តវេន ដោយត្រូវមានចំណេះជំនាញ និងត្រៀមខ្លួនដើម្បីបម្រើសង្គមជាតិ។

ខណៈដែលជ័យលាភីទាំងនេះគ្រោងនឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត​នៅប្រទេសនូវែលសេឡង់ ឯកឧត្តមបានអបអរសាទរ និងសម្តែងក្តីរីករាយដែលឃើញមានចំនួន​ជ័យលាភីជាស្ត្រីច្រើន។ នេះស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការចូលរួម​របស់​ស្ត្រី​ឱ្យបានកាន់​តែប្រសើរនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ក្រៅពីការខិតខំសិក្សារៀនសូត្រ ឯកឧត្តមបានណែនាំពួកគេឱ្យពង្រឹង​ភាព​ជាអ្នកដឹកនាំ ដោយ​បញ្ជាក់​ថា សមត្ថភាពក្នុងការដឹកនាំអ្នកដទៃគឺជាមូលដ្ឋាន​គ្រឹះសម្រាប់ការអភិវឌ្ឍ​អាជីព​នាពេលអនាគត។ ឯកឧត្តម​ក៏បានលើកទឹកចិត្តជ័យលាភី​ទាំងអស់​​ឱ្យបណ្តុះវប្បធម៌ចែករំលែក ការណែនាំបន្ត និងធ្វើជា​គំរូល្អដល់​អ្នក​ដទៃ។

ក្រោយជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យជ័យលាភីទាំងអស់​បង្កើន​ចំណេះ​ដឹង និងជំនាញផ្នែកបច្ចេកវិទ្យា ដោយរួមគ្នាពូនជ្រំបច្ចេកវិទ្យាឱ្យក្លាយជាគ្រឹះដ៏រឹងមាំ​សម្រាប់ការ​អភិវឌ្ឍ​គ្រប់វិស័យ។

ដោយរំពឹងថានឹងមានការផ្លាស់ប្តូររចនាសម្ព័ន្ធនៃសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ ឯកឧត្តមបានលើកឡើងថា បច្ចេកវិទ្យាដូចជាបញ្ញាសិប្បនិម្មិត ស្វ័យប្រវត្តិ​កម្ម បច្ចេកវិទ្យា​រូបូត និងដ្រូនជាដើម នឹងមានតួនាទី​កាន់​តែ​សំខាន់។

ឯកឧត្តមបានណែនាំឱ្យជ័យលាភីទាំងអស់ត្រៀមខ្លួន​ក្នុងវិស័យបច្ចេកវិទ្យា ដើម្បី​​រួមចំណែក​យ៉ាង​សកម្មដល់ការកសាងអនាគតបច្ចេកវិទ្យារបស់កម្ពុជា និងសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។