ឯកឧត្តម ហែម វណ្ណឌី ណែនាំជ័យលាភីអាហារូបករណ៍ Erasmus+ ឱ្យស្វែងយល់ពីវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅអឺរ៉ុប

ឯកឧត្តម ហែម វណ្ណឌី ណែនាំជ័យលាភីអាហារូបករណ៍ Erasmus+ ឱ្យស្វែងយល់ពីវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅអឺរ៉ុប

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍ Erasmus+ មក​ពី​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនឹងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ផ្នែកវិស្វកម្ម​រូប​ធាតុ និងគ្រឿងបង្គុំ នៅប្រទេសបារាំង។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរដល់ជ័យលាភីទាំងអស់ និងបានសង្កត់ធ្ងន់លើសារៈ​សំខាន់​នៃការបណ្តុះមូលធនមនុស្សដែលមានជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ជា​មូល​ដ្ឋាន​គ្រឹះនៃសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបានលើកទឹកចិត្តឱ្យជ័យលាភីទាំងអស់ស្វះស្វែងពង្រីកការយល់ដឹងលើជំនាញផ្សេងៗទៀត ក្នុងអំឡុងពេលនៃ​ការ​សិក្សា​ ព្រមទាំងគ្រប់គ្រងខ្លួនឯង និងភាពតានតឹងនានាឱ្យបានល្អ ជៀសវាងជំងឺបាក់ទឹកចិត្ត ដោយ​សារការលំបាកដែលអាចកើតមាន រួមទាំងការខុសប្លែកផ្នែកវប្បធម៌ និង​ការសិក្សាជា​ដើម។

បន្ថែមលើការខិតខំរៀនសូត្រ ការ​ទទួល​បានបទពិសោធន៍ និងការកសាងមិត្តភាពដ៏មានតម្លៃ ឯកឧត្តមក៏បានជំរុញឱ្យជ័យលាភីអាហារូបករណ៍ Erasmus+ ​ ​ប្រើប្រាស់​ឱកាសនៃការសិក្សារបស់ខ្លួន ដើម្បីរៀនសូត្រ និងស្វែងយល់ពីវិស័យ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់បារាំង និងអឺរ៉ុបផងដែរ។

ឯកឧត្តមបានលើកឡើងថា៖ "ប្អូនៗគួរឆ្លៀតឱកាសធ្វើទស្សនកិច្ចនៅប្រទេសជិតខាង ដូចជាអាល្លឺម៉ង់​ដើម្បី​ស្វែងយល់​ថាហេតុអ្វីគេពូកែខាងគ្រឿងម៉ាស៊ីន, ប្រទេសស្វីសដើម្បីស្វែងយល់ពី​វិស្វកម្ម​លម្អិត (Precision engineering) ដែលធ្វើឱ្យនាឡិកាស្វ៊ីសល្បីល្បាញ និងទស្សនកិច្ចក្រុមហ៊ុនធំៗ ដូចជា Airbus ដែលប្អូនៗ​អាច​ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងវិស្វកម្មទំនើប។"

បន្ទាប់ពីជម្រាបជូនពីអាណត្តិកិច្ចរបស់ក្រសួង ឯកឧត្តមបានបញ្ជាក់ជាថ្មីថា៖ “កម្ពុជារង់ចាំប្អូនៗត្រឡប់មកវិញ ព្រោះធនធានដែលមានជំនាញ​វិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានតម្រូវការខ្ពស់ ទាំងក្នុង​វិស័យ​សាធារណៈ និងឯកជន។”