ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តរោងចក្រស៊ីម៉ងត៍កម្ពុជា ចក្រីទីង ឱ្យបង្កើននវានុវត្តន៍

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តរោងចក្រស៊ីម៉ងត៍កម្ពុជា ចក្រីទីង ឱ្យបង្កើននវានុវត្តន៍

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួល​ជួប​តំណាងរោងចក្រស៊ីម៉ងត៍កម្ពុជា ចក្រីទីង ដឹកនាំដោយនាយកប្រតិបត្តិ លោក KE Hongwei នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ និងពិភាក្សាពីមធ្យោបាយអភិវឌ្ឍក្រុមហ៊ុននាពេលអនាគត។

ក្រោយថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងរយៈពេល១០ឆ្នាំកន្លងមក លោក KE Hongwei បានលើកឡើងពីផលប៉ះពាល់ដែលបង្កដោយ​វិបត្តិ កូវីដ១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល លើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងរយៈពេលពីរឆ្នាំចុង​ក្រោយ​នេះ។ លោកបានស្នើសុំការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពង្រឹងស្ថានភាពរបស់ក្រុមហ៊ុន និង​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវស្តង់ដារបរិស្ថានខ្ពស់។ លោកអគ្គនាយកបានបញ្ជាក់ថា តាមរយៈ​ការ​ប្រើប្រាស់​ជីវម៉ាស​ក្នុងផលិតកម្ម ក្រុមហ៊ុនបានកាត់បន្ថយការប្រើធ្យូងថ្មចំនួន ៥០.០០០ តោនក្នុងមួយ​ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានទទួលស្គាល់ការរួមចំណែករបស់រោងចក្រស៊ីម៉ងត៍កម្ពុជា ចក្រីទីង ដល់ការអភិវឌ្ឍ​ប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនទម្រង់ តែរោងចក្រ​ស៊ីម៉ងត៍កម្ពុជា ចក្រីទីង មានលក្ខណៈពិសេស ដោយសាររោងចក្រផ្តល់ការងារដល់ប្រជាជនក្នុងស្រុក ប្រើ​ វត្ថុធាតុ​ដើម​ក្នុងស្រុក និងផលិតដើម្បីបំពេញតម្រូវការក្នុងស្រុក។

ទោះជាវិស័យសំណង់មានការធ្លាក់ចុះនាពេលថ្មីៗ ដែលប៉ះពាល់ដល់តម្រូវការស៊ីម៉ងត៍ក៏ដោយ ឯកឧត្តម​បានបង្ហាញសុទិដ្ឋិនិយមថា ស្ថានភាពនេះនឹងប្រសើរឡើងវិញ ហើយបានណែនាំ​ក្រុមហ៊ុន​ តាមឱ្យទាន់​ការវិវត្ត​នៃនិន្នាការ បច្ចេកវិទ្យា និងតម្រូវការទីផ្សារ។

ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនបង្កើននវានុវត្តន៍ ដោយសិក្សាគំនិតផ្តួចផ្តើមថ្មីៗ ដូចជាការបំប្លែង​សំណល់​ពីសំណង់អគារទៅជាស៊ីម៉ងត៍ ឬផលិតជាធាតុចូលសម្រាប់ការសាងសង់ផ្លូវថ្នល់ជាដើម។ ឯកឧត្តម​បានលើកឡើងថា វាមានសារៈសំខាន់ណាស់ដែលក្រុមហ៊ុនត្រូវសម្របខ្លួនទៅតាមកាលៈទេសៈផ្លាស់ប្តូរ និង​រក្សា​វិធីសាស្រ្តបែបគិត​ឆ្ពោះ​ទៅមុខ។

​​​​​​​