សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុង KITAKYUSHU បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា

សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុង KITAKYUSHU បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា

នៅក្នុងជំនួបសំដែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូមកពីសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុង KITAKYUSHU ប្រទេសជប៉ុន ដឹកនាំដោយលោក Kaneo Akitoshi អគ្គនាយករដ្ឋាករទឹក និងអនាម័យ ក្រុង Kitakyushu បានបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីក្នុងការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។

លោក Akitoshi បានលើកឡើងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងក្រុង KITAKYUSHU ចាប់ពីឆ្នាំ១៩៩៩មក។ ការបន្តការគាំទ្ររបស់ក្រុង KITAKYUSHU រួមទាំងការបញ្ជូនអ្នកបច្ចេកទេសមកធ្វើការ​ងារក្នុងវិស័យទឹកស្អាតនៅកម្ពុជា និងការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង KITAKYUSHU និងទីក្រុងភ្នំពេញ​​ក្នុងឆ្នាំ២០១៦ បញ្ជាក់ ពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងភាគីទាំងពីរ។

ជាមួយនឹងការឈានដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍវិស័យទឹកស្អាតនៅប្រទេសកម្ពុជា ក្រោយការអនុម័ត​ច្បាប់​ស្តី​ពីការគ្រប់គ្រង​ទឹកស្អាត ឆ្នាំ២០២៣ សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុង KITAKYUSHU បានបង្ហាញការប្តេជ្ញាចិត្ត​របស់ខ្លួនក្នុង​ការសហការ​ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  ដោយផ្តោតលើការ​ជួយដល់​វិស័យទឹកស្អាតរបស់កម្ពុជា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រីបានទទួលស្គាល់តួនាទីដ៏សំខាន់របស់មិត្តជប៉ុន ជាពិសេសក្នុងវិស័យទឹកស្អាត។ ឯកឧត្តមបានបញ្ជាក់ជូនពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តល់​អាទិភាពខ្ពស់​ដល់វិស័យទឹកស្អាត ដូច​បានកំណត់​ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ឯកឧត្តមបានបន្ថែមថា គោលដៅរបស់ក្រសួងគឺមិនត្រឹមតែផ្តត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះទេ តែជាធាតុចូលសំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសនៅតំបន់​ជនបទ។

ឆ្លើយទៅកាន់គណៈប្រតិភូជប៉ុនដែលមានសមាជិកប្រមាណ៣០រូប ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់នៃ​អភិក្រមគ្រប់ជ្រុងជ្រោយ រួមទាំងការរៀបចំផែនការយុទ្ធសាស្រ្ត និង​ផែន​ការ​វិនិយោគ​​ដែលដឹកនាំ​ដោយរដ្ឋ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់​ទាំងប្រតិ​បត្តិ​ករទឹកស្អាតឯកជន រដ្ឋាករទឹក និង​ប្រជាពលរដ្ឋ ដោយនឹងអាចតម្រូវឱ្យមានការរួមកម្លាំង មធ្យោបាយ និងធនធានដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរជាដុំកំភួនក្នុងវិស័យនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីផែនការរបស់ក្រសួងសម្រាប់វិស័យទឹកស្អាត រួមទាំងការរៀបចំផែនការមេ និង យុទ្ធសាស្ត្រ​វិនិយោគ និងបានស្នើឱ្យសមាគមបន្តការគាំទ្ររបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ដែលរួមបញ្ចូលទាំងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យទឹកស្អាតផងដែរ