វិនិយោគិនកូរ៉េចាប់អារម្មណ៍កម្ពុជាសម្រាប់ការផលិតទូរទស្សន៍ និងអេក្រង់ LED

វិនិយោគិនកូរ៉េចាប់អារម្មណ៍កម្ពុជាសម្រាប់ការផលិតទូរទស្សន៍ និងអេក្រង់ LED

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូធុរកិច្ចកូរ៉េ ដឹកនាំដោយលោក Chang Young Lim នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SandWell PetroGas Co., Ltd. នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ និងបានពិភាក្សាអំពីចំណាប់អារម្មណ៍របស់វិនិយោគិនកូរ៉េក្នុងការបង្កើតខ្សែច្រវាក់ផលិតកម្ម​សម្រាប់ទូរទស្សន៍ និងអេក្រង់ LED នៅក្នុងប្រទេសកម្ពុជា។

លោក Chang Young Lim បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃការនាំចូលគ្រឿងបន្លាស់ (Semi Knocked Down Parts) សម្រាប់ផ្គុំដំឡើង ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ាកយីហោល្បីៗ​ដែល​កំពុង​មានវត្តមាន​នៅ​ក្នុងទីផ្សារកម្ពុជា ហើយដំណាក់កាលបន្ទាប់អាចបង្កើតម៉ាកយីហោក្នុងស្រុកផងដែរ។។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាកម្ពុជា និងកូរ៉េមានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា។ កូរ៉េបានបង្កើតគំរូជោគ​ជ័យ​នៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ ដែលកម្ពុជាអាចរៀនសូត្រ ហើយកម្ពុជាស្វាគមន៍​វិនិយោគិន​កូរ៉េ។ ឯកឧត្តមបានបញ្ជាក់ជំហរគាំទ្រធុរកិច្ច និងគាំទ្រការវិនិយោគរបស់​កម្ពុជា ក្រោមការដឹក​នាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងបានលើកទឹកចិត្តគណៈប្រតិភូ​ឱ្យស្វែងយល់​ពីលទ្ធ​ភាព​នៃការបង្កើតខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេស។

ឯកឧត្តមបានជម្រាបជូនពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា រួមមានអាកាសយានដ្ឋានអន្តរជាតិថ្មីៗជាច្រើនកន្លែង ផ្លូវល្បឿនលឿន ផ្លូវជាតិ និងកំពង់ផែទឹកជ្រៅ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និង
អគ្គិសនី រួមជាមួយនឹងបរិយាកាសនយោបាយប្រកបដោយស្ថិរភាព និងទំនាក់ទំនងវិស័យការងារល្អ​ប្រសើរ ដែល​ជាកត្តាអំណោយផលសម្រាប់ការវិនិយោគ។

ឆ្លើយតបនឹងកង្វល់អំពីកម្លាំងពលកម្មជំនាញ ឯកឧត្តមបានជម្រាបជូនអំពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ និងបញ្ជាក់ថាកម្ពុជាបានបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលអាចសហការគាំទ្រដល់ការបណ្តុះបណ្តាលបុគ្គលិករបស់វិស័យឯកជន។

ឯកឧត្តមក៏បានលើកទឹកចិត្តគណៈប្រតិភូឱ្យពិចារណាលើការផលិតវត្ថុធាតុដើមក្នុងស្រុក ដែលស្រប​តាម គោលដៅរបស់កម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម ពង្រឹងភាព​គ្រប់​គ្រាន់ដោយខ្លួនឯង និងរួមចំណែកកាន់តែប្រសើរដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។