ក្រុមហ៊ុន Huawei ប្តេជ្ញាសហការជាមួយក្រសួងឧស្សាហកម្ម វបន និងបន្តនាំយកបច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗបំផុតមកកម្ពុជា

ក្រុមហ៊ុន Huawei ប្តេជ្ញាសហការជាមួយក្រសួងឧស្សាហកម្ម វបន និងបន្តនាំយកបច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗបំផុតមកកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូពីក្រុមហ៊ុន Huawei នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ និងបានពិភាក្សាពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យា​ក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមបានកោតសរសើរដល់ការរួមចំណែករបស់ Huawei ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​របស់​​កម្ពុជា និងបានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាការអភិវឌ្ឍ​ធនធាន​មនុស្ស ការជំរុញការចាប់យកបច្ចេកវិទ្យាដោយសហគ្រាសធុនតូច និងមធ្យម និងការលើក កម្ពស់ជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាជាដើម។

ឯកឧត្តមក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់ក្រសួងក្នុងការធ្វើបរិវត្តកម្មឌីជីថលនៃសេវាកម្មសាធារណៈ របស់ខ្លួន។

ដោយលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងគ្រប់វិស័យ ឯកឧត្តមបានលើក​ទឹកចិត្ត​ក្រុមហ៊ុន​ឱ្យធ្វើការកៀរ​គរ​​យុវជនកម្ពុជាឱ្យចាប់យកអាជីពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកឧត្តម​បាន​សង្កត់ធ្ងន់លើ​តម្រូវ​ការ​​សម្រាប់​សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការប្រើប្រាស់​បច្ចេកវិទ្យា ដោយ​ក្នុង​នោះ Huawei អាចដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់​ការ​ចាប់យកបច្ចេកវិទ្យា​ក្នុងចំណោម​សហគ្រាស​ទាំងនេះ។

លោក យ៉ៅ សុវណ្ណ ប្រធានភូមិភាគតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំ​ប្រទេសកម្ពុជា បានជម្រាបជូនពីលទ្ធផលហិរញ្ញវត្ថុ​ដ៏ល្អ​ប្រសើររបស់​ក្រុមហ៊ុន ជាមួយនឹងប្រាក់​ចំណូលជាង១០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។ លោកបាន​បញ្ចាក់​ថា ក្រៅពីឧបករណ៍ឆ្លាតវៃ Huawei មានផលប័ត្រអាជីវកម្មជាច្រើន រួមទាំងដំណោះស្រាយ​សហគ្រាស សេវា Cloud ដំណោះ​ស្រាយ​ថាមពលបៃតង និងរថយន្តអគ្គិសនីជាដើម។ លោកបានស្នើបន្តកិច្ចសហប្រតិបត្តិការជាមួយ​ក្រសួង​ឧស្សាហ​កម្ម និងគ្រោងចូលរួមក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលខាងមុខ ដើម្បី​បង្ហាញពីដំណោះស្រាយបច្ចេកវិទ្យាថ្មីៗរបស់ Huawei ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងនូវគំនិតផ្តួចផ្តើមរួមគ្នាមួយចំនួន ដូចជាការបង្កើតកម្មវិធីពានរង្វាន់​បច្ចេក​វិទ្យា Huawei ដែលស្រដៀងនឹងពានរង្វាន់សហគ្រិនខ្មែរ ដើម្បីជំរុញការចាប់យកដំណោះស្រាយបច្ចេក​វិទ្យា ក្នុង​ចំណោមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងលើកកម្ពស់ការអនុវត្តឧស្សាហកម្មបៃតង។

ឯកឧត្តម​បានលើកទឹកចិត្តឱ្យ Huawei អភិវឌ្ឍវិស័យរថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា ដោយ​ស្នើឱ្យ​មាន​ការសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីបង្កើតស្តង់ដារកម្ពុជា​សម្រាប់រថយន្ត​អគ្គិ​សនី។ ឯកឧត្តម​ក៏បានជំរុញឱ្យក្រុមហ៊ុនសហការជាមួយក្រសួងឧស្សាហកម្ម វបន ដើម្បីលើកម្ពស់ការអនុវត្ត​ទិន្នន័យ​បើក​ចំហ ដោយបញ្ជាក់ថា ការចែករំលែកទិន្នន័យ (Big Data) គឺជាកត្តាសំខាន់សម្រាប់​ប្រសិទ្ធភាពនៃសេដ្ឋ​កិច្ចកម្ពុជា។