ការខួងដាក់បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប ប្រវែង៥៤០ម៉ែត្រ បានបញ្ចប់ដោយជោគជ័យ

ការខួងដាក់បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប ប្រវែង៥៤០ម៉ែត្រ បានបញ្ចប់ដោយជោគជ័យ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរការខួងដាក់បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប ចាប់ពីត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ ម៉ែត្រ ដែលបានប្រសិទ្ធនាមថា មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន សែន

តម្រូវការនៃការប្រើប្រាស់ទឹកស្អាតក្នុងទីក្រុងភ្នំពេញមានកំណើនយ៉ាងគំហុកចាប់ពីដើមទស្សវត្សរ៍ឆ្នាំ២០១០មក ដោយសារនគរូបនីយកម្ម កំណើននៃសំណង់អគារខ្ពស់ៗ កំណើនប្រជននៅក្នុងទីក្រុង និង ​ការ​រីក​លូតលាស់​​នៃ​សេដ្ឋកិច្ច។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបាន និងកំពុងបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនជាបន្តបន្ទាប់។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ ម៣/ថ្ងៃ ត្រូវបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២៣ ហើយគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥.០០០ ម៣/ថ្ងៃ ដូចគ្នា បច្ចុប្បន្ន សម្រេចការងារសាងសង់បានប្រមាណ៩៥% និងគ្រោងដាក់ឱ្យដំណើរក្នុងត្រីមាសទី១ ឆ្នំា២០២៤។

ជាមួយគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២នេះ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ នឹងកើនឡើងដល់១លាន ម៣/ថ្ងៃ ដែលនឹងបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ រួមទាំងក្នុងរដូវប្រាំងដែលមានតម្រូវការប្រើប្រាស់ទឹកខ្ពស់បំផុតផងដែរ។