ឯកឧត្តម ហែម វណ្ណឌី ចែករំលែកអំពីដំណើរអភិវឌ្ឍន៍ និងចក្ខុវិស័យកម្ពុជាសម្រាប់អនាគត ជាមួយ និស្សិតសាកលវិទ្យាល័យ Cornell

ឯកឧត្តម ហែម វណ្ណឌី ចែករំលែកអំពីដំណើរអភិវឌ្ឍន៍ និងចក្ខុវិស័យកម្ពុជាសម្រាប់អនាគត ជាមួយ និស្សិតសាកលវិទ្យាល័យ Cornell

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Cornell ដឹកនាំ​ដោយ​លោកស្រីបណ្ឌិត Diva Vanchan និងសាស្ត្រាចារ្យ Richard Fincher ។  បណ្ឌិត Vanchan បាន​សម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា និងបានជម្រាបពីចំណាប់អារម្មណ៍​របស់ក្រុម​និស្សិត​លើការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសក្នុង​វិស័យ​បញ្ញា​សិប្ប​និ​មិត្ត។

ក្នុងកិច្ចសន្ទនាប្រកបដោយភាពកក់ក្តៅនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់ដល់ក្រុមនិស្សិតពីដំណើរ​ប្រវត្តិ​សាស្ត្រ​របស់កម្ពុជា ពីសម័យកាលដ៏រុងរឿងនៃអាណាចក្រខ្មែរ ទៅរបបខ្មែរក្រហមដ៏ខ្មៅងងឹត រហូតដល់​ការ​ដឹកនាំរដ្ឋបច្ចុប្បន្នដែលមានសេដ្ឋកិច្ចកំពុករីកលូតលាស់។

ប្រធានបទសំខាន់មួយនៃកិច្ចសន្ទនានេះគឺភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ ឯកឧត្តម​បាន​​ជម្រាប​អំពីអាណត្តិកិច្ចរបស់ក្រសួង និងបានពិភាក្សាប្រធានបទសំខាន់ៗជាច្រើន ដូចជាការផ្គត់​ផ្គង់​ទឹក​ស្អាត ជំនួយអភិវឌ្ឍន៍ផ្លូវការ ទំនាក់ទំនងឧស្សាហកម្មជាមួយម៉ាកយីហោល្បីៗ អាទិភាពនៃហេដ្ឋា​រចនា​​សម្ព័ន្ធ វឌ្ឍនភាពហិរញ្ញវត្ថុសាធារណៈ និងចក្ខុវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសជាដើម។

ឯកឧត្តមបានជំរុញឱ្យគណៈប្រតិភូមើលមកកម្ពុជាមិនត្រឹមតែជាទីផ្សារនៃប្រជាជន១៧ លាននាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែជាផ្នែករួមមួយនៃអាស៊ាន និងក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន​ដែល​កម្ពុជា​បានចុះ​ហត្ថ​លេ​ខា រួមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។ ឯកឧត្តម​បាន​គូស​បញ្ជាក់​​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា​ជា​គោលដៅ​វិនិយោគ ដោយ​លើក​ឡើង​អំពី​ស្ថិរភាព​នយោ​បាយ និង​ស្ថិរភាពទំនាក់ទំនង​ឧស្សាហកម្ម។

ដោយបង្ហាញពីសុទិដ្ឋិនិយមសម្រាប់អនាគត ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីរបស់យុវជន​ដែលមាន​សមត្ថភាពផ្នែកបច្ចេកវិទ្យា និងភាសាអង់គ្លេស ថាជាកម្លាំងចលករ ដើម្បីទាញយកប្រយោជន៍​ពីវិទ្យា​សាស្ត្រ និងបច្ចេក​វិទ្យា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។

សាកលវិទ្យាល័យ Cornell គឺជាសមាជិកនៃ Ivy League ដែលជាក្រុមនៃមហាវិទ្យាល័យ និងសាកល​វិទ្យាល័យឯកជននៅសហរដ្ឋអាមេរិកដ៏មានកិត្យានុភាពចំនួន៨ ដែលល្បីល្បាញខាងឧត្តមភាពសិក្សា ប្រវត្តិដ៏សម្បូរបែប និងដំណើរការជ្រើសរើសនិស្សិតដ៏តឹងរឹង។