ឯកឧត្តម ហែម វណ្ណឌី រាយការណ៍ពីអាណត្តិកិច្ច និងរបៀបវារៈជាអាទិភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនរដ្ឋសភា

ឯកឧត្តម ហែម វណ្ណឌី រាយការណ៍ពីអាណត្តិកិច្ច និងរបៀបវារៈជាអាទិភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនរដ្ឋសភា

ឯកឧត្តម  ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃអង្គារ ទី៩
ខែមករា ឆ្នាំ២០២៤ បានដឹកនាំសហការីដែលជាថ្នាក់ដឹកនាំក្រសួងទៅកាន់វិមានរដ្ឋសភា ដើម្បីរាយការណ៍ជូន “គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់” (គណៈកម្មការទី៩) របស់រដ្ឋសភា ដែលដឹកនាំដោយ​លោកជំទាវ និន សាផុន។

នៅក្នុងបទបង្ហាញនោះ ឯកឧត្តមបានផ្តល់នូវទិដ្ឋភាពទូទៅនៃអាណត្តិកិច្ចរបស់ក្រសួង អភិក្រមនៃការអនុវត្តបេសកកម្ម របៀបវារៈជាអាទិភាព ព្រមទាំងស្ថានភាពរួម បញ្ហាប្រឈម និងកាលានុវត្តភាពនៅក្នុងវិស័យនានាក្រោមអាណត្តិកិច្ចរបស់ក្រសួង។

អាណត្តិកិច្ចចំនួន១០ដែលត្រូវបានរាយការណ៍ជូនគណៈកម្មការទី៩ រួមមាន វិស៏យឧស្សាហកម្ម, វិស័យសហគ្រាសធុតូចនិងមធ្យម និងសិប្បកម្ម, ការងារកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព (តាមរយៈសហគ្រិនខ្មែរ), ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, វិស័យទឹកស្អាត, ការងារវិទ្យាស្ថានជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ការងារវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ការងារវាយតម្លៃទទួលស្គាល់, ការងារមាត្រាសាស្ត្រ, ការងារស្តង់ដារូបនីយកម្ម បទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម។

ការរាយការណ៍ផ្ទាល់មុខជូនរដ្ឋសភានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងចំពោះអាណត្តិកិច្ចទាំងអស់របស់ខ្លួន និងការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈម និងប្រើប្រាស់កាលានុវត្តភាពនៅក្នុងវិស័យទាំងនេះ។ នេះក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ការទំនាក់ទំនងប្រកបដោយតម្លាភាព និងកិច្ចសហការរវាងក្រសួង និងអង្គនីតិប្បញ្ញត្តិ។