ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ភាគីសមាគមបានរាយការណ៍ អំពីសកម្មភាពការងាររបស់ខ្លួនក្នុងការគាំទ្រសហគ្រិនកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងសមាគម និងក្រសួងនាពេលកន្លងមក ព្រមទាំងបានស្នើសុំឱ្យមានការពង្រឹងកិច្ចសហប្រិតិបត្តិការ ការគាំទ្រ និងការសន្ទនាដោយបើកចំហជាមួយឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកសំណូមពរ និងកោតសរសើរចំពោះភាពសកម្មរបស់សមាគមនាពេលកន្លងមក។ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដើម្បីឱ្យ YEAC មានភាពរឹងមាំក្លាយជាដៃគូសន្ទនារបស់រាជរដ្ឋាភិបាលដ៏មានសមត្ថភាព និងរួមចំណែកកាន់តែប្រសើរដល់ការរៀបចំ និងការអនុវត្តគោលនយោបាយដែលផ្អែកលើភស្តុតាងច្បាស់លាស់ សំដៅគាំទ្រ និងអភិវឌ្ឍសហគ្រិនកម្ពុជា។ ឯកឧត្តមក៏បានជម្រាបជូនអំពីរបៀបវារៈជាអាទិភាពក្នុងការធ្វើបរិវត្តកម្ម និងឌីជីថលូបនីយកម្មសេវាកម្មសំខាន់ៗរបស់ក្រសួងសំដៅគាំទ្រធុរជន ដែលរួមមានសេវាធ្វើតេស្តផលិតផលគំរូ (Prototype) សេវាមន្ទីរពិសោធន៍ និងស្តង់ដារជាដើម និងស្នើឱ្យសមាគមចូលរួមសហការក្នុងភាពជាដៃគូឱ្យបានផុលផុស។