កម្ពុជា និងវៀតណាម ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កម្ពុជា និងវៀតណាម ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម HUYNH Thanh Dat រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាធារណៈរដ្ឋសង្គមនិយម​វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការ​យោគ​យល់​គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងទីក្រុងហាណូយ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រីនៃ​សាធារណ​រដ្ឋសង្គមនិយមវៀតណាម។ អនុស្សរណៈយោគយល់គ្នានេះមានគោលបំណង​ជំរុញ​កិច្ចសហប្រតិ​បត្តិ​ការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍តាមរយៈកិច្ចខិតខំរួម ដោយផ្អែកលើគោលការណ៍សមភាព សមធម៌ ផលប្រយោជន៍រួម និងអត្ថប្រយោជន៍ទៅវិញទៅមក។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ភាគីទាំងពីរមានគោលបំណងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍តាមរយៈការគាំទ្រគ្នា និងឈរលើគោលការណ៍ទៅវិញទៅមក។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និង​វៀតណាម ែលនឹងជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងប្រទេសទាំងពី ក៏ដូចជារួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងនៅលើពិភពលោកក្នុងវិស័យនេះ។