កម្ពុជា និងថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

កម្ពុជា និងថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ។

ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនអត្ថប្រយោជន៍ទៅវិញទៅមកពីការរីកចម្រើនក្នុងវិស័យសិក្សាធិការ និងបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការនឹងផ្តោតលើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍, ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត និងអ្នកឯកទេសរវាងគ្នា, ការផ្លាស់ប្តូរព័ត៌មាន, ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ វិទ្យាសាស្រ្ត និងបច្ចេកទេសជាដើម។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានធ្វើឡើងនៅទីក្រុងបាងកក នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងលោកជំទាវ ISARABHAKDI Supamas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រះរាជាណាចក្រថៃ។