កម្ពុជា ជប៉ុន ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត

កម្ពុជា ជប៉ុន ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត

ភាគីពាក់ព័ន្ធនឹងវិស័យទឹកស្អាតមកពីប្រទេសកម្ពុជា និងជប៉ុន បានជួបជុំគ្នា នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី១៦ ដើម្បីស្វែងយល់​ពីដំណោះស្រាយ បញ្ហាប្រឈម និងឱកាសក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានអ្នកចូលរួមប្រមាណ១៨០នាក់ ក្រោមគោលដៅជំរុញកិច្ច​សហប្រតិ​បត្តិការក្នុងចំណោមស្ថាប័ននានា ដូចជាក្រសួងឧស្សាហកម្ម វបន ក្រសួងសុខាភិបាល ការងារ និង​សុខុមាល​ភាពជប៉ុន ស្ថានទូតជប៉ុន ទីភ្នាក់ងារ JICA រដ្ឋបាលក្រុងគីតាឃ្យុស៊ុ សមាគមអាជីវកម្មទឹក​ស្អាត​ក្រៅ​ប្រទេស ក្រុងគីតាឃ្យុស៊ុ មន្ទីរឧស្សាហកម្ម រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាត​ឯកជនជាដើម។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះ​ការ​អភិ​វឌ្ឍ​វិស័យទឹកស្អាត ដែលជាអាទិភាពសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយរាជ​រដ្ឋា​ភិបាលមាន​គោល​ដៅសម្រេចឱ្យបានការទទួលបានសេវាទឹកស្អាតសម្រាប់បរិភោគជាសាកល ​នៅត្រឹមឆ្នាំ​២០៣០។ 

សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ សិក្ខា​សា​លាលើកទី១៦នេះ មានគោលដៅផ្តល់បច្ចុប្បន្នភាពវិស័យ​ទឹកស្អាតរបស់កម្ពុជា​ បញ្ហាប្រឈម ការប្រែ​ក្លាយពីអង្គភាពរដ្ឋាករ​ទឹក​ជាសហគ្រាសសាធារណៈ, និងការពិភាក្សា​​ពីកិច្ច​ដំណើរ​ការប្រតិបត្តិ​ការរបស់​រដ្ឋា​ករ​ទឹកសាធារណៈ និងប្រតិបត្តិករ​ឯកជន ។ ក្រុមហ៊ុនជប៉ុនក៏បាននាំយកបច្ចេកវិទ្យាថ្មីៗសម្រាប់ការគ្រប់​គ្រង​ទឹកស្អាត ​តាម​រយៈការធ្វើបទបង្ហាញ និងការតាំងពិព័រណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "ក្រសួងក៏បាន និងកំពុងប្រឹងប្រែង​ជំរុញ​ការរៀបចំ​កសាង​ឯកសារ​បទដ្ឋាន​គតិយុត្ត, ពង្រឹងរដ្ឋាករទឹកសាធារណៈដែលទើបប្រែក្លាយជាសហគ្រាសសាធារណៈ, ​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​ និងរៀបចំ​មូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាតជាដើម។ ការជួយគាំទ្រ​ពីសមភាគី​ជប៉ុនពិតជាមាន​សារៈសំខាន់​មិនអាចកាត់ថ្លៃបាន សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតរបស់​កម្ពុជា​។”

គម្រោង​ដែល​ទើប​នឹងដាក់ឱ្យដំណើរការ​ថ្មីៗ​​ ក្រោមជំនួយឥតសំណង និងហិរញ្ញប្បទាន​សម្បទាន​​របស់​ជប៉ុនរួម​មាន រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាតនៅ​ខេត្ត​កំពង់ធំ និង​រោងចក្រ​ផលិត​ទឹកស្អាត​កម្ពុជា-ជប៉ុន ក្រុង​ពោធិ៍សាត់។ គម្រោងដែលកំពុងអនុវត្តក្រោមជំនួយរបស់ជប៉ុន ដូចជាការ​សាងសង់រោងចក្រផលិតទឹក​ស្អាត​​ស្វាយរៀង និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាករទឹកស្វ័យតភ្នំពេញ និងរដ្ឋាករទឹកស្វ័យតសៀមរាប បង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ភាគីទាំងពីរក្នុងការជំរុញរបៀបវារៈទឹកស្អាត។

គួររំលឹកថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេស​ជប៉ុនកាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ កិច្ចព្រមព្រៀងជំនួយអភិវឌ្ឍន៍ផ្លូវការស្តីពីការផ្តត់ផ្គង់​ទឹកស្អាតត្រូវបានចុះហត្ថលេខា ដើម្បី​ផ្តល់ការគាំទ្រ និងបច្ចេកវិទ្យាថ្មីៗ សម្រាប់បង្កើនសមត្ថភាពផ្គត់ផ្គង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត​រ​បស់​កម្ពុជា។