កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និសីទរដ្ឋមន្ត្រីនៃអង្គការ OECD

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និសីទរដ្ឋមន្ត្រីនៃអង្គការ OECD

ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ — ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្ត​របស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និសីទ OECD ក្នុងទីក្រុងប៉ារីស ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អង្គការ OECD បានប្រមូលផ្តុំ​មេដឹកនាំពិភពលោកមកជួបជុំគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងជំរុញសកម្មភាពបរិវត្តកម្ម​វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុង​បទ​អន្តរាគមន៍​ជូនដល់អង្គ​សន្និសីទ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ការ​ផ្តល់សារៈសំខាន់​របស់​កម្ពុជាដល់សមាហរណកម្ម​​តំបន់នានា ជាពិសេស​តាមរយៈ​ស្ថាប័ន​តំបន់ដូចជា​អាស៊ាន ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមផ្សេងៗរបស់​កម្ពុជា ក្នុង​​ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជាការ​កែ​លម្អបរិយា​កាស​ធុរកិច្ច និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។

យុទ្ធសាស្ត្រស្នូលមួយនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាគឺផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ ដែលផ្តល់អាទិភាពដល់អភិបាលកិច្ច ការអប់រំ ការស្រាវជ្រាវ កិច្ចសហប្រតិ​បត្តិ​ការ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់បន្ថែមដល់អង្គសន្និសីទអំពីសារៈ​សំខាន់​នៃការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាទៅក្នុង​សហគ្រាស ពិសេសក្នុងវិស័យឯកជន ដើម្បីឱ្យពួកគេបង្កើនផលិតភាព និងរួមចំណែកកាន់តែប្រសើរដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានបង្ហាញជំហក្នុងការជំរុញបរិយាប័ន្ន សមធម៌ និងនិរន្តរភាព ក្នុងការអភិវឌ្ឍ
វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលស្របតាមកម្មវត្ថុនៃគណៈកម្មា​ធិការសម្រាប់​គោល​នយោ​បាយ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ (CSTP 2024) ។

ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់​កិច្ចសហប្រតិ​បត្តិការអន្តររដ្ឋាភិបាល និងអន្តរវិស័យ ដើម្បី​ជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និង​ធានាបាននូវ​អត្ថប្រ​យោជន៍សង្គមពីការ​រីកចម្រើនផ្នែកបច្ចេក​វិទ្យា។ ឯកឧត្តមក៏បាន​អំពាវនាវ​ឱ្យមាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងក្នុងការ​សហការ​បង្កើត​ផែនទី​បង្ហាញ​ផ្លូវ​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយ​ប្រើ​កម្លាំង​រួម ​ដើម្បីកសាង​អនាគតមួយដែលកាន់តែមាននិរន្តរភាព​។

អង្គការ OECD បានកំណត់អាទិភាពមួយចំនួនរបស់សម្រប់សន្និសីទនេះ ផ្តោតលើការដោះស្រាយ​បញ្ហា​ប្រឈមរួម និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អាទិភាព​ទាំងនោះរួមមានការបង្កើតគោលនយោបាយអភិបាលកិច្ចរហ័សរហួន ការលើកកម្ពស់ជីវសេដ្ឋ​កិច្ច​​ដែល​មានភាពធន់ ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​ស្រាវ​ជ្រាវ និងការបង្កើនទំនុកចិត្តសង្គមលើគំនិតផ្តួចផ្តើមផ្នែកវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការជំរុញនវានុវត្តន៍ អ្នករៀបចំ​គោលនយោបាយដែលចូលរួមក្នុងសន្និសីទនេះក៏មានបំណងផ្តល់អាទិ​ភាព​លើក្រមសីលធម៌នៃការអភិវឌ្ឍបច្ចេកវិទ្យា និងអត្ថប្រយោជន៍សង្គមផងដែរ។

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាមានការវិវត្តជឿនលឿនយ៉ាងឆាប់រហ័ស ហើយបញ្ហាសកលកាន់តែមាន​ភាពស្មុគស្មាញ, ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺ​ជារឿងមិនអាចខ្វះបាន។ ការបញ្ជាក់ជំហ​បុរេសកម្មរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ស្រប​តាម​កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់សហគមន៍អន្តរជាតិ​ ​ក្នុងការ​ជំរុញ​សក្តានុពលនៃបរិវត្តកម្មវិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់វិបុលភាពសង្គម។