នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍ Stipendium Hungaricum ដែលនឹងចេញទៅបន្តការសិក្សានៅប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ ក្រុមជ័យលាភីអាហារូបករណ៍នេះ រួមមាននិស្សិតបន្តការសិក្សាថ្នាក់បណ្ឌិត៣រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៧រូប ថ្នាក់បរិញ្ញាបត្រដែលបន្តទៅបរិញ្ញាបត្រជាន់ខ្ពស់២រូប និងនិស្សិតថ្នាក់បរិញ្ញាបត្រ៧រូប។
ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់ជ័យលាភីទាំងអស់ ដែលបានឈ្នះអាហារូបករណ៍នេះ និងបានបញ្ជាក់ថា ពួកគេជាធនធានសំខាន់របស់ជាតិ ហើយការរួមចំណែករបស់ពួកគេ ពិសេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាន់តែមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងពីតម្រូវការនៃអ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករ ដើម្បីជំរុញកំណើនឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ ដូចជាអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារ និងបច្ចេកវិទ្យាជីវសាស្រ្តជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងបានចែករំលែកបទពិសោធន៍ទាក់ទងនឹងឱកាស និងបញ្ហាប្រឈមមួយចំនួន នៅក្នុងការសិក្សានៅបរទេស។ លើកពីនេះ ឯកឧត្តមបានលើកទឹកចិត្តដល់លាភីទាំងអស់ ឱ្យខិតខំសិក្សាលើមុខជំនាញរបស់ខ្លួន និងក្រើនរំលឹកដល់ពួកគេអំពីការប្រើប្រាស់ជំនាញប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីធានាថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានប្រើក្នុងផ្លូវដែលបម្រើជាប្រយោជន៍ ជាជាងធ្វើឱ្យប៉ះពាល់ដល់សង្គម។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍