រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលា ដើម្បីពង្រឹងការផ្សារភ្ជាប់រវាងស្ថាប័នស្រាវជ្រាវ និងវិស័យឧស្សាហកម្ម ក្នុងគោលដៅពន្លឿនបរិវត្តកម្មរបស់កម្ពុជាឆ្ពោះទៅសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងនវានុវត្តន៍។
សិក្ខាសាលា ក្រោមប្រធានបទ «ពីការស្រាវជ្រាវដោយគុណភាព ទៅកាន់ការផ្ទេរបច្ចេកវិទ្យានៅកម្ពុជា» មានអ្នកចូលរួមប្រមាណ ១០០ នាក់ តំណាងស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដោយបានពិភាក្សាដំណោះស្រាយនៃការប្រែក្លាយលទ្ធផលស្រាវជ្រាវ ទៅជាបច្ចេកវិទ្យាជាក់ស្តែង ឬឧបករណ៍គោលនយោបាយ។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា ទោះបីជាសកម្មភាពស្រាវជ្រាវមានការកើនឡើងក៏ដោយ ប៉ុន្តែផលសម្រាប់សង្គម គឺអាស្រ័យលើគុណភាពនៃលទ្ធផលស្រាវជ្រាវ ប្រសិទ្ធភាពនៃពាណិជ្ជូបនីយកម្ម និងការបញ្ចូលលទ្ធផលទាំងនោះទៅក្នុងគោលនយោបាយ។
ឯកឧត្តមបានលើកឡើងថា៖ “ការស្រាវជ្រាវដែលតម្រង់ទិសតាមបេសកកម្ម ផ្តោតលើការផ្តល់អភិក្រមជាប្រព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់ណាមួយ ដោយប្រើប្រាស់វិធីសាស្ត្រផ្អែកលើដំណោះស្រាយ និងលទ្ធផល។”
ឯកឧត្តមបានរំលេចពីភាពចាំបាច់នៃការតម្រង់ទិសវិនិយោគវិទ្យាសាស្ត្រ ឱ្យស្របទៅនឹងបេសកកម្មអាទិភាពទាំង៨ នៃរបៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ រាប់ចាប់ពីសន្តិសុខស្បៀងក្នុងស្រុក និងអព្យាក្រឹតភាពកាបូន រហូតដល់សេវាសុខភាពដំណើរការដោយបច្ចេកវិទ្យាឌីជីថល។
សិក្ខាសាលាក៏បានលើកយកករណីសិក្សាស្តីពីការពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈលទ្ធផលស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យា សម្រាប់ការធ្វើគោលនយោបាយលើកកម្ពស់សុខភាពសាធារណៈ និងករណីសិក្សាមួយទៀត ដែលផ្តោតលើការផ្ទេរបច្ចេវិទ្យាសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យចំណីអាហារក្នុងស្រុក។

សាស្ត្រាចារ្យ បណ្ឌិត យី ស៊ីយ៉ាន មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានបង្ហាញពីកម្មវិធី NUS Cambodia Program ដែលមានគោលបំណងប្រែក្លាយការស្រាវជ្រាវសុខភាពសាធារណៈ ទៅជាសកម្មភាពផ្អែកលើភស្តុតាង។
ឯកឧត្តម ហ៊ុល សៀងហេង បានបញ្ជាក់ថា បណ្តាប្រទេសអភិវឌ្ឍន៍បានបញ្ជ្រាបការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទៅក្នុងរបៀបវារៈអភិវឌ្ឍន៍របស់ខ្លួនប្រកបដោយយុទ្ធសាស្ត្រ។ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យមានការផ្លាស់ប្តូរ ឆ្ពោះទៅរកមូលធនមនុស្សកម្រិតពិភពលោក និងសមត្ថភាព R&D ដ៏រឹងមាំ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្តមបានលើកឡើងថា៖ “គ្មានប្រទេសណាមួយដែលទទួលបានកំណើនសេដ្ឋកិច្ច-សង្គម ដោយគ្មានការពង្រឹងភាពប្រកួតប្រជែងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ ជាពិសេសតាមរយៈការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍នោះទេ។”

ឯកឧត្តមក៏បានអំពាវនាវដល់តួអង្គពាក់ព័ន្ធឱ្យរួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីមួយ ដែលគួរឱ្យទុកចិត្ត ប្រកបដោយភាពដឹកនាំ និងការរៀបចំផែនការដែលមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីប្រែក្លាយការស្រាវជ្រាវ របស់កម្ពុជា ទៅជាដំណោះស្រាយពិតប្រាកដ។