ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងអង្គការ UNIDO រៀបចំពិធីប្រគល់ទទួលសៀវភៅឯកសារផ្សព្វផ្សាយណែនាំបច្ចេកទេសសម្រាប់ការស្តារអាជីវកម្មឡេីងវិញរបស់សហគ្រាសខ្នាត មីក្រូ តូចនិងមធ្យម (MSMEs) ពីវិបត្តិ Covid-19។
ជាការឆ្លេីយតបទៅនឹងវិបត្តិកូវីដ-១៩ និងដើម្បីជួយដល់វិស័យឯកជនងើបឡើងវិញអោយប្រសើរ អង្គការសហប្រជាជាតិដេីម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO )បានរៀបចំ និង បោះពុម្ភសៀវភៅផ្សព្វផ្សាយគោលការណ៌ណែនាំបច្ចេកទេស សម្រាប់ផ្លូវឆ្ពោះទៅនិរន្តរភាពអាជីវកម្ម ។
ដេីម្បីទទួលបានសៀវភៅគោលការណ៌ណែនាំបច្ចេកទេសនេះ នៅព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២០ មានរៀបចំពិធីប្រគល់ទទួលសៀវភៅផ្សព្វផ្សាយគោលការណ៌ណែនាំបច្ចេកទេសសម្រាប់ការស្តារអាជីវកម្មឡេីងវិញរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) នៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់អង្គការUNIDO ក្នុងកិច្ចខិតខំប្រឹងប្រែងបោះពុម្ពសៀវភៅណែនាំបច្ចេកទេសនេះ ជាភាសាអង់គ្លេស ហេីយអ្នកជំនាញនៃអគ្គនាយកដ្ឋានសហគ្រាសខ្នាតតូចនិងមធ្យម និងសិប្បកម្ម បានសហការបកប្រែជាភាសាខ្មែរ ដេីម្បីឲ្យសៀវភៅនេះ មានគុណសម្បត្តិ និងជាត្រីវិស័យជួយដល់អាជីវកម្មខ្នាតមីក្រូ តូចនិងមធ្យម អាចទាញសក្តានុពល និងការងេីបឡេីងវិញនៃអាជីវកម្មរបស់ខ្លួន ក្នុងកំឡុងពេលនិងក្រោយនៃវិបត្តិកូវីដ-១៩ ក៏ដូចជាការត្រៀមដោះស្រាយបញ្ហាកេីតឡេីងប្រហាក់ប្រហែលគ្នានេះជាយថាហេតុ។
ឯកឧត្ដម សុខ ណារិន ប្រធានតំណាងអង្គការ UNIDO ប្រចាំកម្ពុជា បានបង្ហាញនូវទឹកចិត្តរីករាយចំពោះសមិទ្ធផលការងារ និងបានរំលេចបន្ថែមថា៖ការិយាល័យអង្គការ UNIDO ប្រចាំនៅប្រទេសឥណ្ឌា ក៏បានរៀបចំបង្កើតវេបផតធលដើម្បីជួយដល់សហគ្រាសមីក្រូ តូច និងមធ្យម ក្នុងការចាប់ផ្តើម និងស្តារឡើងវិញ ព្រមទាំងធ្វើឱ្យអាជីវកម្ម របស់ពួកគាត់ មានភាពល្អប្រសើរឡើង។ វេបផតថលនេះ មានផ្ទុកឯកសារ មេរៀន ណែនាំជាក់ស្តែង និងបញ្ជីផ្ទៀងផ្ទាត់ ដែលអាចទាញយកបានតាមគេហទំព័រ www.b3cmsme.org។ ឯកសារទាំងនេះ បង្ហាញពីមធ្យោបាយនៃការកសាងឡើងវិញ និងកំណត់ផ្នែកអាជីវកម្ម ដែល សហគ្រាសមីក្រូ តូច និង មធ្យមអាចមានសក្តានុពល ក្នុងការធ្វើឱ្យប្រសើរឡើង។ ជាពិសេសមានឯកសារទាក់ទងនឹងការគ្រប់គ្រងផ្នែកប្រតិបត្តិការ កម្លាំងពលកម្ម សុខភាព និង សុវត្ថិភាពការងារ។
ឯកសារណែនាំ និង ខិត្តប័ណ្ណបានរៀបចំឡើងជាពិសេសសម្រាប់ម្ចាស់សហគ្រាស អ្នកគ្រប់គ្រង និង បុគ្គលិក របស់សហគ្រាសខ្នាតតូចបំផុត តូច និង មធ្យម ដែលពួកគាត់ត្រូវការចាំបាច់ក្នុងការស្វែងរក ការណែនាំបង្ហាញផ្លួវ និង ដំណោះស្រាយ នៅពេលជំងឺរាតត្បាត ប៉ះពាល់ទៅលើអាជីវកម្មរបស់ពួកគាត់។ ឯកសារទាំងនេះ នឹងជួយឱ្យក្រុមហ៊ុន ឬសហគ្រាសអាចយល់ដឹងនិងរកឃើញនូវចំណុចចាប់ផ្តើម ព្រមទាំង វិធីដើម្បីបន្តស្តារឡើងវិញ ក៏ដូចជាការបន្តពង្រឹងដំណើរការរៀបចំផែនការអាជីវកម្មផងដែរ។
ដោយមានការចង្អុលបង្ហាញ និង ណែនាំរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ឋ ឯកសារណែនាំ និងខិត្តប័ណ្ណទាំងនេះ ត្រូវបានបកប្រែជាភាសាខ្មែរ ដែលសហគ្រាសគ្រប់ប្រភេទអាចយកទៅប្រើប្រាស់បាន។ ឯកសារទាំងនេះ ផ្តល់នូវគន្លឹះ ជាច្រើនពីស្តង់ដារ អន្តរជាតិដែលមានស្រាប់ ក៏ដូចជា ប្រភពទាក់ទងនឹងការកែលំអរឧស្សាហកម្ម ដែលសហគ្រាសអាចយកមកប្រើប្រាស់ក្នុងសកម្មភាពប្រតិ្តបត្តិការ និងជួយដោះស្រាយការនូវការគំរាមកំហែង ឬ ការរំខាន ដែលសហគ្រាសអាចនឹងកំពុងប្រឈម។
បន្ថែមលើនេះទៀត អង្គការ យូនីដូ ក៏បានរៀបចំផលិត និងផ្សព្វផ្សាយឯកសារមួយទៀតទាក់ទងនឹងការវិវត្តន៍នៃឌីជីថល និងការស្តារឧស្សាហកម្មឡើងវិញ ដើម្បីផ្តល់ជាគុណប្រយោជន៍ក្នុងការពិចារណា យកមកប្រើប្រាស់ក្នុងការពន្លឿន ឌីជីថលរូបនីយកម្ម ពិសេសជួយស្តារអាជីវកម្មឱ្យបានកាន់តែឆាប់រហ័ស។ នៅក្នុងក្របខ័ណ្ឌនេះ វិស័យសំខាន់ៗមួយចំនួន ដែលត្រូវការគាំទ្រដំណើរការវិវត្តន៍នៃឌីជីថល និង ការស្តារឡើងវិញ នៃឧស្សាហកម្មគឺ ការធ្វើនវានុវត្តន៍ និង ឌីជីថលរូបនីយកម្ម ការជំរុញការវិនិយោគ និង បច្ចេក វិទ្យា ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការផលិតប្រកបដោយភាពឆ្លាតវៃ ។
ជាថ្មីទៀត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវទឹកចិត្តរីករាយចំពោះកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តខ្ពស់របស់អង្គការ UNIDO សម្រាប់ចូលរួមអភិវឌ្ឍន៍នៅកម្ពុជា ។ ជាមួយគ្នានេះ ក៏បានណែនាំឲ្យអគ្គនាយកដ្ឋានជំនាញធ្វេីការផ្សព្វផ្សាយឯកសារនេះឲ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយដេីម្បីឲ្យបានជ្រួតជ្រាបដល់ម្ចាស់សហគ្រាសខ្នាត មីក្រូ តូចនិងមធ្យម ដេីម្បីជាត្រីវិស័យសម្រាប់ពង្រឹងនិងការងេីបឡេីងវិញនៃអាជីវកម្មរបស់ពួកគេ ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍