ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបលោកជំទាវឯកអគ្គរដ្ឋទូត ឥណ្ឌាថ្មីប្រចាំកម្ពុជាក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ

News and Events Monday, 25 January 2021

នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ រវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោកជំទាវ Davyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា នាទីស្តីការក្រសួង ដៃគូសន្ទនា បានលើកឡើងពីទំនាក់ទំនងដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរទាំងផ្នែកការទូត សេដ្ឋកិច្ច និងនយោបាយ ហើយតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មនានាលេីឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលមានទំនាក់ទំនងនិងការផ្លាស់ប្តូរផ្នែកអរិយធម៌ វប្បធម៌ និងសាសនា ជាឬសគល់ដ៏ស៊ីជម្រៅ ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអបអរសាទរចំពោះបេសកកម្មកាទូតរបស់លោកជំទាវ Davyani Uttamkhobragade នៅកម្ពុជា និងសង្ឃឹមថា ក្នុងបេសកកម្មរបស់លោកជំទាវនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែរីកធំធាត់មួយកំរិតថែមទៀត ជាពិសេសលើវិស័យវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី មិនភ្លេចទេនូវការថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលជាប្រទេសទី១ដំបូងគេ ដែលគាំទ្រកម្ពុជា បន្ទាប់ពីថ្ងៃរំដោះ៧មករា ហើយក៏បានជួយដល់កម្ពុជាជាបន្តបន្ទាប់ទាំងផ្នែកស្បៀង អភិវឌ្ឍ ធនធានមនុស្ស និងការជួសជុលប្រាង្គប្រាសាទ ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអំពាវនាវឲ្យអ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជាលើវិស័យអាទិភាពមួយចំនួនដូចជា៖ កសិកម្មដាំល្មៀត ការកសាងមន្ទីរពេទ្យ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា ព័ត៌មាន ជាដើម ។ ជាមួយគ្នានេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នើឲ្យប្រទេសឥណ្ឌាសហការគាំទ្រដល់ក្រសួងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) និងផ្តល់ការបណ្តុះបណ្តាលដល់សិស្ស និស្សិតលើជំនាញ STEM គឺ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែលប្រទេស ឥណ្ឌា មានជំនាញខ្ពស់លើវិស័យនេះ ។
លោកជំទាវ Davyani Uttamkhobragade ឯកអគ្គរដ្ឋទូត ឥណ្ឌាថ្មីប្រចាំកម្ពុជា បានបង្ហាញនូវការពេញចិត្ត ចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយនឹងខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ទាំងសេដ្ឋកិច្ច និងការទូត ។ ក្នុងនោះក៏មានបញ្ហាថ្នាំចាក់វ៉ាក់សាំងជំងឺកូវីដ១៩ផងដែរ ។
ជាចុងក្រោយ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តខិតខំសម្រេចឲ្យបាននូវបញ្ហាចម្បងមួយចំនួន ដូចជា៖ការទាក់ទាញការវិនិយោគពីឥណ្ឌាមកកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យ កសិកម្ម សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ។ល។ -ការជួយបណ្តុះបណ្តាលធនធានមនុស្ស-ខិតខំសម្រេចឲ្យបាននូវការចុះអនុស្សារណ:យោគយល់គ្នា លើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) និងការជួយដល់ផ្នែកមន្ទីរពិសោធន៍-ការទាញអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ Mekong-Ganga Cooperation ដើម្បីជួយដល់កម្ពុជាផ្នែកអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍន៍អាជីវកម្មជាដើម - ពិនិត្យលទ្ធភាពខិតខំសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ឥណ្ឌាស្របពេលដែលប្រទេសទាំងពីរ
សម្រេចបានរួចហើយនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ។
By: អគ្គនាយកដ្ឋានកិច្ចការទូទៅ

Ministry of Industry, Science, Technology & Innovation

location_on 45 Preah Norodom Boulevard, Sangkat Phsar Thmey III, Khan Daun Penh, Phnom Penh, 120203

© 2024 All rights reserved Ministry Of Industry, Science, Technology & Innovation

    • telegram
    • tiktok
    • instagram
    • chatbot
    Privacy policy