ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​ផ្ទេរ​និងតែងតាំងអគ្គនាយករដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​ផ្ទេរ​និងតែងតាំងអគ្គនាយករដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​ផ្ទេរ​និងតែងតាំងអគ្គនាយករដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ​
------------------------------
នៅព្រឹកថ្ងៃទី​ ៣០​ខែសីហា​ ឆ្នាំ​២០២១​ នៅសាលប្រជុំអង្គភាពរដ្ឋាករទឹក​ក្រុង​ភ្នំពេញ​ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​និងតែងតាំងអគ្គនាយករដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ​ ក្រោមអធិបតីភាព​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដោយមាន​ការចូលរួមជាគណៈអធិបតី​ ពីឯកឧត្តម​ អ៊ុំ​ សុថា​ ប្រធានក្រុមប្រឹក្សាភិបាល​ជារដ្ឋលេខាធិការតំណាងក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ឯកឧត្តម​ មុី​ វ៉ាន់​ រដ្ឋលេខាធិការ​តំណាងមកពីក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល​រង​តំណាងរដ្ឋបាលរាជធានីភ្នំពេញ​ និង​ឯកឧត្តម​ សៀង​ ធីរិទ្ធ​ តំណាងនិយ័តករមូលបត្រកម្ពុជា​ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ​និងមន្ត្រីក្រោមឱវាទក្រសួងនិងអង្គភាពរដ្ឋាករទឹក​និង​តំណាងភាគីពាក់ព័ន្ធប្រមាណ​៧៣០​នាក់​ ។ ក្នុងនោះចូលរួមតាមប្រព័ន្ធ​អនឡាញ​ចំនួនប្រមាណ​៧០០​ នាក់​ ។
បន្ទាប់ពីការអានអនុក្រឹត្យតែងតាំង​ និងមានការប្រគល់អនុក្រឹត្យ​និងត្រា​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរួចមក​ ឯកឧត្តម​បណ្ឌិត​ សុីម​ សុីថា​ អតីត​ជាអគ្គនាយក​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ ដែលត្រូវចូល​និវត្តន៍​ និងត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានអញ្ជេីញឡេីងមានប្រសាសន៍​លេីកឡេីងពីប្រវត្តិការងារ​ និង​របាយការណ៍​សង្ខេប​ស្តីពី​សមិទ្ធផល​ ក៏ដូចជា​ស្នាដៃសម្រេចបានក្នុងអណត្តិការងាររបស់ឯកឧត្តម​ ក្នុងរយៈពេល៩ឆ្នាំកន្លងមក​ ក្នុងលទ្ធផលគួរជាទីមោទនៈ​ ។
តមកឯកឧត្តម​ ឡុង​ ណារ៉ូ​ អតីត​ជាអគ្គនាយករងរដ្ឋាទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ និងត្រូវបានតែងតាំងជាអគ្គនាយក​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ថ្មី​ បានអញ្ជេីញ​ឡេីងមានប្រសាសន៍លេីកឡេីងពីប្រវត្តិការងារ​ ប្រវត្តិ​ការបន្តការសិក្សារៀនសូត្រ​ ការក្រេបជញ្ជក់បទពិសោធន៍ការងារពីថ្នាក់ដឹកនាំជារៀមច្បង​ ក៏ដូចជាពីជំនាញការបរទេស​ ដែលឯកឧត្តមធ្លាប់បំពេញ​ការងារក្នុងអង្គភាពរដ្ឋាករទឹកក្រុងភ្នំពេញមានរយៈ​ពេលយ៉ាងយូរឆ្នាំ បន្ទាប់ពីឯកឧត្តម​បានបញ្ចប់ការ​សិក្សា​មកពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅឆ្នាំ១៩៨៩​ ។ ជាមួយគ្នានេះ​ ឯកឧត្តម​ ឡុង​ ណារ៉ូ​ ក៏បានធ្វេីការប្តេជ្ញាចិត្តខិតខំសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗ​បន្ថែមទៀត​បន្តពីសមិទ្ធផលទាំងឡាយដែលសម្រេចបានដោយថ្នាក់ដឹកនាំជារៀមច្បងមុនៗ​ ជាពិសេស​ដេីម្បីឆ្លេីយតប​និងគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយមហាកិត្តិយសដែលរូបឯក​ឧត្ដម​ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ផ្តល់នូវតួនាទី​ដឹកនាំអង្គភាព​ដែលជាគុណបំណាច់មួយជីវិតក្នុងជីវ​ភាពជាមន្ត្រីសាធារណៈ​ ដែលមានកាតព្វកិច្ចបម្រេីជាតិ​មាតុភូមិ​ និង​ប្រជាជន​ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​ ។
មានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានវាយតម្លៃខ្ពស់និងកោតសរសេីរចំពោះសមិទ្ធផលការងារធំៗទាំងឡាយដែលឯកឧត្តម​បណ្ឌិត សុីម​ សុីថា​ សម្រេច​បាននាពេលកន្លងមក​បន្ទាប់ពី​ឯកឧត្តម​បានត្រូវបាន​តែងតាំង​ជាអគ្គនាយករដ្ឋាទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​ ៨​ខែមិថុនា​ ឆ្នាំ​២០១២​ ដោយបន្តអណត្តិពីឯកឧត្តម​ ឯក​ ស៊ុនចាន់​ បច្ចុប្បន្ន​ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជាអតីតអគ្គនាយករដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ​ពីឆ្នាំ​១៩៩៣​ ដល់ឆ្នាំ២០១២​ ។ តាំងពី​នោះ​និងជាបន្តបន្ទាប់​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ បាននាំ​មក​នូវ​ភាពជោគជ័យ​ជូនរាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យផ្គត់ផ្គង់ទឹកស្អាត​ ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​ខ្ពង់ខ្ពស់​ ចក្ខុវិស័យ​ត្រឹមត្រូវ​ មុត​ស្រួច​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលធ្វេីឲ្យរដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ទទួលបានពានរង្វាន់ជាបន្តបន្ទាប់ជាអន្តរជាតិ​ ផ្នែកវិស័យទឹកស្អាត។
ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបង្ហាញនូវក្តីសង្ឃឹម​ថា៖តាមរយះចំណេះដឹង​ និង​បទពិសោធន៍​ជាយូរឆ្នាំ​ របស់​ឯកឧត្តម​ ឡុង​ ណារ៉ូ​ នឹងខិតខំ​ដឹកនាំគ្រប់គ្រង​ រក្សាសមិទ្ធផល​ និងអភិវឌ្ឍន៍​អង្គភាព​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ឲ្យកាន់តែរីកចម្រេីន​ទៅមុខជាលំដាប់ ក្នុងគោលដៅសម្រេចឲ្យបាន​នៅ​ឆ្នាំ២០២៥​ ទីប្រជុំជន​នឹងទទួលបានទឹកស្អាត​១០០%​ និងឆ្នាំ២០៣០​ គឺទឹកស្អាតសម្រាប់ទាំងអស់គ្នា​ ។ ជាពិសេស​ ចំពោះមុខគឺការដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ​ ដែលប្រជាជន​ និងផ្ទៃ​ក្រឡា​ទីក្រុងកំពុងរីកធំឡេីង​ ហេីយក៏មានគម្រោងកិច្ចសហការ​និងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តមួយចំនួនផងដែរ​ ។