ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុងពិធី​ប្រកាសតែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ខេត្ត​ប៉ៃលិន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុងពិធី​ប្រកាសតែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ខេត្ត​ប៉ៃលិន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​ក្នុងពិធី​ប្រកាសតែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ខេត្ត​ប៉ៃលិន​

នៅព្រឹកថ្ងៃទី​១២​ ខែ​មីនា​ ឆ្នាំ​២០២៣​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានអញ្ជេីញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាសតែង​តាំង​មុខតំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ខេត្ត​ប៉ៃលិន​ នៅមន្ទីរអប់រំ​យុវជន​ និងកីឡា​ ខេត្ត​ប៉ៃលិន​ ។

បន្ទាប់​ពី​លោក​ សុខ​ ពិសី​ អភិបាល​រង​ តំណាងលោកជំទាវ​ បាន​ ស្រីម៉ំ​ អភិបាល​នៃ​គណ:អភិបាល​ខេត្ត​ប៉ៃលិន​ បានអញ្ជេីញ​មានប្រសាសន៍​ស្វាគមន៍​ និងលេីកឡេីងពីសា្ថនភាពទូទៅរបស់ខេត្តរួចមក​ ឯកឧត្ដម​ ជូរ​ ជេតទីវន្ត​ ទីប្រឹក្សា​ក្រសួង​ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ​ បានអានប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការ​ ដែលត្រូវសម្រេចតែងតាំង​លោក​ ដួង​ អុីម​ បច្ចុប្បន្ន​ជាប្រធានស្តីទីឲ្យបំពេញមុខ​ងារជាប្រធានមន្ទីរឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជំនួសលោក​ គង់​ ​វណ្ណា​ ដែល​ត្រូវ​បាន​ទទួល​ភារកិច្ច​ថ្មី​ ។

បន្ទាប់​ពីលោក​ ដួង​ អុីម​ បានឡេីងធ្វេីការប្តេជ្ញាចិត្តរួចមក​ មានប្រសាសន៍​នាឱកាសនោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​ពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខដោយក្តីនឹករលឹកពី​សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋរបស់យើងនៅខេត្តប៉ៃលិនទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ចូលរួមថែរក្សាការពារសុខសន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ រក្សាបានស្ថិរភាពនយោ​បាយ ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ​ ។

យើងទាំងអស់គ្នាពិតជាមានភាពកក់ក្តៅ និងក្តីសប្បាយ​រីករាយជាខ្លាំង ដោយបានឃើញប្រទេសជាតិ មានសុខសន្តិភាពពេញលេញបរិបូរណ៍ មាន​ឱកាសអភិវឌ្ឍជាតិមាតុភូមិ រហូតសម្រេចបាននូវការ រីកចម្រើនលូតលាស់លើគ្រប់វិស័យ និងមានអ្វីៗគ្រប់បែបយ៉ាងដូចបច្ចុប្បន្ននេះ ដែលពីមុនមក យើងមិននឹកស្មានដល់។ សមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានទាំងអស់នេះ បានកើតមានឡើង ក្រោម “ម្លប់សន្តិភាព” ដែលមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ​យើង ក្រោមការដឹកនាំដ៏ ឈ្លាសវៃ ត្រឹមត្រូវ ប្រកបដោយគតិ​បណ្ឌិតដ៏ខ្ពង់ខ្ពស់​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រ​កម្ពុជា។ ស្នាដៃដឹកនាំប្រទេសនេះ គឺជាមោទនភាព ជាតិ និងជាកាលានុវត្តន៍ភាពដ៏អស្ចារ្យ ដែលពុំត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ដែលទទួលស្គាល់ នូវសច្ចភាពនេះ ប៉ុន្តែត្រូវបានមជ្ឈដ្ឋានអន្តរជាតិ និងប្រទេសលើ​សកលលោកទទួលស្គាល់ជាសកល និងកត់ត្រាជាគំរូ។ ផ្តើមចេញពីជោគជ័យដ៏ប្រត្យក្សនេះ ទើបនាំមកនូវវិបុលភាព សុខដុមរមនា ហើយប្រទេសជាតិរបស់យើងបានបន្តការអភិវឌ្ឍប្រ​​ទេសលើគ្រប់វិស័យ ហើយនាំមកនូវការកែប្រែ កំណើនសេដ្ឋកិច្ចជាតិ ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ពីអត្រាអវិជ្ជមាន -៣,១% នៅក្នុង ឆ្នាំ២០២០ ជំរុញទៅជាកំណើនវិជ្ជមានដល់ ៥,២% ក្នុងឆ្នាំ​២០២២កន្លងមក។ តាមការព្យាករណ៍, ជាមួយនឹងបរិយាកាសអំណោយផលខាងបរិស្ថានសេដ្ឋកិច្ច សង្គម និងវិនិយោគបែបនេះ កម្ពុជាអាច នឹងបន្តសម្រេចបានអាត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៦% ក្នុងឆ្នាំ២០២៣នេះ។

ជាមួយនឹងការអបអរសាទរចំពោះលោក​ ដួង​ អុីម​ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងបានណែ​នាំ​ឲ្យលោកដួង​ អុីម​ បន្តខិតខំបំពេញភារកិច្ចជូនក្រសួង និងជូនខេត្ត​ ក្នុងការបម្រើប្រជាពលរដ្ឋ, ធុរ​ជន អាជីវករ​នានាក្នុងខេត្ត​ ,ដោះស្រាយបញ្ហាប្រឈមនានាក្នុងអង្គភាព, រក្សាឱ្យបាននូវធ្លុងសាមគ្គី​ភាព ឯកភាពគ្នាក្នុងមន្ទីរ ហើយសកម្មធ្វើការងារ, ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងធ្វើជាគំរូល្អដល់មន្ត្រី ក្រោមឱវាទរួចមក​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានលេីកឡេីងពីភារកិច្ចរបស់ក្រសួង​ ហេីយ​បានសង្កត់ធ្ងន់ឲ្យមន្ទីរយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់បំផុត​លេីការងារ​មាត្រាសាស្ត្រ​ គឺដាច់ខាតអនុវត្តឲ្យបានត្រឹមត្រូវ​ជាពិសេស​ គឺជញ្ជីងថ្លឹងផលិតផលកសិផល​ប្រជាពលរដ្ឋ​ ក្នុងរដូវប្រមូលផល​ ដូចជា​ ដំឡូងមី​ ពោត​ ស្វាយ​ តាង៉ែន​ ឬដំណាំហូបផ្លែដ៏ទៃទៀត​ គឺត្រូវប្រាកដថាជញ្ជីងថ្លឹងលេីកសិផលទាំងនោះ​ មានភាពត្រឹមត្រូវមិនលំអៀង​ គឺមិនសុីភ្នែកជញ្ជីង​ គឺក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាកសិករយេីងគ្រ​ប់​រូប​ ​ដែលខិតខំប្រកបរបរដាំដុះដោយលំបាក​ ។

បន្ទាប់​មក​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ក៏បាន​បំពាក់​គ្រឿង​ឥស្សរិយយស​និងមេដាយ​ ការងារ​ដល់មន្ត្រីមន្ទីរឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែលមានស្នាដៃល្អក្នុងកាងារផងដែរ​ ។