សេចក្តីប្រកាសព័ត៌មានស្តីពី “អភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST-Transfer of Environmentally Sound Technology methodology) ” សម្រាប់ជំហានទី២

សេចក្តីប្រកាសព័ត៌មានស្តីពី “អភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST-Transfer of Environmentally Sound Technology methodology) ” សម្រាប់ជំហានទី២

សេចក្តីប្រកាសព័ត៌មានស្តីពី
ពិធីសំណេះសំណាលក្រោមអធិបតីភាព ឯកឧត្តម ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី ជាមួយ​រោងចក្រ និងសហគ្រាសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង “អភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST-Transfer of Environmentally Sound Technology methodology) ” សម្រាប់ជំហានទី២
តាមរយៈប្រព័ន្ធអនឡាញ
---------------------------------
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
​នៅថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន និងអង្គការ UNIDO ដោយបានទទួលជំនួយឧបត្ថម្ភពីទីភ្នាក់ងារបរិស្ថានពិភពលោក (Global Environmental Facility-GEF) កំពុងអនុវត្តគម្រោងស្តីពី “អភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិចដើម្បីផលិតភាពនិងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST-Transfer of Environmentally Sound Technology methodology) បានរៀបចំពិធីសំណេះសំណាលតាមរយៈប្រព័ន្ធអនឡាញ ជាមួយក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលជាដៃគូចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងចំនួន៣៥មូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានអ្នកចូលរួមចំនួន៧១រូប មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន អង្គការ UNIDO និង ក្រុមហ៊ុន រោងចក្រ និងសហគ្រាសដែលជាដៃគូសហការអនុវត្តគម្រោង។
រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ប្រកបដោយគតិបណ្ឌិត​របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមយ៉ាងសកម្ម និងកំពុងទទួលបានជោគជ័យជាផ្លែផ្កាក្នុងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្តោតលើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យដែលជាការងារអាទិភាព។​វិស័យឧស្សាហកម្មបានអភិវឌ្ឍក្នុងទិសដៅមួយដែលមានកំណើនជាបន្តបន្ទាប់ស្របតាមចក្ខុវិស័យដ៏ត្រឹមត្រូវនិងផ្អែកលើគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដែល ជាគោលនយោបាយដ៏មានសារសំខាន់មួយក្នុងការអភិវឌ្ឍន៍ប្រទេសរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិបន្តរីកចម្រើននិងរក្សា បាននូវកំណើនក្នុងរង្វង់៧% ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយហើយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដែលជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិដោយបានជួយអូសទាញវិស័យផ្សេងៗជាច្រើនទៀតឱ្យមានការរីកចម្រើន ព្រមគ្នាផងដែរ។អស់រយៈពេលជិត២ឆ្នាំចុងក្រោយនេះដែលពិភពលោកបាននឹងកំពុង​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩​ដែល​បានបង្កជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើសង្គមនិងសេដ្ឋកិច្ចដែលធ្វើឱ្យ​វិស័យ​​ឧស្សាហកម្មរបស់យើង​ក៏មាន​ការ​ថយចុះផងដែរ។
វិស័យឧស្សាហកម្មរួមបញ្ចូលសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានរីកដុះដាលយ៉ាងខ្លាំង និងបានចូលរួម ចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ការអភិវឌ្ឍវិស័យទាំងពីរខាងលើ សម្រាប់ជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយក៏មានផលអវិជ្ជមានផងដែរ ដូចជាការរីកលូតលាស់ខ្លាំងពេកធ្វើឲ្យមានបញ្ហាប្រឈមលើផលប៉ះពាល់បរិស្ថាន និងសង្គមនៅពេលកំពុងអភិវឌ្ឍ។ កាកសំណល់មួយចំនួនរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ត្រូវបានបង្ហូរចូលប្រព័ន្ធលូ និងទន្លេដោយមិនបានធ្វើប្រព្រឹត្តិកម្មគ្រប់គ្រាន់ ឬត្រឹមត្រូវ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវការវិធីសាស្ត្រមួយចំនួន ដើម្បី​វាយតម្លៃនិងកំណត់អាទិភាពរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន​ពីបណ្តាល មកពី​សកម្មភាព​ផ្សេងៗពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងនោះ។​សម្រាប់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងប្រកបដោយកិត្តិបណ្ឌិតរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង ទទួលបាននូវការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ដោយក្នុងនោះ អង្គការ UNIDO កំពុងតែឈានមុខគេក្នុងការសហការជាមួយក្រសួងតាមរយៈការអនុវត្តគម្រោងជាច្រើន ដើម្បីជួយអភិវឌ្ឍវិស័យឧស្សាហកម្ម​ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ទឹង​ ស៊ីនី រដ្ឋលេខាធិការ និងជានាយកគម្រោង បានលើកឡើងថា តាមផែនការ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ដែលមានរយៈពេល៤៨ខែ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឹកូវីដ ទើបគម្រោងត្រូវបានពន្យាពេលរហូតដល់ចុងឆ្នាំ២០២២ ដែលនឹងអនុវត្តនៅតាមក្រុមហ៊ុន រោងចក្រ និងសហគ្រាស ជាដៃគូគម្រោងសរុបទាំងអស់៥០មូលដ្ឋាន ដែលមានទីតាំងនៅតាមបណ្តាលខេត្តជុំវិញរាជធានីភ្នំពេញ ខេត្តព្រះសីហនុ បាត់ដំបងជាដើម ដោយឡែក មកដល់ពេលនេះ គម្រោងបានចុះហត្ថលេខាអនុវត្តគម្រោងជាមួយក្រុមហ៊ុន​ រោងចក្រ សហគ្រាសជាដៃគូបានចំនួន៣៥ មូលដ្ឋាន។
គម្រោងនេះបានបង្ហាញនូវប្រសិទ្ធភាពរបស់វិធីសាស្ត្រចម្រុះ TEST ក្នុងវិស័យឧស្សាហកម្ម​ក្នុងការកាត់បន្ថយ ការប្រើប្រាស់វត្ថុធាតុដើម គ្រឿងផ្សំ ថាមពលអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងកាកសំណល់ ដែលបានបញ្ចេញ ដើម្បីបង្កើនផលិតភាព និងគុណភាពរបស់ផលិតផល ព្រមទាំងធ្វើការការពារបរិស្ថានផងដែរ។ វិធីសាស្ត្រ TEST គឺជា វិធីសាស្ត្រចម្រុះដែលមានរួមបញ្ចូលវិធីសាស្ត្រមួយចំនួនដូចជា៖ ការជ្រើសរើសបច្ចេកវិទ្យាសមស្រប ដើម្បីប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត រួមជាមួយកម្មវិធីប្រព័ន្ធគ្រប់គ្រងចំនួនបីទៀតគឺ គណនេយ្យភាពគ្រប់គ្រងបរិស្ថាន (Environmental Management Accounting) ប្រព័ន្ធគ្រប់គ្រងបរិស្ថាន(Environmental Management System) និងការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម(Corporate Social Responsibility)។
ការអនុវត្តវិធីសាស្ត្រចម្រុះ TEST នៅតាមមូលដ្ឋានរបស់រោងចក្រ សហគ្រាសត្រូវបានអនុវត្តតាមយៈ​សកម្មភាព​ដូចខាងក្រោម៖
• ការសិក្សាលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការវិភាគសេដ្ឋកិច្ចស្តីពីការអនុវត្តបច្ចេកវិទ្យា​បញ្ចេញ​កាបូន​តិច​នៅតាមបណ្តារោងចក្រ សហគ្រាសទាំងនោះ។
• ការសិក្សាលើសុវត្ថិភាពឧស្សាហកម្មពាក់ព័ន្ធគ្រឿងចក្រ គ្រឿងម៉ាស៊ីន នៅក្នុងរោងចក្រ​ សហគ្រាស​ទាំងអស់។
• ការសិក្សាលើ ការប្រើប្រាស់សារធាតុគីមីនៅក្នុងរោងចក្រ សហគ្រាស
• ការសិក្សាអំពី ប្រសិទ្ធភាពថាមពលក្នុង វិស័យឧស្សាហកម្ម នៅក្នុងរោងចក្រ សហគ្រាស
• ការអនុវត្តវិធីសាស្ត្រ ស៥ របស់មជ្ឈមណ្ឌលផលិតភាពជាតិដល់រោងចក្រ សហគ្រាស
• ការផ្តល់ ប្រឹក្សាយោបល់ អំពីការផ្ទេរបច្ចេកវិទ្យាថ្មីៗ ដល់រោងចក្រ សហគ្រាស
• ការរៀបចំកម្មវិធីសិក្សាជាប្រចាំដល់បុគ្គលិក កម្មករ រោងចក្រ សហគ្រាសអំពីបច្ចេកទេស បច្ចេកវិទ្យា និងវិធីសាស្ត្រទាំងអស់ ខាងលើ របស់វិស័យឧស្សាហកម្ម ដើម្បីជួយគាំទ្រការអភិវឌ្ឍប្រទេសជាតិ។
វិធីសាស្ត្រចម្រុះ TEST ជួយជម្រុញក្រុមហ៊ុនឱ្យមានភាពរីកចំរើនផ្នែកគ្រប់គ្រងបរិស្ថាន​ និងភាព​ប្រកួតប្រជែង​ហើយជួយកែប្រែដំណើរការផលិតកម្មការអនុវត្តការគ្រប់គ្រង និងទស្សនៈវិស័យរបស់ក្រុមហ៊ុនដើម្បីធានាបាននូវនិរន្តភាព នៃកិច្ចអនុវត្តបៃតងនិងធានាដំណើរការផលិតដ៏ប្រសើរបំផុត។ ជាងនេះទៅទៀតតាមរយៈការចូលរួមជាមួយគម្រោង បុគ្គលិកក្រុមហ៊ុនបានទទួលនូវការបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីទទួលបានភាពរីកចម្រើន និងប្រសិទ្ធផល​ការងារ​ប្រសើរបំផុត ព្រមទាំងមានសមត្ថភាពក្នុងការសិក្សា និងវិភាគបន្ថែមដោយខ្លួនឯងក្នុងការរិះរក​មធ្យោបាយ​ប្រើប្រាស់​ធន ធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត។
ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសដែលជាដៃគូអនុវត្តគម្រោងក៏ដូចជាក្រុមហ៊ុន រោងចក្រ និង សហគ្រាសទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គម្រោងដោយបានទទួលការគាំទ្រពី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្កើតនូវ “កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា” សម្រាប់ផ្តល់ឱកាសដល់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់ចូលរួមប្រកួតប្រជែងដណ្តើមយកពានរង្វាន់ ដែលមានបីកម្រិតពាន៖គឺ កម្រិតពានមាស ពានប្រាក់ និង ពានសំរឹទ្ធ ដែលកំពុងប្រកាសជូនដំណឹងដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ដាក់ពាក្យរហូតដល់បំណាច់ខែកក្កដា ឆ្នាំ២០២១។
ក្នុងន័យនេះ សូមឱ្យម្ចាស់រោងចក្រ-សហគ្រាសទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធីសាស្ត្រទាំងអស់នេះ​ដើម្បី​ក្រុមហ៊ុន រោងចក្រ និងសហគ្រាសរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា លោក-លោកស្រីទាំងអស់ឈាន​ទៅ​ប្រកួតប្រជែងយកពានរង្វាន់ឧស្សាហកម្មបៃតងសម្រាប់វិស័យឧស្សាហកម្មរបស់យើង ឱ្យទទួលបានជោគជ័យសម្រាប់​ខ្លួនឯងផង និងសង្គមសេដ្ឋកិច្ចផងពិសេសដើម្បីជួយជម្រុញវិស័យឧស្សាហកម្មឈាន​ទៅរកការអភិវឌ្ឍន៍​ប្រកប​ដោយចីរភាព។