សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០»

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០»

សេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផលនៃពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
«ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០»
--------------------------------------------------------------------------------------------
រាជធានីភ្នំពេញ ថ្ងៃទី១៩ សីហា ២០២១ - ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន. ) កម្ពុជា២០៣០” តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧ.វ.ប.ន. និង លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (ESCAP) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឱកញ៉ា លោក លោកស្រី មកពីក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ៣៣០រូប ។
លោកជំទាវ Armida Salsiah Alisjahbana បានសាទរ ការដាក់ឱ្យប្រើប្រាស់ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ និងបានលើកឡើងថា ផែនទីបង្ហាញផ្លូវនេះជាមគ្គទ្ទេសក៍ដល់មន្រ្តីរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធសំខាន់ៗផ្សេងទៀតអំពីសកម្មភាពសំខាន់ៗដែលជាតម្រូវការចាំបាច់ដើម្បីពង្រឹងសមត្ថភាព វ.ប.ន. ជាតិ។ លោកជំទាវ បានមានប្រសាសន៍ពីសក្តានុពល វ.ប.ន. ដើម្បីសម្រចគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាព និងបរិយាប័ន្ន និងបន្ថែមទៀតថា ការអនុវត្តគោល​នយោបាយបានជោគជ័យ លុះត្រាតែមានការចូលរួមយ៉ាងសកម្ម ពីតួអង្គពាក់ព័ន្ធដូចជាស្ថាប័នអប់រំ និងស្រាវជ្រាវ ​ វិស័យឯកជន ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍។
នៅក្នុងសុន្ទរកថាបើកអង្គពិធីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋាន វ.ប.ន. ដែលបានកសាង ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ក្រោមការគាំទ្រប្រឹក្សាយោបល់ពី ESCAP និងការចូលរួមចំណែកពីស្ថាប័នពាក់ព័ន្ធក្នុងដំណើរការកសាងឯកសារយុទ្ធសាស្រ្តសម្រាប់ព្រះរាជាណាចក្រ​កម្ពុជានេះឡើង។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យ វ.ប.ន. ដែលជាកម្លាំងចលករ និងជាពិសេសជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍជាតិ។​ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ជាឯកសារគោលនយោបាយយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ក្នុងការជួយតម្រង់ទិសក្រសួង-ស្ថាប័នក្នុងការអនុវត្ត​គោលនយោបាយ ក្រោមការសម្របសម្រួលពីក្រសួង ឧ.វ.ប.ន. និងដើម្បីសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការប្រែក្លាយទៅជាប្រទេស​​​​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តួអង្គពាក់ព័ន្ធនានាត្រូវតែឆ្លើយតបឱ្យទាន់សភាពការណ៍ និងធ្វើការរួមគ្នាក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ វ.ប.ន. នេះឱ្យមានប្រសិទ្ធិភាពខ្ពស់។
ជាចុងបញ្ចាប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍ និងជាពិសេសដល់ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ នេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយក នៃអគ្គនាយកដ្ឋាន វ.ប.ន. ​បានធ្វើបទបង្ហាញពីសាវតានៃផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ និងលោកបណ្ឌិត ស្រ៊ុន បញ្ញារិទ្ឋិប្រធាននាយកដ្ឋានគោលនយោបាយ វ.ប.ន. បានធ្វើបទបង្ហាញលម្អិតពីសសរស្តម្ភទាំង ៥ រួមមាន៖ ១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវ ៤.កិច្ចសហការ និង៥.ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងគោលដៅគោលនយោបាយ និងលិខិតូបករណ៍ក្នុងផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ។
ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០២១
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍