ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​និងអង្គការ​ UNIDO រៀបចំ​ពិធីប្រគល់ទទួលសៀវភៅ SMEs

ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​និងអង្គការ​ UNIDO រៀបចំ​ពិធីប្រគល់ទទួលសៀវភៅ SMEs

ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​និងអង្គការ​ UNIDO រៀបចំ​ពិធីប្រគល់ទទួល​សៀវភៅ​ឯកសារផ្សព្វផ្សាយណែនាំបច្ចេកទេសសម្រាប់ការស្តារអាជីវកម្មឡេីងវិញរបស់សហគ្រាស​ខ្នាត មីក្រូ​​ តូច​និង​មធ្យម​ (MSMEs) ពីវិបត្តិ​ Covid-19។

ជាការឆ្លេីយតបទៅនឹងវិបត្តិកូវីដ-១៩ និងដើម្បីជួយដល់វិស័យឯកជនងើបឡើងវិញអោយប្រសើរ អង្គការ​សហប្រជា​​ជាតិ​​ដេីម្បី​​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (UNIDO )បានរៀបចំ និង បោះពុម្ភសៀវភៅ​ផ្សព្វផ្សាយ​គោល​ការណ៌​ណែនាំ​បច្ចេកទេស​ សម្រាប់ផ្លូវឆ្ពោះទៅនិរន្តរភាពអាជីវកម្ម​ ។

ដេីម្បី​ទទួល​​បាន​សៀវភៅ​គោលការណ៌ណែនាំបច្ចេក​ទេសនេះ​ នៅព្រឹក​ថ្ងៃ​ទី​ ០៨​ ខែ​ តុលា​ ឆ្នាំ​២០២០​ មាន​រៀបចំពិធី​ប្រគល់ទទួល​សៀវភៅផ្សព្វផ្សាយគោលការណ៌ណែនាំបច្ចេកទេស​សម្រាប់​ការ​ស្តារ​អាជីវកម្មឡេីង​វិញរបស់​សហ​គ្រាស​​​​ខ្នាតមីក្រូ តូច​ និង​មធ្យម(MSMEs)​ នៅកម្ពុជា​ ក្រោមអធិបតី​ភាព​ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋ​មន្រ្តី​​​រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ នៅទីស្តីការក្រសួង​ ។

មាន​ប្រសាសន៍​នាឱកាសនោះ​ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានថ្លែងអំណរគុណ​ដល់អង្គការ​​UNIDO​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោះពុម្ព​សៀវភៅ​ណែនាំ​បច្ចេកទេស​នេះ​ ជាភាសា​អង់គ្លេស​ ហេីយ​អ្នកជំនាញ​នៃ​អគ្គនាយកដ្ឋាន​សហគ្រាសខ្នាតតូច​និង​មធ្យម​ និង​សិប្បកម្ម​ បានសហការបកប្រែជាភាសាខ្មែរ​ ដេីម្បី​ឲ្យសៀវភៅ​នេះ​ មានគុណសម្បត្តិ​ និង​ជាត្រីវិស័យ​ជួយ​ដល់​អាជីវកម្ម​ខ្នាត​មីក្រូ​ តូច​និងមធ្យម​ អាចទាញសក្តានុពល​ និងការងេីប​ឡេីងវិញនៃ​អាជីវកម្មរបស់ខ្លួន​ ក្នុងកំឡុងពេលនិងក្រោយនៃវិបត្តិ​កូវីដ-​១៩​ ក៏ដូចជាការ​ត្រៀមដោះស្រាយ​បញ្ហា​កេីតឡេីង​ប្រហាក់ប្រហែលគ្នានេះ​ជាយថាហេតុ។

ឯកឧត្ដម​ សុខ​ ណា​រិន​ ប្រធានតំណាងអង្គការ​ UNIDO ប្រចាំ​កម្ពុជា​ បានបង្ហាញ​នូវទឹកចិត្តរីករាយ​ចំពោះសមិទ្ធផល​ការងារ​ និងបានរំលេចបន្ថែមថា៖ការិយាល័យអង្គការ UNIDO ប្រចាំនៅប្រទេសឥណ្ឌា ក៏បានរៀប​ចំបង្កើត​វេបផតធល​ដើម្បី​ជួយដល់​សហគ្រាសមីក្រូ តូច​ និងមធ្យម ក្នុងការចាប់ផ្តើម និងស្តារឡើងវិញ ព្រមទាំងធ្វើឱ្យអាជីវកម្ម របស់​ពួកគាត់​ មានភាពល្អប្រសើរឡើង។ វេបផតថលនេះ មានផ្ទុកឯកសារ​ មេរៀន ណែនាំជាក់ស្តែង និងបញ្ជីផ្ទៀងផ្ទាត់ ដែលអាច​ទាញយកបានតាមគេហទំព័រ www.b3cmsme.org។ ឯកសារទាំងនេះ បង្ហាញពីមធ្យោបាយ​នៃការកសាង​ឡើង​វិញ និងកំណត់ផ្នែកអាជីវកម្ម ដែល សហគ្រាសមីក្រូ​​ តូច និង មធ្យមអាចមានសក្តានុពល ក្នុងការ​ធ្វើឱ្យ​ប្រសើរ​ឡើង។ ជាពិសេសមានឯកសារទាក់ទងនឹងការគ្រប់គ្រងផ្នែកប្រតិបត្តិការ កម្លាំងពលកម្ម សុខភាព​ និង សុវត្ថិភាព​ការងារ​។

ឯកសារណែនាំ និង ខិត្តប័ណ្ណបានរៀបចំឡើងជាពិសេស​សម្រាប់ម្ចាស់សហគ្រាស អ្នកគ្រប់គ្រង និង បុគ្គលិក របស់សហគ្រាសខ្នាតតូចបំផុត តូច និង មធ្យម ដែលពួកគាត់ត្រូវការចាំបាច់ក្នុងការស្វែងរក ការណែនាំបង្ហាញផ្លួវ ​និង ដំណោះស្រាយ នៅពេលជំងឺរាតត្បាត ប៉ះពាល់ទៅ​លើ​អាជីវកម្ម​របស់​ពួកគាត់។ ឯកសារទាំងនេះ នឹងជួយ​ឱ្យ​ក្រុមហ៊ុន ឬសហគ្រាសអាចយល់ដឹងនិងរកឃើញនូវចំណុចចាប់ផ្តើម ព្រមទាំង វិធីដើម្បីបន្តស្តារឡើងវិញ ក៏ដូចជា​ការ​បន្តពង្រឹងដំណើរការរៀប​ចំ​ផែន​ការអាជីវកម្មផងដែរ។

ដោយមានការចង្អុលបង្ហាញ​ និង ណែនាំរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ឋ​ ឯកសារណែនាំ និងខិត្ត​ប័ណ្ណ​ទាំងនេះ ត្រូវបានបកប្រែជាភាសាខ្មែរ ដែលសហគ្រាសគ្រប់ប្រភេទអាចយកទៅប្រើប្រាស់បាន។ ឯកសារទាំងនេះ ផ្តល់នូវ​គន្លឹះ ជាច្រើនពីស្តង់ដារ អន្តរជាតិដែលមានស្រាប់ ក៏ដូចជា ប្រភព​ទាក់ទង​នឹង​ការ​កែ​លំអរ​ឧស្សាហកម្ម ដែលសហគ្រាសអាចយកមកប្រើប្រាស់ក្នុងសកម្មភាពប្រតិ្តបត្តិការ និងជួយដោះស្រាយ​ការនូវការ​គំរាម​កំហែង ឬ ការរំខាន ដែលសហគ្រាសអាចនឹងកំពុងប្រឈម។

បន្ថែមលើនេះទៀត អង្គការ យូនីដូ ក៏បានរៀបចំផលិត និង​ផ្សព្វផ្សាយឯកសារមួយទៀតទាក់ទងនឹង​ការវិវត្តន៍​នៃឌីជី​ថល និងការស្តារឧស្សាហកម្មឡើងវិញ ដើម្បីផ្តល់ជាគុណប្រយោជន៍ក្នុងការពិចារណា យកមក​ប្រើប្រាស់​ក្នុងការ​ពន្លឿន ឌីជីថលរូបនីយកម្ម ពិសេសជួយស្តារអាជីវកម្មឱ្យបានកាន់តែឆាប់រហ័ស។ នៅក្នុងក្របខ័ណ្ឌនេះ វិស័យ​សំខាន់ៗ​មួយចំនួន ដែលត្រូវការគាំទ្រដំណើរការវិវត្តន៍នៃឌីជីថល និង ការស្តារឡើងវិញ នៃឧស្សាហកម្មគឺ ការធ្វើ​នវានុវត្តន៍ និង ឌីជីថលរូបនីយកម្ម ការជំរុញការវិនិយោគ និង បច្ចេក វិទ្យា ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការផលិតប្រកបដោយភាពឆ្លាតវៃ​ ។

ជាថ្មីទៀត​ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានសម្តែងនូវទឹកចិត្តរីករាយចំពោះ​កិច្ចសហ​ប្រតិបត្តិ​ការ​ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់អង្គការ​ UNIDO សម្រាប់ចូលរួម​អភិវឌ្ឍន៍​នៅកម្ពុជា​ ។ ជាមួយ​គ្នានេះ​ ក៏​បាន​ណែនាំ​ឲ្យអគ្គនាយកដ្ឋានជំនាញធ្វេីការផ្សព្វផ្សាយឯកសារនេះឲ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយដេីម្បីឲ្​យបាន​ជ្រួត​ជ្រាប​ដល់​ម្ចាស់សហគ្រាស​ខ្នាត​ មីក្រូ​ តូច​និងមធ្យម​ ដេីម្បី​ជាត្រីវិស័យសម្រាប់ពង្រឹង​និងការងេីប​ឡេីងវិញ​នៃ​អាជីវកម្ម​របស់​ពួកគេ​ ។