កិច្ចប្រជុំស្តាប់លទ្ធផលព្រាងរបាយការណ៌ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០២០-២០៣០ ជាមួយអង្គការ UNESCAP

កិច្ចប្រជុំស្តាប់លទ្ធផលព្រាងរបាយការណ៌ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០២០-២០៣០ ជាមួយអង្គការ UNESCAP


កិច្ចប្រជុំស្តាប់លទ្ធផលព្រាងរបាយការណ៌ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០២០-២០៣០ ជាមួយអង្គការ UNESCAP
..................................................................
​ក្នុងទស្សនៈវិស័យគិតគូរប្រកបដោយកិត្តិបណ្ឌិត និងមុតស្រួច នៅចុងឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពីឆ្នាំ២០២០-២០៣០ និងបន្ទាប់មកអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្តូរឈ្មោះទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីខែមីនា ឆ្នាំ២០២០ ។ ហេតុផលនេះ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានស្ថាប័នពាក់ព័ន្ធជាច្រើន មានតួនាទីកាន់តែសំខាន់ក្នុងខឿនសេដ្ឋកិច្ចជាតិ ហើយត្រូវមានផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដើម្បីកំណត់គោលដៅ គោលនយោបាយ និង យុទ្ធសាស្ត្រប្រកបដោយភាពជឿជាក់ ក្នុងន័យឈានឆ្ពោះទៅសម្រេចបានកម្ពុជាជាប្រទេសទទួលបានចំណូល មធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ដូចជាឲ្យមានភាពបន្សីគ្នា ជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលតំណាក់កាលទី៤ និងការអនុវត្តរបៀបវីរៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNESCAP នៅក្នុង​តំបន់អាសុី​ និងប៉ាសុីហ្វិច​ ។ កិច្ចការ​នេះអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈកម្មការសេដ្ឋកិច្ច សង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិចនៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNESCAP បានរៀបចំកិច្ចសម្ភាសន៍ និងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចំនួន០២លើក ជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ មជ្ឈ​មណ្ឌល​ស្រាវជ្រាវ សហ​គ្រាសឯកជន ដៃគូអភិវឌ្ឍ និងគណៈក្រុមប្រឹក្សាពិគ្រោះយោបល់(NCSTI) ដោយសម្រេចបាននូវព្រាងរបាយការណ៌លទ្ធផល​ស្តីពីផែនទីបង្ហាញផ្លូវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍របស់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ (Cambodia STI Roadmap 2020-2030) ។ ជាក់ស្តែងពង្រាងរបាយការណ៍​លទ្ធផលនេះត្រូវបានលើកយកមកបង្ហាញតាមរយៈកិច្ចប្រជុំតាមប្រព័ន្ធ Online នៅរសៀលថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយតំណាងនិងមន្ត្រីជាន់ខ្ពស់របស់អង្គការ ​UNESCAP ​ដែលរួមមានដូចជាលោក Jonathan Wong ប្រធានទទួលបន្ទុកផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ លោក Rafael Torquato Cruz ជាមន្ត្រីគម្រោង និងលោកស្រី Marta Pérez Cusó មន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ជាដើម ។
​មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងទឹកចិត្តរីករាយនិងថ្លែងអំណរគុណចំពោះកិច្ចសហការ និងការគាំទ្ររបស់អង្គការ​​ UNESCAP ដល់កម្ពុជា ជាពិសេស​សេចក្តីព្រាងលទ្ធផលរបាយការណ៌ស្តីពីផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ២០៣០ និងសង្ឃឹមថា៖តាមរយៈកិច្ចប្រជុំនេះយើង​នឹង​ទទួលបានធាតុចូលបន្ថែមទៀត ដើម្បីឲ្យព្រាង​លទ្ធផលរបាយការណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយសុក្រឹត មុនឈានទៅដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាខែក្រោយ ។
​បន្ទាប់មកឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើបទបង្ហាញពីពង្រាងលទ្ធផលរបាយការណ៌ស្តីពីផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០២០-២០៣០ ដែលមានសរសរស្តម្ភសំខាន់ចំនួន០៥ គឺ៖ទី១-ជំរុញអភិបាលកិច្ចប្រព័ន្ធនវានុវត្តន៍ជាតិ ទី២-កសាងសមត្ថភាពធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI)ទី៣-ពង្រឹងសមត្ថភាពស្រាវជ្រាវ និងគុណភាពស្រាវជ្រាវ ទី៤-បង្កើនកិច្ចសហការរវាងក្រសួង និងដៃគូអភិវឌ្ឍ​ ម្ចាស់ជំនួយ វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀត និងទី៥-បង្កបរិស្ថានល្អប្រសើរ សម្រាប់ស្រូបយកសមត្ថភាពនវានុវត្តន៍ ក្នុងវិស័យសហគ្រាសធនតូច និងមធ្យម (SMEs) និងទាញការវិនិយោគផ្នែក STI ។
បន្ទាប់ពីស្តាប់របាយការណ៌លទ្ធផលរួចមក តំណាងអង្គការ​ UNESCAP បានបង្ហាញនូវការគាំទ្រ សហការ ព្រមទាំង បានផ្តល់សារៈសំខាន់ចំពោះការស្នើសុំរបស់ភាគីកម្ពុជា ទាក់ទងការ បណ្តុះបណ្តាលធនធានមនុស្ស ជំនួយបច្ចេកទេស និងរបៀបវារៈការស្រាវជ្រាវ និងអភិវឌ្ឍថ្នាក់ជាតិ ។