កម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការនូវឯកសារ “របៀបវារៈស្រាវជ្រាវជាតិ” ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួង ឧ.វ.ប.ន.

កម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការនូវឯកសារ “របៀបវារៈស្រាវជ្រាវជាតិ” ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួង ឧ.វ.ប.ន.

នារសៀលថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.) បានរៀបចំកម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការនូវឯកសារ “របៀបវារៈស្រាវជ្រាវជាតិ” ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) នៅសាលប្រជុំអង្គរវត្ត (ជាន់ទី៩) នៃទីស្តីការក្រសួង ឧ.វ.ប.ន. និងតាមប្រព័ន្ធ អនឡាញ។
កម្មវិធីនេះ មានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំនិងមន្រ្តីក្រសួង ឧ.វ.ប.ន. និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ (Zoom) ដែលអញ្ជើញមកពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ ស្ថាប័នពាក់ព័ន្ធនានា ប្រមាណ ១៤៤ រូប។ 

កម្មវិធីខាងលើមានគោលបំណង៖
•  ដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ “របៀបវារៈស្រាវជ្រាវជាតិឆ្នាំ ២០២៥”
•  ដើម្បីជំរុញឱ្យក្រសួង ស្ថាប័ន ទីភ្នាក់ងាររដ្ឋាភិបាល សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ វិស័យឯកជន  ដៃគូអភិវឌ្ឍន៍នានា រួមគ្នា និងត្រៀមខ្លួនក្នុងការចូលរួមអនុវត្ត«របៀបវារៈស្រាវជ្រាវជាតិឆ្នាំ ២០២៥» ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន គណនេយ្យភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

របៀបវារៈស្រាវជ្រាវជាតិ នេះគឺជាឯកសារណែនាំ ដ៏សំខាន់ដែលមានគោលបំណងផ្ដល់ការលើកទឹកចិត្ត និងលើកកម្ពស់ការស្រាវជ្រាវនិង អភិវឌ្ឍន៍ សំដៅរួមចំណែក ដល់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ រួមទាំងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអានុវត្តន៍ កម្ពុជា ២០៣០ ដែរជាការបន្ថែមពីលើការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។